ចូលចិត្តទំនើប

ទីកន្លែងកម្សាន្តដ៏ល្អបំផុតទាំង 7 នៅក្បែរៗទីក្រុងភ្នំពេញយើងហ្នឹង!

ដោយ: ភារុន 8 AM, Thursday, 30 May, 2019

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ដូច្នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ក៏អាចធ្វើដំណើរកម្សាន្តបានគ្រប់ទិសទី នៅក្នុងតំបន់ទេសចរណ៍ដ៏សម្បូរបែប ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៏ និងតំបន់ទេសចរណ៍កែច្នៃ រាប់រយកន្លែងនៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះ តំបន់ជាច្រើន ដែលមានទីតាំងស្ថិតនៅក្បែរៗទីក្រុងភ្នំពេញ ក៏ជាកន្លែងដើរកម្សាន្តដ៏ល្អបំផុត ហើយអ្នកគ្រាន់តែចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ សម្រាប់ទៅកម្សាន្ត ឬ ពិកនិចជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ ហើយនៅពេលល្ងាច អ្នកក៏អាចត្រឡប់មកទីក្រុងភ្នំពេញវិញបាន។ ម្យ៉ាងទៀត ប្រជាពលរដ្ឋកម្ពុជាតែងតែ នាំគ្នាទៅកម្សាន្តនៅទីកន្លែង ដែលមានទីតាំងក្បែរៗទីក្រុងភ្នំពេញផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំទីកន្លែងចំនួន 7 ដែលមានទីតាំងក្បែរៗទីក្រុងភ្នំពេញ ដែលមានដូចជា៖
1. កោះ ដាច់
កោះដាច់ មានទីតាំងនៅតាមបណ្តោយទន្លេមេគង្គ ដែលត្រូវធ្វើដំណើរប្រហែលរយះពេលមួយម៉ោង ដោយជិះសាឡាងពីទីក្រុងភ្នំពេញ។ ប្រសិនបើ អ្នកមានចំណាប់អារម្មណ៍ទៅលើការត្បាញសូត្រ អ្នកអាចចំណាយពេលកន្លះថ្ងៃ ក្នុងការដើរកម្សាន្តនៅក្នុងភូមិតម្បាញ នៅលើកោះដាច់នេះ។ ភូមិតម្បាញ គឺជាភូមិដាច់ស្រយាលមួយ ដែលអ្នកក្នុងភូមិស្ទើរតែគ្រប់គ្នាប្រកបរបរត្បាញសូត្រ ហើយចំពោះទេសភាពនៅលើកោះនេះ ក៏ល្អឥតខ្ជោះ ដើម្បីមកកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមួយមិត្តភក្តិផងដែរ។

2. ភ្នំ ឧដុង្គ
ឧដុង្គ គឺជារាជធានីមួយនៃប្រទេសកម្ពុជាកាលពីសតវត្សទី 17 រហូតមកដល់ឆ្នាំ 1866 ទើបមានការផ្លាស់រាជធានីមកទីក្រុងភ្នំពេញនេះឯង។ អ្នកអាចធ្វើដំណើរទៅតាមផ្លូវជាតិលេខ 5 នឹងអាចទៅដល់ទីតាំងភ្នំ ឧដុង្គ លើសពីនេះ ភ្នំ ឧដុង្គ ក៏មានប្រាសាទ និងចេតិយចំនាស់ៗមួយចំនួន ដែលនៅសេសសល់តាំងពីសម័យបូរាណមក ហើយទាំងនេះ គឺពិតជាកន្លែងប្រវត្តិសាស្រ្តមួយដ៏អស្ចារ្យ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

3. ភ្នំ ដា ឬ អង្គរបុរី (ខេត្ត តាកែវ)
អ្នកត្រូវចំណាយពេលប្រហែល 2 ម៉ោង ពីភាគខាងត្បូងនៃទីក្រុងភ្នំពេញ ដើម្បីអាចទៅដល់ភ្នំដា ខេត្តតាកែវ។ ភ្នំនេះមានប្រជាជនខ្មែររស់នៅអស់រយៈពេលជាច្រើនសតវត្សកន្លងមកហើយ យ៉ាងហោចណាស់ក៏ 2500 ឆ្នាំមុនមកដែរ ហើយនៅទីនេះមានប្រាសាទដ៏ចំនាស់មួយ ដែលបានកសាងឡើងនៅចុងស.វទី 7 និងដើមស.វទី 8 នៅអំឡុងសម័យចេនឡា ដែលជាសម័យមុនអង្គរ។ ម្យ៉ាងទៀត ប្រាសាទនេះក៏មានចម្លាក់ខ្លះៗ ដែលនៅមានសភាពល្អ ហើយវាអាចបង្ហាញឱ្យយើងយល់ដឹងខ្លះៗពីសញ្ញានៃឥទ្ធិពលរបស់ខ្មែរនៅសម័យ ចេនឡា (សតវត្សទី 8)។

4. ភ្នំ ជីសូ
ភ្នំ ជីសូ ស្ថិតនៅក្នុងខេត្តតាកែវ ហើយអ្នកត្រូវចំណាយពេលប្រហែល 2 ម៉ោងពីរាជធានីភ្នំពេញ។ នៅ ភ្នំជីសូ មានប្រាសាទមួយ ដែលប្រសាទនេះ ត្រូវបានសាងសង់ក្រោមព្រះបាទសូរ្យវរ្ម័នទី 1 នៅក្នុងអំឡុងពេលដ៏រុងរឿងនៃអាណាចក្រខ្មែរ កាលពីសម័យអង្គរ។ លើសពីនេះ នៅក្នុងសម័យអង្គរ ប្រាសាទភាគច្រើន គឺសង់ឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ និងព្រះវិស្ណុ ដែលស្ថិតនៅក្នុងសាសនាហិណ្ឌូ។ រូបព្រះសិវៈ និងព្រះវិស្ណុ នៅតែអាចមើលឃើញនៅលើចម្លាក់ ដែលបានឆ្លាក់នៅលើធ្នឹមនៃប្រាសាទនេះ ទាំងនេះជាភស្តុតាង ដែលបង្ហាញឱ្យយើងយល់ដឹងខ្លះៗពីសម័យកាលនោះ។

5. ប្រាសាទ នាងខ្មៅ ខេត្តតាកែវ
ប្រសិនបើ អ្នកជិះតាមផ្លូវជាតិលេខ 2 នឹងចំណាយពេលប្រហែល មួយម៉ោងកន្លះពីភាគខាងត្បូងរាជធានីភ្នំពេញ។ ប្រាសាទ នាងខ្មៅ មានចំនួនពីរ នៅជិតគ្នា ដែលត្រូវបានកសាងឡើងនៅសម័យអង្គរក្នុងសតវត្សទី 10 ក្រោមរាជ្យព្រះបាទជ័យវរ្ម័នទី 4 ហើយប្រាសាទនេះសង់ឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈនៃ សាសនាហិណ្ឌូ។

6. ទន្លេ បាទី ខេត្ត តាកែវ
បើចង់ទៅដល់ទន្លេ បាទី អ្នកត្រូវចំណាយពេលប្រហែលមួយម៉ោង នៅតាមផ្លូវជាតិលេខ 2 ពីភាគខាងត្បូងរាជធានី ភ្នំពេញ។ ទន្លេបាទី គឺជាបឹងតូចមួយ និងមានអាហារស្ថាន ដែលផ្តល់ជាកញ្ចុះសម្រាប់អង្គុយញុំាអាហារដ៏សែនឆ្ងាញ់ជាច្រើនដែលអ្នកស្រុករស់នៅទីនោះបានបើកលក់។ នៅតាមផ្លូវទៅកាន់ទន្លេបាទី មានប្រាសាទដែលសង់នៅសម័យអង្គរពីរគឺ ប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ។ ហើយប្រាសាទទាំងពីរ ត្រូវបានកសាងឡើង នៅសម័យព្រះបាទជ័យវរ្ម័នទី 7 ចុងស.វទី 12 អំឡុងពេលដូចគ្នា និងប្រាសាទបាយ័ន និងអង្គរធំនៅខេត្តសៀមរាប ចំណែកប្រាសាទយាយពៅ គឺជាប៉មធ្វើពីថ្មភក់ដ៏ស្រស់ស្អាត និងជាប្រាសាទ ដែលត្រូវបានបន្សល់ទុក រហូតមកដល់ពេលបច្ចុប្បន្ននេះ។

7. សួនសត្វ ភ្នំតាម៉ៅ
តំបន់ ភ្នំតាម៉ៅ គឺជាគោលដៅទេសចរណ៍មួយដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជានៅថ្ងៃឈប់សម្រាកនាចុងសប្តាហ៍។ អ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ 2 ប្រហែលចម្ងាយ 39km ពីភាគខាងត្បូងទីក្រុងភ្នំពេញ នឹងទៅដល់ភ្នំតាម៉ៅ។ សម្រាប់សួនសត្វ ភ្នំតាម៉ៅ គឺជាសួនសត្វទីមួយរបស់ប្រទេសកម្ពុជា ដែលកសាងឡើងដ៏ល្អបំផុត ហើយមានសត្វជាច្រើនប្រភេទដែលបានយកមកពីបរទេសខ្លះ និងនៅក្នុងស្រុកខ្លះ៕

ប្រភព: canbypublications ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ព្រៃដ៏ស្អាតបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 28 Aug, 2018

កាលដើមឡើយមនុស្សរាប់លានអ្នកទូទាំងពិភពលោកពឹងផ្អែកលើព្រៃឈើសម្រាប់ធ្វើជាអាហារ ឱសថ និងទីជម្រក។ ហើយវប្បធម៌នៃ សហគមន៍និមួយៗត្រូវបានបង្កើតឡើងដោយសារទំនាក់ទំន...

2 ថ្ងៃ 2យប់ នៅយ៉ាងហ្គូន៖ ដំណើរកម្សាន្តទេសចរណ៍បែបសាសនា

ដោយ: ទំនើប 7 AM, Friday, 11 May, 2018

តើលោកអ្នកដឹងទេ ពេលនេះលោកអ្នកអាចធ្វើដំណើរត្រឹមតែ 2ថ្ងៃ 2យប់ ទៅកាន់ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា(ពីមុនហៅថា ភូមា) ដើម្បីទៅទស្សនាទីកន្លែងដ៏ស័ក្តិសិ...

គន្លឹះ 5 យ៉ាង អំពីរបៀបធ្វើដំណើរកម្សាន្ត ដូចជាអ្នកនៅស្រុក ឬតំបន់នោះ

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

«ធ្វើខ្លួនជាអ្នកដំណើរ មិនមែនជាអ្នកទេសចរណ៍ទេ» ពាក្យនេះចង់បានន័យថា ទោះបីជាយើងជាអ្នកទេសចរ ដែលធ្វើដំណើរកម្សាន្តទៅកាន់តំបន់របស់ណាមួយក៏ដោយ ក៏យើងមិនត្រូវត...

Skyli ផ្ទះសំណាក់លើភ្នំ អាចទ្រាំទ្រនឹងអាកាសធាតុអាក្រក់

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 10 Jan, 2018

ក្រុមហ៊ុន Utopia Arkitekter បានរចនាម៉ូដផ្ទះសំណាក់ ទម្រង់ដូចជាតង់ ដែលអាចផ្តល់នូវទីស្នាក់ អាស្រ័យដ៏កក់ក្តៅ សម្រាប់អ្នកដំណើរនៅតាមតំបន់ភ្នំ។ផ្ទះសំណាក់ច...

Tomnerb.Com - YouTube Channel