ចូលចិត្តទំនើប

តោះ! ជិតចូលឆ្នាំខ្មែរហើយ ម្នាក់ៗមានគម្រោងធ្វើអ្វីខ្លះ?

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យជាតិរបស់ខ្មែរយើង ហើយក៏ជាពេលវេលាឈប់សម្រាក ដ៏សប្បាយរីករាយផងដែរ។ តាមទំនៀមទំលាប់ ប្រជាជនខ្មែរយើង នឹងរៀបចំ គ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មី ហើយក្នុងឆ្នាំនេះទេវតាឆ្នាំថ្មី គឺជាទេវតាឆ្នាំ កុរ ។ ដូច្នេះបន្ទាប់ពីរៀបចំសែនព្រេនទទួលទេវតារួចរាល់ យើងម្នាក់ៗរៀបចំម្ហូបអាហារ ទៀន ធូប ផ្កាភ្ញី ដើម្បីធ្វើជាចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមនានា ប៉ុន្តែសូមកុំភ្លេចព្រះរស់នៅផ្ទះណា! ការរៀបរាប់ខាងលើ ជាពិធីបែបប្រពៃណី ទំនៀមទំលាប់ បន្ទាប់ពីនោះ គឺការចូលរួមសប្បាយរីករាយ ខុសៗគ្នាទៅតាមចំណង់ចំណូលចិត្ត របស់ខ្លួនយើងម្នាក់ៗរៀងៗខ្លួន។ តើម្នាក់ៗមានគម្រោងធ្វើអ្វីខ្លះ នាឱកាសពិធីបុណ្យដ៏អធិកអធមនេះ? ជាធម្មតា ប្រជាជនខ្មែរយើងទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ នឹងបានឈប់សម្រាកពីការងារ និងការសិក្សា ដើម្បីមកជួបជុំក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយ ហើយអ្នកខ្លះបានឈប់សម្រាកចំនួន 3ថ្ងៃ ហើយអ្នកខ្លះក៏បានឈប់រហូតដល់ 4ថ្ងៃ និងអ្នកខ្លះទៀតក៏បានឈប់សម្រាកយូរជាងនេះក៏មាន ប៉ុន្តែរយៈឈប់សម្រាកវែង ឬខ្លីមិនសំខាន់ គឺសំខាន់ត្រង់យើង ម្នាក់ៗចេះរៀបចំពេលវេលានេះឱ្យបានល្អបំផុត។ តើមិត្តអ្នកអាន មិនទាន់ដឹងថាគួរធ្វើអ្វី សម្រាប់រយៈពេលឈប់សម្រាកមែនទេ? អញ្ចឹង ទំនើប សូមចូលខ្លួនមកផ្តល់មតិយោបល់ត្រួសៗមួយចំនួន ថាមិនត្រូវមិត្តៗអ្នកអាន អាចចាប់អារម្មណ៍ក៏ថាបាន!

• សម្រាប់អ្នកចូលចិត្តភាពអ៊ូអរ
បើសិនជាអ្នកចូលចិត្តបរិយាកាសអ៊ូអរ អ្នកអាចចូលរួមកំសាន្ត នៅតាមទីវត្តអារាម (តាមជនបទ) ដែលមានការជួបជុំគ្នា លេងល្បែងប្រជាប្រិយ រាំលេងកំសាន្ត និងសកម្មភាពសប្បាយៗជាច្រើនទៀត។ យ៉ាងណាមិញ មានគោលដៅទេសចរណ៍សំខាន់ៗ ដែលអ្នកអាចលំហែរ បានតាមបណ្តាខេត្ត ដូចជា សៀមរាប កំពង់សោម កែប កំពត ភ្នំបូកគោ…ជាដើម។ ឆ្នាំថ្មីនេះ ក៏ដូចជាប៉ុន្មានឆ្នាំមុនដែរ គឺប្រាកដណាស់នៅសៀមរាប នឹងមានរៀបចំកម្មវិធីកំសាន្តដ៏ធំមួយនោះគឺ អង្គរសង្រ្កាន្ត ដែលមានអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់។ អង្គរសង្រ្កាន្ត ជាកម្មវិធីបង្ហាញពីសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ ដែលមានការកំសាន្តចម្រុះ។ លើសពីនេះ អ្នកក៏អាចដើរកំសាន្ត តាមប្រាសាទបូរាណនានា នៅពេលថ្ងៃ ហើយពេលយប់ក៏អាចចូលរួមកំសាន្តសប្បាយនៅផ្សារាត្រី និង Pubstreet ផងដែរ។ ប៉ុន្តែ ដើម្បីជៀសវាងអត់មានកន្លែងស្នាក់នៅ យើងសូមណែនាំឱ្យ អ្នកត្រូវកក់បន្ទប់គេងជាមុន ព្រោះដោយសារមនុស្សច្រើន អ្នកអាចជួបប្រទះបញ្ហាគ្មានកន្លែងស្នាក់នៅ។ ក្រៅពីខេត្តសៀមរាប ឆ្នាំថ្មីនេះក៏មានខេត្តដទៃទៀត ដែលធ្វើការរៀបចំ សង្រ្កាន្តឆ្នាំថ្មី ដូចជា ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កោះកុង….ជាដើម។

• សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់
បើអ្នកមិនចូលចិត្តទីកន្លែង ដែលមានមនុស្សច្រើន អ្នកអាចជ្រើសរើសការកំសាន្ត នៅតាមស្រុកកំណើត រមណីយដ្ឋានក្បែរៗភ្នំពេញ ឬនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តងក៏បាន។ នៅស្រុកកំណើតអ្នកអាចកំសាន្តសប្បាយ ជាមួយញាតិមិត្តបងប្អូននៅក្នុងភូមិ ឬនៅតាមវត្តអារាមក្នុងភូមិ។ រីឯរមណីយដ្ឋានក្បែរៗភ្នំពេញដូចជា ភូមិត្នោត ទន្លេបាទី ភ្នំតាម៉ៅ ភ្នំឧត្តុង្គ ភ្នំជីសូ… ក៏ផ្តល់ការកំសាន្តរីករាយមួយបែបដែរ ចំណែកនៅភ្នំពេញក៏មិនអន់ដែរ នៅតាមផ្សារទំនើបធំៗដូចជា Aeon, TK Avenue, ផ្សារសូរិយា ផ្សារសុវណ្ណា ក៏មានការកំសាន្តបែបប្រជាប្រិយផងដែរ។ ហើយជម្រើសល្អមួយទៀត សម្រាប់អ្នកនៅក្នុងទីក្រុង គឺការទស្សនាភាពយន្ត នៅតាមរោងភាពយន្តធំៗដូចជា Legend Cinema, Platinum Cineplex Cinema, Major Cineplex Cinema ដែលមានបញ្ចាំងទាំងភាពយន្តខ្មែរ ភាពយន្តបរទេសល្បីៗ ជាពិសេសភាពយន្តហូលីវូដល្បីៗថ្មីៗ ជាច្រើនផងដែរ។

• ប្រការគួរប្រុងប្រយ័ត្ន
បុណ្យចូលឆ្នាំថ្មី ជាពេលវេលាឈប់សម្រាកជួបជុំគ្រួសារ ដ៏រីករាយ ប៉ុន្តែអ្នកមិនគួរធ្វេសប្រហែសនោះទេ ព្រោះហេតុការណ៍អាក្រក់អាចកើតឡើងជាយថាហេតុ។ ដូច្នេះដំណើរកំសាន្តទោះបីទីជិត ឬទីឆ្ងាយ ត្រូវគិតគូរពីសុវត្ថិភាពជាចម្បង គោរពច្បាប់ចរាចរណ៍ យល់អធ្យាស្រ័យគ្នា ជាទង្វើដែលអ្នកគួរប្រព្រឹត្ត ម្យ៉ាងទៀត មុនចេញដំណើរទៅទីណា សូមពិនិត្យភ្លើងទៀនធូប និងភ្លើងអគ្គិសនីឱ្យបានដិតដល់ និងប្រុងប្រយ័ត្ន។ លើសពីនេះ ក្រសួងធនធានទឹក ក៏បានប្រកាសថា នៅទូទាំងប្រទេសកម្ពុជាយើង នឹងមានអាកាសធាតុក្តៅខ្លាំង ដូច្នេះសូមប្រយ័ត្នប្រយែង ថែរក្សាសុខភាពទាំងអស់គ្នាឱ្យមែនទែន។

ជាចុងក្រោយ កុ្រមការងារគេហទំព័រ ទំនើប សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសំណាងល្អ សប្បាយរីករាយ និងសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរកំសាន្ត នាឱកាសឆ្នាំថ្មីនេះ។ រីករាយឆ្នាំថ្មីទាំងអស់គ្នា!

ប្រភព: tomnerb ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

នៅប្រទេសប៉េរូ ល្បីមានទិសដៅដ៏អស្ចារ្យជាច្រើនទៀត ក្រៅពីទីក្រុងខ្មោច Machu Picchu

ដោយ: ភារុន 8 AM, Friday, 26 Apr, 2019

ទីក្រុងខ្មោច Machu Picchu គឺជាទីក្រុងដែលមានភាពល្បីល្បាយខ្លាំងណាស់ សូម្បីសៀវភៅរៀនភាសាអង់គ្លេសក៏បានលើកយកនូវទិដ្ឋភាពនៃទីក្រុងខ្មោចនេះមកពិពណ៌នាផងដែរ។ ហ...

នៅសុខៗ ស្រាប់តែឃ្លានអាហារ ជប៉ុន

ដោយ: ស. លីង 9 PM, Sunday, 26 Feb, 2017

ក្នុងនាមជាអ្នកសរសេរព័ត៌មាន នាងខ្ញុំតែងតែព្យាយាមស្វែងរក អត្ថបទថ្មី និងប្លែក។ ពេលដែលគិតរកប្រធានបទថ្មី ស្រាប់តែនឹកឃើញអាហារជប៉ុន ហើយក៏ប្រទះឃើញរូបភាពអាហ...

ស្ទើរមិនគួរឱ្យជឿ! ទិសដៅទាំង 7 កន្លែងនេះមានពណ៌ស្អាតដូចឥន្ទធនូ

ដោយ: ភារុន 1 PM, Monday, 03 Dec, 2018

នៅពេលអ្នកបានឃើញរូបថតរបស់ទីកន្លែងមានពណ៌ចម្រុះទាំងនេះហើយ អ្នកនឹងគិតថាវាត្រូវបានកែសម្រួលយ៉ាងខ្លាំងដោយកម្មវិធីកែសម្រួលជាក់ជាមិនខានឡើយ។ អ្នកច្បាស់ជាឆ្ងល...

តោះ! មកមើលរូបថត 19 សន្លឹកដ៏អស្ចារ្យពីកន្លែងស្អាតៗ ដូចឋានសួគ៌ ដែលអ្នកមិនជឿថា មានពិតនៅលើភពផែនដី

ដោយ: ភារុន 8 AM, Monday, 11 Mar, 2019

ភពផែនដីរបស់យើងនេះ កើតមានឡើងតាំងពីរាប់ពាន់លានឆ្នាំមុនមកម្ល៉េះ។ ហើយពិភពលោកនេះ ពិតជាធំធេងខ្លាំងណាស់ និងសម្បូរទៅដោយទីកន្លែងដ៏ស្រស់ស្អាត សូម្បីតែអាចប្រៀ...

Tomnerb.Com - YouTube Channel