ចូលចិត្តទំនើប

ស្ពានល្បីៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 4 PM, Wednesday, 12 Jul, 2017

មនុស្សប្រើប្រាស់សា្ថបត្យកម្មសំណង់ស្ពាន ដើម្បីតភ្ជាប់ចន្លោះដែលជាឧបសគ្គ នៃការធ្វើដំណើរ។ ស្ពានទាំងនោះភាគច្រើន ត្រូវបានចាត់ទុកជាសញ្ញាសម្គាល់ និងជាចំណុចដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធ នៃតំបន់ណាមួយនៅលើពិភពលោក។ ចំណែកស្ពានមួយចំនួនទៀត បានក្លាយជានិមិត្តរូបនៃ ទីក្រុង ដោយសារវាជះឥទ្ធិពល និងជាអច្ឆរិយនៃវិស្វកម្ម។ ខាងក្រោមនេះជាបញ្ជីនៃឈ្មោះស្ពានល្បី ល្បាញ នៅលើពិភពលោក។

Sydney Harbour Bridge

គឺជាទីតាំងមួយដ៏ល្បីល្បាញ និងទាក់ទាញនៅក្នុងប្រទេសអូស្រា្តលី។ ស្ពាននេះជាស្ពានដែកធំជាងគេនៅលើពិភពលោក ដោយនៅផ្នែកកំពូលនៃស្ពានមានកម្ពស់ 134 ម៉ែត្រនៅលើកំពង់ផែ Sydney Harbour។ វាត្រូវបានចំណាយពេលអស់ 8ឆ្នាំ សម្រាប់ការសាងសង់ និងបើកសម្ភោធនៅក្នុងខែមីនា ឆ្នាំ 1932។ ដោយសារដែក អាចពង្រីក ឬ រួមមាឌអាស្រ័យលើអាកាសធាតុក្តៅ ឬត្រជាក់ ដូច្នេះស្ពានមួយនេះអាចលូតកម្ពស់ ឬ ធ្លាក់ចុះក្នុងចន្លោះ 18 សង់ទីម៉ែត្រ។

Loget-Bridge-in-The-World-Tomnerb-01

Stari Most

ឬហៅថា The Old Bridge គឺជាស្ពានដ៏ល្បីមួយខ្សែឆ្លងកាត់ទន្លេ Neretva នៅក្នុងទីក្រុង Mostar ក្នុងប្រទេស Bosnia and Herzegovina។ វាត្រូវបានសាងសង់ឡើងដោយ Ottaman Turks ក្នុងឆ្នាំ 1566 និងបានឈរលើទីតាំងនេះអស់ពេល 427 ឆ្នាំ រហូតដល់ពេលស្ពាននេះត្រូវបានបំផ្លាញនៅ ក្នុងឆ្នាំ 1993 អំឡុងពេលសង្គ្រាម Bosnia។ ក្រោយមកវាត្រូវបានសាងសង់ឡើងវិញ និងបើកឱ្យ ដំណើរការនៅក្នុងឆ្នាំ 2004។ វាជាប្រពៃណីមួយរបស់ប្រជាជននៅក្នុងទីក្រុងនេះ ដោយក្មេងប្រុសជំទង់ត្រូវលោតពីលើស្ពានទៅក្នុងទន្លេ Neretva។ ដោយសារតែទឹកទន្លេត្រជាក់ខ្លាំង វាគឺជារឿងដ៏គ្រោះថ្នាក់មួយ ហើយមានតែអ្នកដែលមានជំនាញ និងបានទទួលការបណ្តុះបណ្តាលជំនាញមុជទឹក ទើបហ៊ានលោត។

Loget-Bridge-in-The-World-Tomnerb-02

Si-o-se Pol

ឬហៅថា The Bridge of 33 Arches គឺជាស្ពានដ៏ល្បីល្បាញមួយនៅក្នុងទីក្រុង Isfahan នៃប្រទេសអ៊ីរ៉ង់។ វាស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ ដោយវាជាស្ពានមួយនៅក្នុងចំណោមស្ពានល្បីៗដែលជាស្នាដៃរចនារបស់ Safavid។ នៅក្រោមបញ្ជារនៅក្នុងឆ្នាំ 1602 របស់ Shah Abbas I ស្ពាន នេះត្រូវបានសាងសង់ឡើងពីដុំឥដ្ឋ និងថ្ម។ វាមានប្រវែង 265 ម៉ែត្រ និងមានទទឹង 13.75 ម៉ែត្រ។ ដើមឡើយស្ពាននេះ មានគម្រោងសាងសង់ជាមួយក្លោងទ្វារចំនួន 40 ប៉ុន្តែចុងក្រោយចំនួនតួលេខត្រូវបានកាត់បន្ថយមកនៅត្រឹម 33 ក្លោងទ្វារ។

Loget-Bridge-in-The-World-Tomnerb-03

Akashi-Kaikyo Bridge

ក៏អាចហៅថា Pearl Bridge គឺជាស្ពានខ្សែយោងប្រវែង 1,991 ម៉ែត្រ វែងជាងគេ នៅក្នុងពិភពលោក។ វាលាតសន្ធឹងនៅក្នុងតំបន់ Akashi Strait ក្នុងប្រទេសជប៉ុន តភ្ជាប់តំបន់ Kobe នៅលើដីគោក និងតំបន់ Iwaya នៅលើកោះ Awayi Island។ វាត្រូវបានចំណាយពេលជិត 12 ឆ្នាំក្នុងការសាងសង់ និងត្រូវបានបើកសម្រាប់ចរាចរណ៍នៅក្នុងឆ្នាំ 1998។ ដើមឡើយស្ពាននេះមានប្រវែងត្រឹមតែ 1,990 ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែដោយសារគ្រោះរញ្ជួយដីនៅក្នុងតំបន់ Kobe កាលពីថ្ងៃទី17 ខែមករា ឆ្នាំ 1995 បានរំកិលប៉មទាំងពីរ ដូច្នេះវាត្រូវបន្ថែមប្រវែងមួយម៉ែត្រទៀត។

Loget-Bridge-in-The-World-Tomnerb-04

Rialto Bridge

នេះគឺជាស្ពានមួយក្នុងចំណោមស្ពានទាំងបួនតភ្ជាប់ Grand Canal ក្នុងទីក្រុង Venice របស់ប្រទេសអ៊ីតាលី។ វាជាស្ពានចំណាស់ជាងគេឆ្លងកាត់លើព្រែកជីក។ ស្ពានថ្មនាពេលបច្ចុប្បន្ន ត្រូវបានរចនាម៉ូដដោយ Antonio da Ponte ត្រូវបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ 1591 និងត្រូវបានប្រើប្រាស់ជំនួសស្ពានឈើ ដែលបានដួលរលំនៅក្នុងឆ្នាំ 1524។ វិស្វកម្មនៃស្ពានមួយខ្សែនេះត្រូវបានគេចាត់ទុកថាមានភាពជឿនលឿនខ្លាំង ដែលនាំឱ្យវិស្វករមួយចំនួនបានស្មានទុកពីការដួលរលំនាពេលអនាគត។ ប៉ុន្តែវាបានយកឈ្នះលើការរិះគន់ទាំងនោះ ដោយបានក្លាយជាស្ពានមួយដែលជានិមិត្តរូប នៃស្ថាបត្យកម្មនៃទីក្រុង Venice។

Loget-Bridge-in-The-World-Tomnerb-05

Charles Bridge

គឺជាស្ពានថ្ម Gothic ដែលឆ្លងកាត់លើទន្លេ Vltava នៅក្នុងទីក្រុង Prague ក្នុងសាធារណរដ្ឋឆេក។ ការសាងសង់បានចាប់ផ្តើមក្នុងឆ្នាំ 1357 ក្រោមការទំនុកបម្រុងរបស់ King Charles IV និងបានបញ្ចប់នៅដើមសតវត្សន៍ទី15។ ដោយសារវាជាមធ្យោបាយតែមួយគត់ សម្រាប់ឆ្លងកាត់ទន្លេ Vlatva ស្ពាននេះមានសារៈសំខាន់បំផុត ក្នុងការតភ្ជាប់ទីក្រុង Old Town និងតំបន់នៅជុំវិញប្រាសាទ Prague។ ស្ពាននេះជាតំណភ្ជាប់ទំនាក់ទំនងដ៏សំខាន់ ដោយដើរតួនាទីជាផ្លូវពាណិជ្ជកម្មរវាងអឺរ៉ុបខាងកើត និងខាងលិច។ សព្វថ្ងៃនេះ ស្ពាននេះបានក្លាយជាតំបន់ដ៏ទាក់ទាញ នៅក្នុងទីក្រុង Prague សម្រាប់វិចិត្រករ អ្នកជំនួញ រួមជាមួយនឹងអ្នកទេសចរណ៍ជាច្រើន។

Loget-Bridge-in-The-World-Tomnerb-06

Tower Bridge

គឺជាការរួមបញ្ចូលគ្នា នៃស្ពានខ្សែកាប និងស្ពានខ្សែយោង នៅក្នុងទីក្រុងឡុងដ៍ ឆ្លងកាត់លើទន្លេ Thames។ វានៅជិតនឹង Tower of London ដែលបានក្លាយជាឈ្មោះរបស់ស្ពាននេះផងដែរ ហើយវាក៏បានក្លាយជានិមិត្តរូប នៃទីក្រុងឡុងដ៍ផងដែរ។ ការសាងសង់បានចាប់ផ្តើមក្នុងឆ្នាំ 1886 ហើយវា ប្រើរយៈពេល 8 ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ ស្ពានមួយខ្សែនេះមានប៉មចំនួនពីរ ដែលត្រូវ បានភ្ជាប់ គ្នានៅផ្នែកខាងលើ ដោយតំណភ្ជាប់នេះជាផ្លូវសម្រាប់ថ្មើរជើង ដែលការរចនានេះដើម្បីទប់ ទល់នឹង កម្លាំងនៃខ្សែយោងរបស់ស្ពាន។

Loget-Bridge-in-The-World-Tomnerb-07

Millau Bridge

គឺជាស្ពានខ្សែកាបដ៏ធំមួយ ប្រើប្រាស់ជាស្ពាន និងផ្លូវ ដែលលាតសន្ធឹងលើជ្រលងទន្លេ Tarn នៅជិត តំបន់ Millau នៅភាគខាងត្បូងប្រទេសបារាំង។ វាជាស្ពានដែលមានកម្ពស់ខ្ពស់ជាងគេ នៅក្នុងពិភព លោក ដែលមានសសរកម្ពស់ 343 ម៉ែត្រ ខ្ពស់ជាង Eiffel Tower បន្តិច។ ល្បឿនកំណត់នៅលើស្ពានត្រូវបានបន្ថយពី 130 km/h មកនៅត្រឹម 110 km/h ព្រោះចរាចរណ៍ត្រូវបានបន្ថយល្បឿន ដោយសារ អ្នកទេសចរណ៍ផ្តិតយករូបភាពស្ពាន ពីក្នុងយានយន្ត។

Loget-Bridge-in-The-World-Tomnerb-08

Golden Gate Bridge

វាជាស្ពានយោងមួយឆ្លងកាត់តំបន់ Golden Gate ជាស្ពានភ្ជាប់ទីក្រុង San Francisco និងទីក្រុង Martin County ទៅកាន់ទិសខាងជើង។ ស្ពាននេះបានចំណាយពេលអស់ 7 ឆ្នាំសម្រាប់ការសាងសង់ និងបានបញ្ចប់នៅក្នុងឆ្នាំ 1937។ វាជាស្ពានខ្សែយោងវែងជាងគេ នៅក្នុងពិភពលោក នៅពេល ការសាងសង់បានបញ្ចប់ ហើយវាបានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ ដ៏មានប្រជាប្រិយភាព មួយនៅក្នុងទីក្រុង San Francisco និង California។ ចាប់តាំងពីការសាងសង់បានបញ្ចប់ ប្រវែង ដ៏វែងរបស់ស្ពាននេះត្រូវបានស្ពានចំនួន 8 ទៀតយកឈ្នះ។ ពណ៌ក្រហម បែកទឹកក្រូចរបស់តួស្ពាន ត្រូវបានជ្រើសរើសយ៉ាងពិសេស ដើម្បីឱ្យទិដ្ឋភាពស្ពានលេចត្រដែតឡើង ទោះស្ថិតនៅក្នុងអព្ទក្រាស់ក្តី។

Loget-Bridge-in-The-World-Tomnerb-09

Ponte Vecchio

ប្រែមកថាស្ពានចាស់ គឺជាស្ពាននៅក្នុងសម័យកាល Medieval ឆ្លងកាត់ទន្លេ Arno ក្នុងទីក្រុង Florence ដែលជាស្ពានតែមួយគត់នៅសេសសល់ បន្ទាប់ពីឆ្លងកាត់សង្គ្រាមលោកលើកទី2។ ស្ពាន នេះមានភាពល្បីល្បាញ ដោយសារវានៅតែមានហាងជាច្រើន សង់អបជាមួយនឹងតួស្ពាន ដែលនេះជារចនាបទទូទៅមួយនៅក្នុងយុគ Medici។ ភាគច្រើនអ្នកលក់សាច់ ជាម្ចាស់ហាងទាំងនោះកាលពី សម័យកាលនោះ ហើយបច្ចុប្បន្នហាងទាំងនោះ គឺជាហាងលក់គ្រឿងអលង្ការ វត្ថុសិល្បៈ និងវត្ថុអនុស្សាវរីយ៍។ គេបាននិយាយថាគោលគំនិតនៃពាក្យ ក្ស័យធន មានដើមកំណើតនៅទីនេះ។ នៅពេលអ្នកជំនួញមិនអាចសងប្រាក់កំចី តុដែលគាត់ដាក់តាំងលក់ទំនិញ ត្រូវបានវាយកម្ទេចដោយក្រុមទាហាន ហើយសកម្មភាពនេះត្រូវបានហៅថា Bancorotto (Broken table)។

Loget-Bridge-in-The-World-Tomnerb-010

អត្ថបទអ្នកចង់អាន

ទីកន្លែងទាំង 9 សក្តិសមសម្រាប់ការអានសៀវភៅ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018

វិស្សមកាលគឺជាពេលវេលាដ៏ពិសេសសម្រាប់សម្រាកលំហែ មិនថាវាជាការដើរកំសាន្តទៅទីជិត ឬទីឆ្ងាយ។ ការអានសៀវភៅជួយបន្ថែមរសជាតិ ដ៏ពិសេសសម្រាប់ពេលវិស្សមកាល។ នៅក្នុង...

ពីរ៉ាមីតធំៗ លើពិភពលោក

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 05 Sep, 2017

សម្រាប់អ្នកដែលចូលចិត្តដើរកំសាន្ត និងស្វែងយល់ពីចំណុចសំខាន់ៗ របស់តំបន់និមួយៗ ពិតជាចង់ ស្វែងយល់ពីអ្វីដែលលេចធ្លោជាងគេ នៅទីនោះ។ ថ្ងៃនេះ ទំនើប សូមនាំអារម...

តោះ! មកស្គាល់ ពីធីបុណ្យដ៏ចម្លែកបំផុតទាំង 10 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

ព្រឹត្តិការណ៍ដ៏អស្ចារ្យអាចត្រូវបានប្រារព្ធធ្វើឡើង និងរកឃើញនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ដូចគ្នានេះផងដែរ ពិធីបុណ្យសាសនា ដែលបានកប់យ៉ាងជ្រៅនៅក្នុងចិ...

រណ្តៅធំជាងគេ និងជ្រៅជាងគេបំផុតទាំង 7 នៅលើភពផែនដី

ដោយ: ភារុន 8 AM, Wednesday, 12 Jun, 2019

នៅសម័យបូរាណ មនុស្សជឿជាក់ថាភពផែនដី មានរូបរាងសំប៉ែត ប៉ុន្តែសម័យក្រោយមក ទើបយើងទាំងអស់គ្នា ដឹងថាភពផែនដីមានរូបរាងមូលដូចទៅនឹងបាល់ ឬផ្លែក្រូច។ ភពផែនដីមានផ...

Tomnerb.Com - YouTube Channel