ស្ទើរមិនគួរឱ្យជឿ! ទិសដៅទាំង 7 កន្លែងនេះមានពណ៌ស្អាតដូចឥន្ទធនូ
នៅពេលអ្នកបានឃើញរូបថតរបស់ទីកន្លែងមានពណ៌ចម្រុះទាំងនេះហើយ អ្នកនឹងគិតថាវាត្រូវបានកែសម្រួលយ៉ាងខ្លាំងដោយកម្មវិធីកែសម្រួលជាក់ជាមិនខានឡើយ។ អ្នកច្បាស់ជាឆ្ងល់ហើយ ថាតើគ្រប់ទីកន្លែង ពិតជាមានពណ៌ស្រស់ស្អាត និងរស់រវើកបែបហ្នឹងមែន? ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំទីកន្លែងទាំង 7 ដូចខាងក្រោមនេះ ជូនប្រិយមិត្តឱ្យស្គាល់ ដែលទីកន្លែងពិតជាមានពណ៌ដ៏ស្រស់ស្អាត និងរស់រវើក ហើយប្រហែលជាអ្នកមិនជឿទេ បើមិនបានឃើញរូបភាពទាំងនេះ៖
1. ភ្នំឥន្ទធនូ ប្រទេសចិន
កាលពីរាប់លានឆ្នាំមុន តាមរយៈបាតុភូមិធម្មជាតិ ថ្មខ្សាច់ រួមជាមួយនឹង សារធាតុរ៉ែភ្នំ ក៏បានបង្កើតឱ្យទៅជាមានពណ៌ចម្រុះដ៏សម្បូរបែប ដូចជាភ្នំឥន្ទធនូ ដែលស្ថិតនៅក្នុងឧទ្យានជាតិភូមិសាស្រ្ត Zhangye Danxia នៅក្នុងប្រទេសចិន។ ហើយភ្នំនេះត្រូវបានចាត់ចូលជាបេតិកភណ្ឌពិភពលោកពីអង្គការ UNESCO នឹងត្រូវបានថែរក្សាយ៉ាងល្អប្រសើរ។
2. បឹង Natron, ប្រទេស Tanzania
នៅពេលអ្នកក្រឡេកមើលបឹង Natron មួយភ្លែត បឹងនេះហាក់បីដូចជាអាងភ្លើងដ៏ធំមួយ។ ដោយសារទឹកក្នុងបឹងមានសារធាតុ Halobacteria និងមីក្រូសរីរាង្គ ដែលធ្វើឱ្យទឹកបឹងប្រែទៅជាពណ៌ក្រហម។ បឹងនេះអាចជាកន្លែងដែលមានពណ៌ស្រស់ស្អាតបំផុតនៅលើពិភពលោក ប៉ុន្តែវាមិនមែនជាកន្លែងសម្រាប់មុជទឹកលេងកម្សាន្តនោះទេ ពីព្រោះទឹកបឹងមាន pH កំរិតខ្ពស់មានប្រហែល 10,5 ស្មើរទៅនឹងជាតិអាម៉ូញាក់កំរិតខ្ពស់ ដូច្នេះអ្នកមិនអាចប៉ះទឹកបឹងផ្ទាល់បានទេ។
3. ភ្នំខ្សាច់ពណ៌ឥន្ទធនូ រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក
ប្រសិនបើយើងមើលរូបភាពទៅ ហាក់បីដូចជាគេយកជក់ពណ៌មកផាត់នៅលើខ្សាច់ភ្នំ ឱ្យចេញជាពណ៌ឥន្ទធនូអញ្ចឹង ប៉ុន្តែតាមពិតទៅនៅតាមគន្លងនៃពណ៌ចម្រុះនេះ បានមកពីដីឥដ្ឋ និងដីខ្សាច់បានលាយបញ្ចូលគ្នា ទើបចេញជាពណ៌ឥន្ទធនូនេះឡើងមក។ ប្រសិនបើអ្នកចង់ឃើញទិដ្ឋភាពពណ៌កាន់តែមានភាពរស់រវើកថែមទៀត អ្នកគួរទស្សនានៅពេលថ្ងៃរៀបលិច ពីព្រោះពន្លឺថ្ងៃចាំងប៉ះនឹងផ្ទាំងថ្មភ្នំ បង្កើតជាពណ៌ដ៏ស្រស់ស្អាតបំផុត។
4. បឹង Hillier, ប្រទេសអូស្រ្តាលី
Hillier គឺជាបឹងមួយដែលមានពណ៌ផ្កាឈូក ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ម្យ៉ាងទៀតអ្នកវិទ្យាសាស្ដ្រនៅមិនទាន់ដឹងច្បាស់ពីមូលហេតុ ដែលធ្វើឱ្យទឹកបឹងនេះប្រែក្លាយជាពណ៌ផ្កាឈូកដូចនេះទេ។
5. ទឹកធ្លាក់ Havasupai, ឧទ្យានជាតិ Grand Canyon សហរដ្ឋអាមេរិក
Havasupai មានន័យថា «ទឹកពណ៌ខៀវ-បៃតង» ហើយនៅពេលអ្នកមើលរូបភាព អ្នកនឹងដឹងថាទឹកធ្លាក់នេះពិតជាមាន ពណ៌ស្រស់ស្អាតប្លែកភ្នែក ដែលមានតែមួយគត់នៅលើភពផែនដីយើងនេះ។
6. ភ្នំ ឥន្ទធនូ ប្រទេសប៉េរូ
សូមប្រិយមិត្តមើលរូបភាព ស្រមោលឆ្នូត ដែលមានពណ៌ចម្រុះដ៏ស្រស់ស្អាតនេះ គឺបានមកពីសារធាតុរ៉ែនៅក្នុងដីភ្នំ។ យោងតាមអ្នកស្រុករស់នៅទីនេះ បានឱ្យដឹងថាពណ៌ចម្រុះដ៏អស្ចារ្យរបស់ភ្នំនេះ ត្រូវបានគេរកឃើញត្រឹមតែរយៈពេល 5 ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដោយសារតែការប្រែប្រួលអាកាសធាតុ ក្នុងអំឡុងពេលនោះ គឺមានព្រិលគ្របដណ្តប់លើភ្នំពេញទាំងអស់ នៅពេលវារលាយអស់ ស្រាប់តែដីភ្នំក៏ប្រែក្លាយទៅជាពណ៌ចម្រុះបែបនេះ។
7. បឹង Tekapo, ប្រទេស New Zealand
បឹងដ៏ស្រស់ស្អាតនេះ ក៏មានពណ៌ដ៏រស់រវើកតែមួយគត់នៅលើភពផែនដីផងដែរ។ នៅពេលក្រឡេកមើលរូបភាព អ្នកច្បាស់ជាចង់មុជទឹកលេងនៅក្នុងបឹងនេះហើយ ប៉ុន្តែគួរឱ្យស្តាយទឹកបឹងនេះត្រជាក់ខ្លាំងណាស់ ដោយសារតែផ្ទាំងទឹកកក ដែលធ្លាក់ពីលើភ្នំទឹកកកនៅក្បែរៗនោះ បានធ្លាក់ចូលក្នុងទឹកបឹងនេះ ហើយនេះក៏ជាមូលហេតុ ដែលបឹងមានពណ៌ស្រស់ស្អាតដូចនេះ។