ចូលចិត្តទំនើប

សណ្ឋាគារ មានតម្លៃថ្លៃបំផុត នៅលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

បើសិនជាអ្នកធ្លាប់ស្នាក់ នៅក្នុងសណ្ឋាគារថ្នាក់ផ្កាយប្រាំ អ្នកប្រាកដជាបានដឹងពីប្រណិតភាព និង ផាសុកភាពក្នុងការស្នាក់នៅបែបស៊ីវិល័យ ថ្លៃថ្នូរជាក់ជាមិនខាន។ ប៉ុន្តែផ្កាយប្រាំមិនមែនជាថ្នាក់ខ្ពស់ បំផុតទេ នៅមានកម្រិតខ្ពស់ៗ ជាងនេះទៅទៀត។ ចង់ដឹងថាតើសណ្ឋាគារ ដែលមានកម្រិតខ្ពស់ជាង ថ្នាក់ផ្កាយប្រាំ អស្ចារ្យយ៉ាងណា សូមបន្តអានអត្ថបទខាងក្រោម ដែល ទំនើប សូមដកស្រង់យកសណ្ឋាគារដែលមានតម្លៃថ្លៃបំផុត លើពិភពលោក មកជូនមិត្តអ្នកអាន។

  1. Emirates Palace, Abu Dhabi

នៅពេលសម្តៅលើសណ្ឋាគារកម្រិតខ្ពស់ សណ្ឋាគារមួយនេះ គឺស្ថិតនៅកំពូលតារាង។ វាត្រូវបានចំណាយថវិកាប្រមាណ 3 ពាន់លានដុល្លារក្នុងការសាងសង់ ហើយ Emirate Palace មានបន្ទប់ចំនួន 394 បន្ទប់ប្រជុំចំនួន 40 ឆ្នេរខ្សាច់ស អាងហែលទឹក និងទឹកធ្លាក់ជាច្រើន កន្លែងស្ប៉ាដ៏ល្អប្រណិត ថ្មម៉ាបនាំចូលពី 13 ប្រទេសខុសៗគ្នា និងមានចង្កៀងព្យួរធ្វើពីគ្រីស្តាល់ច្រើនជាង 1,000។ វាប្រៀបបានទៅនឹងវិមានដ៏តូចមួយ ដែលបង្អួតបង្ហាញពីប្រណិតភាព នៃការអភិវឌ្ឍន៍តំបន់មាត់សមុទ្រដ៏មានសក្តានុពលនៅមជ្ឈឹមបូព៌ា។ ត្រកូលអភិជន ឬអ្នកដែលចង់ភ្លក់រសជាតិប្រណិតបែបនេះ អាចមកស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា លក្ខណៈគ្រួសារ ដែលហ៊ុំព័ទ្ធដោយភាពប្រណិតថ្លៃថ្នូរ លក្ខណៈបែបបូរាណ តែពោរពេញដោយសម្ភារៈទាន់សម័យ។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-01

  1. Mardan Palace Hotel, Turkey

សាងសង់ឡើង ដោយមហាសេដ្ឋីសញ្ជាតិរុស្ស៊ី លោក Telman Ismailov កាលពីឆ្នាំ 2009 ដែលចំណាយទុនអស់ 1.65 ពាន់លានដុល្លារ។ សណ្ឋាគារនេះមានអាងហែលទឹកធំជាងគេ នៅក្នុងតំបន់ មេឌីទែរ៉ានេ ដែលអាចផ្ទុកភ្ញៀវបាន 1,000 នាក់ និងត្រូវបានទទួលស្គាល់ថា ជាសណ្ឋាគារប្រណិតជាងគេនៅក្នុងតំបន់អឺរ៉ុប។ នៅក្នុងសណ្ឋាគារមានបន្ទប់ស្នាក់នៅ លក្ខណៈឯកជន ការតុបតែងរចនា ដោយសន្លឹកមាស គ្រីស្តាល់ និងថ្មម៉ាបអ៊ីតាលី មានបន្ទប់អាហាររហូតដល់ 10បន្ទប់ បារចំនួន 17 កន្លែងស្ប៉ាដ៏ប្រណិត និង អាងត្រីដ៏ធំ ដែលមានប្រភេទត្រីកម្រជាច្រើនប្រភេទ។ ខ្សាច់ស 9,000 តោន បាននាំចូលពីប្រទេសអេហ្សីប សម្រាប់បង្កើតជាឆ្នេរខ្សាច់។ សេវាកម្មអ្នកបម្រើផ្ទាល់ខ្លួនពេញ 24 ម៉ោងក៏មានរាប់បញ្ចូលផងដែរ។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-02

  1. The Westin Excelsior, Rome

សាងសង់ឡើង ក្នុងឆ្នាំ 1906។ ទោះបីជាតម្លៃបន្ទប់ភាគច្រើន មានតម្លៃសមស្រប ចំណុចសំខាន់នៃសណ្ឋាគារនេះ គឺការស្នាក់នៅបែបលំនៅដ្ឋាន Villa La Cupola Suite ដែលថ្មីៗត្រូវបានជួសជុលកែលម្អ ក្នុងរង្វង់ទឹកប្រាក់ 7 លានដុល្លារអាមេរិក។ លំនៅដ្ឋានលំដាប់ខ្ពស់ប្រភេទនេះ មានពីរជាន់ ដែលធ្វើឱ្យវាក្លាយជាបន្ទប់ស្នាក់នៅធំជាងគេ នៅក្នុងប្រទេសអ៊ីតាលី។ គ្រឿងសង្ហារឹមបំពាក់ឡើងជា មួយម៉ូដបែបបូរាណ មានបំពាក់សម្ភារៈបច្ចេកវិទ្យាទំនើប ការតុបតែងដោយដៃតាមបែបដំបូលព្រះវិហារកាតូលិក បន្ទប់ហាត់ប្រាណផ្ទាល់ខ្លួន បន្ទប់សោណា អាងទឹកក្តៅ និង ចាគូស៊ី និងបន្ទប់ទទួល ទានអាហារលក្ខណៈផ្លូវការ ដែលជាការរៀបចំឡើង សម្រាប់អ្នកមានស្តុកស្តម្ភ។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-03

  1. Burj Al Arab Hotel, Dubai

សាងសង់ឡើង ដើម្បីតំណាងឱ្យដំណើរកំសាន្តតាមទូកក្តោង ដែលស្ថាបត្យកម្មសំណង់អគារមួយនេះ បានក្លាយជារូបភាពដ៏ទាក់ទាញ នៅជុំវិញពិភពលោក។ បន្ទប់ទាំងអស់សុទ្ធសឹងជាបន្ទប់ស្នាក់នៅ កម្រិតខ្ពស់ ដែលមានកម្ពស់ពីរជាន់ ជាមួយនឹងការតុបតែងបែបសិល្បៈដ៏ស្រស់ស្អាត។ លើសពីសេវាកម្មដ៏ពិសេស នៅជាន់ដំបូល ដែលមានកន្លែងចុះចតឧទ្ធម្ភាគចក្រ និងតារាងវាយ tennis នោះគឺជាសេវាកម្មបម្រើអាហារពេលយប់ បែបអនាគតកាល និងជម្រើសការកំសាន្តនាពេលរាត្រីនានា។ ការយកចិត្តទុកដាក់លើភ្ញៀវ ក៏ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ សេវាកម្មពិសេសៗបន្ថែមជាច្រើនទៀត មានដូចជាសេវាកម្មទូរសព្ទហៅអ្នកបម្រើបាន 24 ម៉ោង និងការដឹកជញ្ជួនភ្ញៀវជាមួយរថយន្ត Rolls Royce រួមនឹងការបម្រើម្ហូបអាហារ លំដាប់ខ្ពស់សម្រាប់ភ្ញៀវ VIP រួមទាំងរាជវង្សផងដែរ។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-04

  1. The Plaza, New York City

សណ្ឋាគារមួយនេះជារឿយៗ ជាជម្រើសកំពូល សម្រាប់ការទស្សនកិច្ចជាលក្ខណៈពិសេស នៅក្នុង បន្ទប់ Royal Plaza Suite ដែលអួតបង្ហាញទេសភាពនៃទីក្រុង Manhattan។ បន្ទប់ស្នាក់នៅដែលមានបន្ទប់គេង និង បន្ទប់ទឹក 3 គឺជាតុបតែងតាមបែបបូរាណ ជាមួយបន្ទប់អាហារលំដាប់ខ្ពស់ បណ្ណាល័យ បន្ទប់ហាត់ប្រាណ ព្យ៉ាណូដ៏ធំ និងផ្ទះបាយពេញលេញមួយ បន្ទប់សម្រាប់អ្នកបម្រើ ហើយសេវាកម្មត្រូវបានបម្រើដោយ ជណ្តើរជន់ដៃទទេ។ សេវាកម្មអ្នកបម្រើក៏មានបញ្ចូលផងដែរ។ សណ្ឋាគារដែលសាងសង់ឡើងក្នុងឆ្នាំ 1907 គឺជាសំណង់ដ៏លេចធ្លោ ត្រូវបានយកគំរូតាម National Historic Landmark កាលពីឆ្នាំ 1969។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-05

  1. Atlantis Paradise Island, Bahamas

ត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់ទីក្រុងដែលបានបាត់បង់ នៅក្នុងរឿងព្រេងនិទានមួយ។ សណ្ឋាគារនេះមានបន្ទប់ប្រណិតចំនួន 141បន្ទប់ ដែលជារមណីយដ្ឋានដ៏ទាក់ទាញ នៅក្នុងប្រទេស Bahamas។ វាមានកន្លែងកំសាន្ត ដ៏ល្បីល្បាញមួយឈ្មោះថា Royal Towers Bridge Suite នៅជាន់ទី 23 ដែលជាកន្លែងកំសាន្ត ដ៏ទាក់ទាញបំផុត។ វាមានបន្ទប់លំដាប់ខ្ពស់ចំនួន 10 ចែកខណ្ឌគ្នា ដោយពិដានកម្ពស់ 12 ft និងមានបង្អួចធំរួមមួយ រួមទាំងមានដាក់តាំងព្យ៉ាណូដ៏ធំ កន្លែងកំសាន្តធំៗ 2 បន្ទប់អាហារបែបអភិជនមួយ ចង្កៀងព្យួរធ្វើពីមាសទម្ងន់ 22 karat អាងទឹកក្តៅ រួមជាមួយនឹងអ្នក បម្រើអចិន្ត្រៃយ៍ចំនួន 7 នាក់នៅចាំបម្រើ។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-06

  1. Palms, Las Vegas

សណ្ឋាគារមួយនេះ ទទួលបានភាពល្បីល្បាញ ដោយសារវាផ្តល់នូវការស្នាក់នៅក្នុងអគារខ្ពស់ និងផ្តល់ភាពសប្បាយរីករាយតាមបែបសង្គមជាន់ខ្ពស់ ដែលមានបន្ទប់នៅជាន់ដំបូល ដូចជា Hugh Hefner Sky Villa ជាដើម។ បន្ទប់របស់សណ្ឋាគារអាចផ្ទុកភ្ញៀវ បានរហូតដល់ 250 នាក់ សម្រាប់ ការកំសាន្តរួមគ្នានៅជាន់លើដំបូលនៃអគារ។ ជណ្តើរយន្តកញ្ចក់បែបឯកជន គ្រែគេងបង្វិល កន្លែងហាត់ប្រាណ សោណា បន្ទប់តន្រ្តី និងបារ ដែលទាំងអស់នេះ ជាការកំសាន្តរបស់អភិជនបែបហ៊ឺហារ ទាន់សម័យ។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-07

  1. The Boulders, Arizona

ចំណុចដ៏ទាក់ទាញបំផុត របស់សណ្ឋាគារមួយនេះ គឺជាប្រភពនៃធម្មជាតិ ហើយការតាក់តែងដែលមិនមែនកើតចេញពីស្នាដៃរបស់មនុស្សនេះ បំពេញបន្ថែមជាមួយនឹងរមណីយដ្ឋាន ដែលមានទឹកធ្លាក់ ពីថ្មដែលមានអាយុកាលជាង 120 លានឆ្នាំ។ លាតសន្ធឹងលើផ្ទៃដីជាង 500 ហិចតានៅលើវាលខ្សាច់ Sonoran សណ្ឋាគារនេះមានកន្លែងស្ប៉ាដ៏ធំ ដែលជាកន្លែស្ប៉ាបែបធម្មជាតិសុទ្ធសាធ និងមានក្លឹបវាយកូនហ្គោលចំនួន 2 ផងដែរ។ នៅក្នុងនោះក៏មានកន្លែងស្នាក់នៅបែបដាច់ដោយឡែកពីគេហៅថា Villa Retreat សម្រាប់ជនល្បីឈ្មោះជួបជាមួយនឹងមនុស្សសម្ងាត់។ តំណាងសណ្ឋាគារ ឈ្មោះ Deborah Bridge និយាយថា «អតិថិជនរបស់យើងជាក្រុមមនុស្សស្ថិត ក្នុងចំណោមសេដ្ឋីនៅលើពិភពលោក ប៉ុន្តែយើងមិនត្រូវបានអនុញ្ញាតឱ្យនិយាយអ្វីអំពីភ្ញៀវ VIP របស់យើងឡើយ រហូត ដល់ពួកគេបាត់បង់ជីវិត»។ ទាំងនេះជាចំណុចសំខាន់ នៃសណ្ឋាគារនេះ។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-08

  1. CuisinArt Golf Resort & Spa, Anguilla

នាំមកជូនដោយក្រុមអ្នកជំនួញតែមួយ ដែលបានបង្កើតម៉ាស៊ីនកិនម្ហូបអាហារ ដ៏ល្បីល្បាញ។ សណ្ឋាគារនេះ ដើមឡើយត្រូវបានបង្កើតឡើង ជាកន្លែងកំសាន្តរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មកក៏ បានពង្រីក ដើម្បីបើកទទួលភ្ញៀវផងដែរ។ បន្ទប់ស្នាក់នៅលំដាប់ខ្ពស់ និងវីឡាធំៗ បង្កើតបានជាការ រចនាដ៏ធំសម្បើម នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នៅក្នុងតំបន់ Anguilla។ រមណីយដ្ឋាន Venus Spa & Fitness ត្រូវបានបង្កើតឡើង ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ដប់លានដុល្លារអាមេរិក ហើយក៏មានទីលានវាយកូនហ្គោល ដែលធ្វើការរចនាដោយ Greg Norman ក្នុងតម្លៃ 50 លានដុល្លារអាមេរិកផងដែរ។ សណ្ឋាគារនេះភាគច្រើន ជាទីលំហែរបស់ជនល្បីៗ ដែលចង់កំសាន្ត និងស្នាក់នៅដាច់ឆ្ងាយពីភាពអ៊ូអរ។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-09

    10. Marquis Los Cabos, Los Cabos

វាត្រូវបានសាងសង់ឡើង យកលំនាំតាមរឿងព្រេងនិទាន ដែលដំណាលពីទេពអប្សរពីរអង្គចុះមកស្វែងរកឋានសួគ៌នៅលើដី។ វាត្រូវបានសាងសង់ឡើង បើកចំហរទៅរកសមុទ្រដ៏ធំល្វឹងល្វើយ ដូចជា ប្រាសាទក្នុងរឿងនិទាន។ រូបចម្លាក់ដ៏ស្រស់ស្អាត ទឹកជ្រោះដ៏ធំ អាងហែលទឹកដ៏សម្បើម និងកន្លែង ស្ប៉ាដ៏មនោរម្យ បង្កើតបានជាកន្លែងស្នាក់នៅដ៏ប្រណិតសម្រាប់បុគ្គលលំដាប់ខ្ពស់។ បន្ទប់ស្នាក់នៅដ៏ប្រណិត លេចឡើងជាមួយរានហាល ដែលអ្នកអាចទស្សនាមើលត្រីបាឡែន បណ្តែតខ្លួនឡើងពីផ្ទៃ សមុទ្រជារឿយៗ ហើយក៏មានវីឡាដាច់ដោយឡែក ដែលមានអាងហែលទឹកឯកជនផងដែរ។

Most-Expansive-Luxury-Hotel-in-the-World-Tomnerb-010

អត្ថបទអ្នកចង់អាន

ទេសភាពនារដូវរងា ដ៏ស្រស់ស្អាតបំផុតទាំង៥ នៅអាស៊ី

ដោយ: ដួងច័ន្ទ 12 AM, Monday, 19 Dec, 2016

ចំពោះអ្នកដែលចូលចិត្តរដូវរងា ប្រាកដជាទន្ទឹងពេលវេលាមួយ ដែលអាចទៅលេងទីកន្លែង ដែលត្រជាក់និងពោរពេញដោយព្រិលទឹកកក។ ហេតុនេះទើប ទំនើប សូមណែនាំជូននូវកន្លែងដ៏ស...

ដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោក​ ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត ផ្តល់ភួយធ្វើពីដបផ្លាស្ទិកជាកាដូពេលធ្វើទស្សនកិច្ច នៅអង្គការមូលនិធិកុមារកម្ពុជា

ដោយ: ស៊ីវងីម 10 AM, Wednesday, 06 Jun, 2018

  ដើម្បី​អបអរសាទរទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានផ្តល់ភួយដែលជួយដល់បរិស្ថាន ចំនួន 40 ក្នុងដំណើរទស្សនកិច្ច លើកដំបូងរបស់ពួកគេទៅ...

សួនទឹកកម្សាន្តទាំង 10 នៅជុំវិញពិភពលោក បើមិនបានទៅលេង ពិតជាស្តាយក្រោយ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

អ្នកប្រហែលជាធ្លាប់បានទៅលេងនៅសួនទឹកកម្សាន្តនានា នៅក្នុងប្រទេសខ្មែរយើងហើយ តើអ្នកមានភាពសប្បាយរីករាយខ្លាំងប៉ុណ្ណាដែរ? តើអ្នកចង់ដឹងដែរទេថា សួនទឹកកម្សាន្...

ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេត្ត មណ្ឌលគីរី ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018

ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យ...

Tomnerb.Com - YouTube Channel