ទស្សនាតំបន់ពិសេស របស់ក្រុងកូឡាឡាំពួរ
កូឡាឡាំពួរ គឺជាទីក្រុងដ៏ស្រស់ស្អាតមួយ ដែលស្ថិតនៅក្នុងក្រសែភ្នែក បណ្តាភ្ញៀវទេសចរចម្រុះជាតិសាសន៍ នៅលើសាកលលោក ហើយក៏ជាក្រុង ដែលធំជាងគេបំផុត ប្រៀបបានទៅនឹងបេះដូងរបស់ប្រទេស ម៉ាឡេស៊ី ផងដែរ។ ជាមួយគ្នានេះ ទីក្រុងកូឡាឡាំពួរ ដែលពោរពេញទៅដោយរូបសម្រស់ ស្រស់ឆើតឆាយលម្អទៅដោយផ្លូវកាត់ខ្វាត់ខ្វែង និងតួអគារខ្ពស់ៗ ស្កឹមស្កៃឈរបង្ហាញរាង ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូល របស់ពិភពលោកនោះ បានផ្ដល់នូវរសជាតិជីវិតថ្មី ដល់បណ្តាភ្ញៀវទេសចរ តាមរយៈនៃការបង្ហាញពីវប្បធម៌ដ៏យូរលង់ រួមផ្សំនឹងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋ ក៏ដូចជាបានភ្លក្សអាហារបែបប្រពៃណី នៃជនជាតិភាគតិចប្រចាំតំបន់ ជាពិសេសសម្បូរទៅដោយតំបន់កម្សាន្តជាច្រើនកន្លែងតែម្ដង។ ខាងក្រោមនេះ គឺជាតំបន់ពិសេសៗ របស់ទីក្រុងកូឡាឡាំពួរ ដែលអ្នកទេសចរទាំងអស់តែងតែទៅកម្សាន្ត ដើម្បីស្វែងយល់ពីប្រទេសម៉ាឡេស៊ី៖
មជ្ឈមណ្ឌលពាណិជ្ជកម្ម ប៊ឺចាយ៉ា ថែមស៍
ប៊ឺចាយ៉ា ថែមស៍ គឺជាមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ក្នុងចំណោមតំបន់ពាណិជ្ជកម្មឯទៀត នៃប្រទេសម៉ាឡេស៊ី។ នៅទីនេះ គេសង្កេតឃើញមានអគារធំៗ ខ្ពស់ៗ រហូតជាង10ជាន់ ស្ថិតនៅលើផ្ទៃដីទំហំ 700, 000ម៉ែត្រការ៉េ ហើយក្នុងនោះរួមមានដូចជា ការិយាល័យធ្វើការនៃក្រុមហ៊ុនឯកជន ផ្សារទំនើប អាហារដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ5។
ប៉មអគារភ្លោះ ប៉េត្រូណាស់
ប៉េត្រូណាស់ គឺជាអគារភ្លោះដ៏ធំ ខ្ពស់ស្កឹមស្កៃដែលមានកម្ពស់ រហូតដល់ 170ម៉ែត្រ និងមានស្ពានឆ្លងពីតួអគារមួយទៅកាន់តួអគារមួយទៀត ហើយក៏ជាប់ចំណាត់ថ្នាក់ជាស្ពាន 2ជាន់ ដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោកផងដែរ។ នៅទីនេះ ត្រូវបានគេដាក់បម្រាមយ៉ាងម៉ត់ចត់ចំពោះអ្នកខ្លាចទីខ្ពស់ មិនអនុញ្ញាតឱ្យឡើងនោះឡើយ ប៉ុន្តែបើចំពោះអ្នកមានភាពក្លាហានមិនញញើត ជាមួយអគារដ៏ខ្ពស់សន្លឹមមួយនេះ នឹងបានទស្សនាពីទិដ្ឋភាពដ៏ស្រស់ស្អាត នៃទីក្រុងកូឡាឡាំពួរទាំងមូល ជាពិសេសសម្រស់នាពេលរាត្រី ដែលពោរពេញទៅដោយពន្លឺភ្លើងពណ៌ចម្រុះ នៅតាមអគារនានាក្នុងតំបន់។
រូងភ្នំបាទូ
រូងភ្នំបាទូ គឺជាទីសក្ការៈដ៏ពិសិដ្ឋសម្រាប់ពលរដ្ឋ ដែលកាន់សាសនាហិណ្ឌូ ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលអ្នកទាំងនោះសុទ្ធតែមានជំនឿជឿជាក់ថា រូងភ្នំបាទូ ជាកន្លែងដែលមានឫទ្ធិបារមីពូកែស័ក្តិសិទ្ធិបំផុត ហើយជារៀងរាល់ឆ្នាំនៅពេលចូលដល់វេលាកំណត់ អ្នកមានជំនឿរាប់ម៉ឺននាក់ តែងនាំគ្នាមកប្រារព្ធពិធីតាមទំនៀបទម្លាប់ នៅទីនេះមិនដែលខាន។ ដោយឡែកសម្រាប់លោកអ្នក ដែលចង់ឡើងទៅទស្សនារូងភ្នំបែបអច្ឆរិយមួយនេះ ត្រូវធ្វើដំណើរដោយថ្មើរជើង តាមជណ្ដើរថ្មចំនួន272កាំ។ លុះក្រោយពេលឡើងទៅដល់គោលដៅ នឹងបានឃើញពីភាពអស្ចារ្យជាច្រើន ដែលក្រៅពីមានរូងភ្នំធំៗចំនួន 3 រូងភ្នំតូចៗរាប់សិបកន្លែង ថែមទាំងបានទស្សនារូបចម្លាក់យ៉ាងស្អេកស្កះ ក្នុងលក្ខណៈបែបសាសនាហិណ្ឌូ។
ឧទ្យានសត្វស្លាបខេអិល
ស្ថិតនៅជាប់នឹងប្រភពទឹកដ៏សែនត្រជាក់ ហ៊ុំព័ទ្ធជុំវិញទៅដោយដើមរុក្ខជាតិតូចធំចម្រុះគ្នា ឧទ្យានសួនសត្វស្លាបខេអិល បានផ្ទុកទៅដោយសត្វស្លាបជាច្រើនប្រមាណជាង 200ប្រភេទ ដែលភាគច្រើនជាពូជបក្សីដ៏កម្រ ជាមួយនឹងទីជម្រកបែបធម្មជាតិរបស់ពពួកសត្វ ដែលត្រូវបានរៀបចំឡើងជា 4តំបន់ក្នុងឧទ្យានតែមួយ ដែលក្នុងនោះមាន3តំបន់ផ្តល់នូវភាពងាយស្រួល ដល់ពពួកសត្វហោះហើរដោយសេរី ហើយមួយតំបន់ទៀតត្រូវបានគេរៀបចំឱ្យនៅក្នុងទ្រុង។ ដោយឡែកសម្រាប់ភ្ញៀវទេសចរអាចធ្វើដំណើរទស្សនា បានដោយការជិះរថភ្លើងធនតូច ដើម្បីគយគន់ទិដ្ឋភាព និងការរស់នៅរបស់ពពួកសត្វ ឬអាចដើរដោយថ្មើរជើង ក៏បាន ជាមួយនឹងការកាន់ហុចចំណីទៅកាន់សត្វស្លាប ដោយផ្ទាល់ដៃក៏បាន៕