ចូលចិត្តទំនើប

កំណត់ចំណាំ៖ ការឱ្យថ្លៃទឹកតែ ក្នុងប្រទេសចំនួន ២៥ ទូទាំងពិភពលោក

ដោយ: ដួងច័ន្ទ 3 PM, Tuesday, 31 Jan, 2017

នៅក្នុងសកលលោកយើងនេះ មានប្រទេសសរុបចំនួន ១៩៦ ប្រទេស ហើយប្រទេសទាំងនោះមាន វប្បធម៌ នៃការផ្តល់លុយទឹកតែ ខុសៗគ្នា។ អ្នកគួរឱ្យលុយទឹកតែ ពីលុយអាប់សល់មែនទេ? ឬឱ្យចំនួន ២០% នៃប្រាក់សរុប? ឬទុកលុយតិចតួចលើតុ? ការផ្តល់លុយទឹកតែក្នុងប្រទេសនីមួយៗជុំវិញពិភពលោក អាចជារឿងឈឺក្បាល។ សូមកុំរងចាំរហូតដល់អ្នកកម្ម៉ង់ម្ហូបហើយ ទើបគិតថាអ្នក គួរផ្តល់លុយទឹកតែឬអត់។ ជំនួយដល់រឿងរ៉ាវស្មុគស្មាញនេះ គេហទំព័រទំនើប សូមផ្តល់ជាគំនិតមួយផ្នែកតូច សម្រាប់អ្នកធ្វើការស្វែងយល់ ជៀសវាងកើតមានរឿងស្មុគស្មាញ ក្នុងដំណើរកំសាន្ត     របស់អ្នក។

វិធីសាស្រ្តបឋមនៃការផ្តល់លុយទឹកតែ គឺផ្តល់ជាសាច់ប្រាក់។ បើសិនជាអ្នកឱ្យលុយធីប ជា Credit Card អ្នករត់តុ ដែលអ្នកចង់ឱ្យ នឹងមិនបានទទួលវាទេ ដូច្នេះអ្នកគួរឱ្យដោយផ្ទាល់តែម្តង។ ម្យ៉ាងវិញទៀត អ្នកគួរផ្តល់លុយទឹកតែ ជារូបិយបណ្ណនៃប្រទេស ដែលអ្នកកំពុងកំសាន្ត។ បន្ទាប់មកទៀត ខាងក្រោមនេះជាចំនួននៃលុយទឹកតែ តាមប្រទេសនិមួយៗ៖

១. ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន

បន្ទាប់ពីអ្នកបានបញ្ចប់អាហារ Chimichurri ជាមុខម្ហូបប្រចាំតំបន់ អ្នកនឹងត្រូវកុម៉ង់ Dule de Leche និងប្រាប់ឱ្យគិតលុយ។ សម្រាប់ចំនួននៃលុយធីបជាទូទៅ គឺ ១០ទៅ១៥ ភាគរយ នៃចំនួនប្រាក់សរុប។

២. ទីក្រុង Sydney ប្រទេសអូស្រ្តាលី

ដោយសារចំនួនប្រាក់ខែសមសម្រប សម្រាប់បុគ្គលិកនៅក្នុងប្រទេសអូស្រ្តាលី ដូច្នេះពួកគេមិនរំពឹង ថានឹងទទួលបានលុយទឹកតែឡើយ។ ប៉ុន្តែអ្នកក៏អាចឱ្យលុយទឹកតែ បើសិនជាអ្នកទទួលបានសេវាកម្មបម្រើយ៉ាងពេញចិត្ត។ ការឱ្យលុយធីប ក៏អាចផ្តល់ចំពោះសេវាកម្មតាក់ស៊ីផងដែរ។

៣. ទីក្រុង Prague សាធារណរដ្ឋឆេក

បន្ទាប់ពីអ្នកបញ្ចប់ការញ៉ាំកាហ្វេ នៅហាហ Café Slav ឬសាំងវិចនៅហាង Grand Café Orient ជំហានបន្ទាប់គឺអ្នកគួរពិនិត្យវិកយបត្រ និងពិនិត្យមើលថាតើវាមានបញ្ចូលទាំងកម្រៃសេវាកម្មឬទេ។ បើសិនជាគ្មាន អ្នកអាចទុកលុយទឹកតែពី ១០ ទៅ ១៥ ភាគរយ។ ភាគច្រើនលុយទឹកតែមិនត្រូវរំពឹង ថាបានទទួលទេ តែវាបានក្លាយជាទម្លាប់ ជាពិសេសនៅតាមតំបន់ទេសចរណ៍។ សម្រាប់ឡានតាក់ ស៊ី អ្នកមិនចាំបាច់ចំណាយលុយធីប ចំពោះដំណើរពីព្រលានយន្តហោះទេ ឬអ្នកអាចបន្ថែម១០ភាគរយ ក្នុងចំណាយសរុបនៃវិកយបត្រ។

Tipping-Around-The-World-015

៤. ទីក្រុង Dubai អារ៉ាប់រួម

មុនពេលអ្នកបង់ប្រាក់វិកយបត្រ សូមពិនិត្យមើលពីតារាងចំណាយលើថ្លៃសេវា។ ជាទូទៅ អ្នកត្រូវចំណាយ ១០ភាគរយ សម្រាប់លុយធីបនៅសណ្ឋាគារ ភោជនីយដ្ឋាន និងក្លឹប។

៥. ទីក្រុងប៉ារីស ប្រទេសបារាំង

អ្នកដែលបានសិក្សានៅប្រទេសបារាំង សុទ្ធតែបានស្គាល់ពាក្យ «Service Compris» មានន័យថាតម្លៃសេវាកម្ម ត្រូវបានគិតបញ្ចូល។ ឃ្លានេះមាននៅលើវិកយបត្រភោជនីយដ្ឋានក្នុងប្រទេសបារាំង ហើយបានន័យថា អ្នកមិនចាំបាច់ឱ្យលុយទឹកតែបន្ថែមខាងក្រៅទេ។ ប៉ុន្តែភាគច្រើន អ្នកទេសចរណ៍ បានទុកលុយអាប់ សម្រាប់ជាលុយធីបបន្ថែម។ Tip ជាភាសាបារាំងមានន័យថា ញ៉ាំភេសជ្ជៈ/សុរា (Pourboire=to have a drink)។ អ្នករត់តុជនជាតិបារាំង មានប្រាក់ខែទាប ហើយលុយទឹកតែដែល អ្នកផ្តល់ឱ្យ អាចឱ្យពួកគេមានលទ្ធភាពញ៉ាំស្រាបៀរមួយកែវ។

 Tipping-Around-The-World-03

៦. ទីក្រុងរ៉ូម ប្រទេស Italy

លុយទឹកតែ មិនត្រូវរំពឹងថាទទួលបាននោះទេ នៅក្នុងប្រទេសItaly ប៉ុន្តែវាត្រូវបានចាត់ទុកថាជាការ គួរសម ឬសប្បុរស ដូច្នេះតើនរណាម្នាក់មិនចង់បានមុខមាត់ក្នុងន័យសប្បុរស? ជាទូទៅ អ្នកអាចទុកលុយតិចតួចនៅលើតុ ប៉ុន្តែមិនលើសពី១០ ភាគរយនៃប្រាក់សរុប។ មុនពេលអ្នកទុកលុយធីប សូមពិនិត្យមើលវិកយបត្រ ព្រោះភោជនីយដ្ឋានអាចគិតថ្លៃពីអ្នករួចហើយ ដែលគេច្រើនប្រើពាក្យ «Coperto» ដែលជាទូទៅភាសានេះត្រូវបានប្រើប្រាស់ក្នុងតំបន់ទេសចរណ៍។

៧. ទីក្រុងតូក្យូ ប្រទេសជប៉ុន

ប្រជាជនជប៉ុនមិនខ្វល់ពីលុយធីបទេ ដូច្នេះចូរកុំឱ្យលុយធីប ទោះជានៅក្នុងភោជនីយដ្ឋាន បារ ឬហាងមីក៏ដោយ។ ការផ្តល់សេវាកម្មល្អជាទំនៀមទំលាប់របស់ជនជាតិជប៉ុន។ ដោយសារតែប្រព័ន្ធនៃ ការផ្តល់លុយទឹកតែមានភាពស្មុគស្មាញ ដូច្នេះអ្នកមិនចាំបាច់ចំណាយថ្លៃទឹកតែនៅក្នុងប្រទេសជប៉ុនទេ។

៨. ទីក្រុង Marrakech ប្រទេសម៉ារ៉ុក

នៅតាមបណ្តោយផ្លូវក្នុងទីក្រុង Marrakech ពោរពេញដោយភោជនីយដ្ឋានដែលផ្តល់នូវម្ហូបអាហារ សំបូរបែប។ អ្នកអាចភ្លក់រសជាតិអាហារប្រចាំតំបន់នៅទីនោះ ហើយពេលដែលអ្នកទូទាត់លុយ សូមបន្ថែម ៥-១០ ភាគរយសម្រាប់ផ្តល់ដល់អ្នកបម្រើសេវាកម្ម។ ចំណែកឯនៅតាមសណ្ឋាគារអ្នកត្រូវចំណាយ ១ដុល្លារក្នុងវ៉ាលីមួយ និងសម្រាប់សេវាកម្មឡានតាក់ស៊ីទទួលពីសណ្ឋាគារទៅព្រលានយន្តហោះ។

៩. ទីក្រុង Playa Del Carmen ប្រទេសម៉ិចស៊ិក

ការឱ្យលុយទឹកតែក្នុងប្រទេសម៉ិចស៊ិច បានរងឥទ្ធិពលពីសហរដ្ឋអាមេរិក។ ជាទូទៅអ្នកត្រូវចំណាយ ១០ទៅ១៥ភាគរយនៃវិកយបត្រភោជនីយដ្ឋាន។ នៅតាមបារ និងអាហារដ្ឋានតូចៗ អ្នកអាចចំណាយលុយទឹកតែតិចជាង ភាគរយខាងលើ តែដោយសារតែប្រាក់កម្រៃប្រចាំថ្ងៃបានតិចជាង ៥ដុល្លារក្នុងមួយថ្ងៃ ការផ្តល់លុយធីបទាបពេកអាចធ្វើឱ្យមានការមិនពេញចិត្ត។

១០. ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ

នៅអេស្ប៉ាញ ការទូទាត់ថ្លៃសេវាកម្មត្រូវបានគិតបញ្ចូលរួចជាស្រេចនៅក្នុងវិកយបត្រ ដូច្នេះអ្នកមិនចាំបាច់ទុកលុយបន្ថែមទេ។ ប៉ុន្តែបើសិនជាអ្នកទទួលបានសេវាកម្មដ៏ល្អពេញចិត្ត អ្នកអាចបន្ថែម ១០ភាគរយ ឬទុកលុយអាប់ទាំងនោះ។ បើនៅតាមបារវិញ អ្នកមិនចាំបាច់ចំណាយលុយទឹកតែទេ។

១១. ទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង

សម្រាប់អាហារពេលយប់នៅទីក្រុង Cape Town អ្នកត្រូវបន្ថែម ១០ទៅ១៥ ភាគរយ សម្រាប់ជាលុយធីប។ ចំណែកអ្នកបម្រើតាមសណ្ឋាគារ អ្នកត្រូវចំណាយប្រមាណ ១ដុល្លារ ក្នុងវ៉ាលីមួយ ហើយអ្នកក៏ត្រូវឱ្យលុយធីបសម្រាប់អ្នកបើកបរពីសណ្ឋាគារ ទៅព្រលានយន្តហោះផងដែរ។

១២. ទីក្រុងបាងកក ប្រទេសថៃ

អ្នកមិនចាំបាច់ត្រូវចំណាយលុយធីបនៅតាមភោជនីយដ្ឋាន ក្នុងប្រទេសថៃឡើយ ប៉ុន្តែអ្នកអាចទុក លុយបាតតិចតួច ស្របតាមការពេញចិត្តរបស់អ្នក។ ការឱ្យលុយធីបតិចតួច ភាគច្រើនមាននៅតាម សណ្ឋាគារ និងរថយន្តតាក់ស៊ី។

១៣. ទីក្រុងឡុងដ៍ ចក្រភពអងើគ្លេស

បន្ទាប់ពីការទទួលទានអាហារក្នុងប្រទេសអង់គ្លេស ស្កុតឡែន វេល ឬអៀឡង់ អ្វីដែលអ្នកត្រូវធ្វើគឺពិនិត្យមើលការទូទាត់ក្នុងវិកយបត្រ ដែលការចំណាយសេវាកម្មអាចត្រូវបានគិតបញ្ចូល។ បើមិនមានទេ អ្នកអាចបន្ថែម ១០ទ)១៥ភាគរយ ឬច្រើនជាងនេះ។ ប៉ុន្តែអ្នកមិនចាំបាច់ឱ្យលុយធីបនៅតាម បារទេ។ បើអ្នកចង់សន្សំសំចៃ អ្នកគួរបរិភោគអាហារនៅតាមបារ។

១៤. ទីក្រុងហុងកុង ប្រទេសចិន

លុយធីបមិនត្រូវបានគិតគូរនៅក្នុងប្រទេសចិនទេ។ ទោះជាអ្នកញ៉ាំអាហារតាមផ្លូវ ឬនៅភោជនីយដ្ឋានលំដាប់ខ្ពស់ ក៏វាពុំចាំបាច់ក្នុងការចំណាយបន្ថែមនេះដែរ។ ប៉ុន្តែបច្ចុប្បន្ន ទំនោរនៃការទទួលបាន លុយធីបចាប់ផ្តើមមាននៅតាមភោជនីយដ្ឋានល្បីៗ ដែលអាចមានន័យថាជាការដឹងគុណ។

១៥. ទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់

ជាទូទៅភ្ញៀវទេចរណ៍គួរផ្តល់លុយធីបប្រមាណ ៥ភាគរយនៅតាមហាងកាហ្វេ និង១០ភាគរយនៅតាមភោជនីយដ្ឋាន ហើយនឹងអាចច្រើនជាងនេះបើសិនជាមានសេវាកម្មបន្ថែមច្រើន។ បើសិនជាអ្នក ស្ថិតនៅក្នុងតំបន់ទេសចរណ៍ សូមពិនិត្យមើលការចំណាយលើសេវាកម្ម នៅក្នុងវិកយបត្រ។ អ្នកពុំចាំបាច់ឱ្យលុយធីបទៅអ្នកបើកបរទេ តែអ្នកក៏អាចផ្តល់តិចតួចបើអ្នកចង់។

១៦. ទីក្រុងហាណូយ ប្រទេសវៀតណាម

ទោះបីជាអ្នកញ៉ាំអាហារសាមញ្ញនៅទីក្រុងហូជីមិញ ឬញ៉ាំកាហ្វេនៅក្រុងហាណូយ សូមត្រៀមជាស្រេច សម្រាប់លុយទឹកតែ។ អ្នកត្រូវទុកលុយ ១០ភាគរយ សម្រាប់ថ្លៃទឹកតែ។ ចំពោះសណ្ឋាគារ និងរថយន្តតាក់ស៊ី អ្នកមិនចាំបាច់ចំណាយទេ តែអ្នកអាចទុកលុយអាប់ជូនពួកគេ។

១៧. ទីក្រុង Istanbul ប្រទេសតួគី

លុយទឹកតែមិនសូវសំខាន់ទេ នៅតាមហាងតូចៗ ប៉ុន្តែពួកគេពេញចិត្តនឹងទទួល។ នៅតាមហាងធំៗក្នុងតំបន់ទេសចរណ៍ អ្នកត្រូវចំណាយ ១០ ឬ១៥ ភាគរយ។ អ្នកគួរតែកុំបញ្ចូលចំនួនលុយធីប ក្នុងការទូទាត់តាមបណ្ណឥណទាន តែអ្នកគួរឱ្យជាប្រាក់សុទ្ធទៅពួកគេ (ជារូបិយបណ្ណប្រទេសតួគី មិនមែនជាលុយដុល្លារទេ)។

១៨. ទីក្រុងញូវយ៉ក

ទីក្រុងញូយ៉កជាទីក្រុងមានជាតិសាសន៍ចម្រុះ ប៉ុន្តែទោះបីជាអ្នកញ៉ាំអាហារក្នុងភោជនីយដ្ឋានរបស់ ជនជាតិណាក៏ដោយ អ្នកត្រូវទុកលុយទឹកតែ ១៥ទៅ២០ ភាគរយ។ សម្រាប់អ្នកបើកបរតាក់ស៊ី ដែលបច្ចុប្បន្នប្រើប្រាស់ការទូទាត់តាមបណ្ណឥណទាន ធ្វើឱ្យអ្នកមិនអាចចំណាយតិចជាង១៥ភាគរយឡើយ។

១៩. ទីក្រុង Budapest ប្រទេសហុងហ្ការី

ដូចជានៅក្នុងប្រទេសមួយចំនួនដែរ ជាទូទៅអ្នកត្រូវចំណាយ ១០-១៥ភាគរយសម្រាប់ការបម្រើសេវាកម្ម។ នៅតាមភោជនីយដ្ឋានធំៗ អ្នកគួរពិនិត្យការចំណាយលើវិកយបត្រ ព្រោះភាគច្រើនការទូទាត់ ថ្លៃសេវាកម្មត្រូវបានបញ្ចូលរួចជាស្រេច។ ម្យ៉ាងវិញទៀត អ្នកគួរផ្តល់លុយធីបនៅតាមស្ថានីយ៍ប្រេង ឥន្ធនៈ និងបង្គន់សាធារណៈ ក្នុងចំនួនប្រមាណ ៣៣ទៅ៦៦សេន (ដុល្លារអាមេរិក)

Tipping-Around-The-World-01

២០. ទីក្រុង St. Petersburg ប្រទេសរុស្សី

លុយធីបអាចជាជម្រើសនៅក្នុងប្រទេសរុស្សី។ ដោយសារប្រទេសនេះចាប់ផ្តើមមានទំនោរ ដូចអឺរ៉ុប ការផ្តល់លុយធីបចាប់ផ្តើមមានបន្តិចម្តងៗ។ ជាទូទៅគេត្រូវទុកលុយ១០ទៅ១៥ភាគរយជាលុយធីប។ សូមចងចាំថា ត្រូវឱ្យលុយធីបជាសាច់ប្រាក់ មិនមែនបណ្ណឥណទានទេ។

២១. ទីក្រុង Kathmandu ប្រទេសនេប៉ាល់

ទំនោរនៃការផ្តល់លុយធីបចាប់ផ្តើមមានជាបណ្តើរៗ។ ការផ្តល់លុយទឹកតែត្រូវបានផ្តល់ចំពោះតែសេវាកម្មល្អ ហើយអ្នកទេសចរណ៍អាចមិនបាច់ឱ្យលុយទឹកតែសម្រាប់សេវាកម្មរថយន្តតាក់ស៊ី និង សេវាកម្មណាដែលអ្នកបានតថ្លៃជាមួយអ្នកលក់។ នៅតាមភោជនីយដ្ឋាន អ្នកត្រូវពិនិត្យមើលការចំណាយថ្លៃសេវាកម្ម ក្នុងចំនួន ១០ភាគរយ។ បើមិនមានទេ អ្នកអាចទុក ៥ទៅ១០ ភាគរយសម្រាប់ សេវាកម្មល្អ។

២២. ទីក្រុង Ubud ប្រទេសឥណ្ឌូនេស៊ី

ភោជនីយដ្ឋានមួយចំនួន រួមបញ្ចូល១០ភាគរយសម្រាប់ថ្លៃសេវាកម្មរួចជាស្រេច បើមិនមានទេ អ្នកអាចទុកលុយ១០ភាគរយបាន។ ការឱ្យលុយធីបដល់អ្នកបម្រើក្នុងសណ្ឋាគារ និងអ្នកបើកបរតាក់ស៊ី ក៏មានផងដែរក្នុងចំនួនប្រមាណ ១ដុល្លារ។

២៣. ទីក្រុង Amsterdam ប្រទេសហូឡង់

នៅប្រទេសហូឡង់ មានច្បាប់មួយចែងថា ម្ចាស់ភោជនីយដ្ឋានត្រូវបញ្ចូលថ្លៃសេវាកម្មទៅក្នុងតម្លៃនៃ ម្ហូបអាហារ។ អ្នកទេសចរណ៍ភាគច្រើនទុកលុយធីបតិចតួច ក្នុងរង្វង់ ៥ឬ១០ ភាគរយ សម្រាប់សេវាកម្មល្អ នៅតាមភោជនីយដ្ឋានធំៗ។ ចំណែកការញ៉ាំអាហារសម្រន់ ឬកាហ្វេ អ្នកអាចទុកលុយ ២ឬ៣ កាក់បានហើយ។ ដូចគ្នាផងដែរជាមួយរថយន្តតាក់ស៊ី លុយធីបត្រូវបានគិតគូររួចហើយនៅក្នុងតារាងតម្លៃ ប៉ុន្តែក៏នៅមានការផ្តល់បន្ថែមផងដែរ។

២៤. ទីក្រុងសៀមរាប ប្រទេសកម្ពុជា

ដោយសារការផ្តល់លុយធីបមិនត្រូវបានរារាំង អ្នកអាចឱ្យលុយធីបប្រមាណ ១ឬ២ ដុល្លារជាទូទៅ។ ជាទូទៅ មិនមានការអាក់អន់ចិត្តទេ ទោះអ្នកមិនបានឱ្យលុយបន្ថែមក៏ដោយ។

២៥. ទីក្រុង Cuzco ប្រទេសប៉េរូ

នៅតាមទីក្រុងធំៗ ការផ្តល់លុយធីបជារឿងសាមញ្ញ។ ជាទូទៅ លុយធីប ១០ទៅ១៥ភាគរយ នឹងត្រូវបានផ្តល់នៅតាមសណ្ឋាគារ។ អ្នកក៏អាចទុកប្រាក់តែបន្តិចបន្តួចក៏បានដែរ។

Tipping-Around-The-World-02

អត្ថបទអ្នកចង់អាន

កំពូលទិសដៅទាំង 10 ដែលសក្តិសមនឹងការធ្វើដំណើរតែម្នាក់ឯង

ដោយ: ភារុន 8 AM, Monday, 22 Oct, 2018

ក្តីសុបិន្តដែលចង់ធ្វើដំណើរជុំវិញពិភពលោកតែងតែមាននៅក្នុងចិត្តគំនិតរបស់មនុស្សម្នាក់ៗ។ ការធ្វើដំណើរកម្សាន្តត្រឹមតែនៅក្នុងប្រទេសកំណើតរបស់ខ្លួនគឺមិនទាន់គ...

រឿង 10 យ៉ាងដ៏ចម្លែក ដែលអ្នកអាចមើលឃើញមានត្រឹមតែ នៅក្នុងប្រទេសជប៉ុន

ដោយ: ភារុន 10 AM, Wednesday, 22 May, 2019

ប្រទេសជប៉ុន ត្រូវបានប្រជាជនទូទាំងពិភពលោកទទួលស្គាល់ និងកោតសរសើរ ដោយសារតែភាពរីកចម្រើន នៃបច្ចេកវិទ្យា និងភាពទាន់សម័យរបស់ប្រទេសនេះ។ លើសពីនេះ ប្រទេសនេះក...

ការច្នៃម៉ូដអគារ យកគំរូតាមចង្កៀងគោម ចិនបូរាណ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

អគារការិយាល័យចំនួនបី មានកម្ពស់ខ្ពស់ជាងគេ ដែលក្រុមហ៊ុន Skidmore Owing & Merrill (SOM) បានបញ្ចប់ការសាងសង់ នៅក្នុងទីក្រុងប៉េកាំង មានរចនាជាម៉ូដគ្រោ...

មកស្គាល់! ប្រាសាទ និងសួនច្បារ ដ៏ស្រស់ស្អាតបំផុតទាំង 5 របស់ប្រទេសជប៉ុន

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ការជ្រើសរើសកំពូលប្រាសាទ និងសួនច្បារដ៏ស្រស់ស្អាតទាំង 5 នៅក្នុងទឹកដីប្រទេសជប៉ុន គឺរឿងមួយដែលមិនងាយស្រួលទេ ពីព្រោះគ្រាន់តែទីក្រុងក្យូតូមួយប៉ុណ្ណោះ មានប...

Tomnerb.Com - YouTube Channel