បច្ចេកវិទ្យាសាកថ្មថ្មីពី Vivo កាន់តែខ្លាំង!
បេក្ខភាពចូលរួមថ្មីមួយ បានបង្ហាញវត្តមាននៅក្នុងការប្រកួតប្រជែងផលិតផលទូរសព្ទរបស់ប្រទេសចិន ដែលមានបំពាក់បច្ចេកវិទ្យាបញ្ចូលថ្មល្បឿនលឿន (Ultra-Fast-Charging) នៅក្នុងថ្ងៃនេះ គឺនៅពេលដែលក្រុមហ៊ុន Vivo បានប្រកាសអំពីបច្ចេកវិទ្យា Super FlashCharge 120W របស់ក្រុមហ៊ុនផ្ទាល់។
នៅពេលនេះយើងមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីដំណើរការរបស់បច្ចេកវិទ្យាថ្មីនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានអះអាងថា វាមានសមត្ថភាពបញ្ចូលថាមពលបានពេញទៅក្នុងថ្មទូរសព្ទមានកម្លាំង 4,000mAh នៅក្នុងរយៈពេលត្រឹមតែ 13 នាទី ដែលអាចធ្វើឱ្យវាក្លាយជាដំណោះស្រាយលឿនជាងគេនៅក្នុងទីផ្សារបច្ចេកវិទ្យាបញ្ចូលថាមពលនាពេលបច្ចុប្បន្ន បើសិនជាវាពិតជានឹងបង្ហាញវត្តមានពិតប្រាកដនៅលើផលិតផលទូរសព្ទដៃ។ អ្នកតំណាងរបស់ក្រុមហ៊ុន Vivo មិនបានឆ្លើយតបនឹងសំណើសុំព័ត៌មានលម្អិតបន្ថែមនោះទេ។
អ្នកគ្រប់គ្រងផ្នែកផលិតកម្មមួយរូបរបស់ក្រុមហ៊ុន Vivo បានបង្ហោះវីដេអូមួយនៅលើគេហទំព័រ Weibo ដែលបានបង្ហាញពីទូរសព្ទមួយគ្រឿងកំពុងបញ្ចូលថាមពលចាប់ពីរង្វង់ប្រមាណ 10-14% នៅក្នុងរយៈពេលប្រមាណ 16 វិនាទី តែវាមិនបានបង្ហាញអំពីការចូលទៅកៀកនឹងវដ្តនៃការបញ្ចូលថាមពលពេញលេញទេ។ ជោគជ័យខ្លាំងជាងគេរបស់ក្រុមហ៊ុន Vivo មកទល់ពេលបច្ចុប្បន្ន គឺបច្ចេកវិទ្យាបញ្ចូលថាមពលកម្រិត 44W នៅក្នុងទូរសព្ទហ្គេមម៉ូដែល iQOO ដែលមានបំពាក់ថ្មថាមពល 4,000mAh ដែលអាចឈានដល់កម្រិតថាមពលពេញលេញក្នុងរយៈពេល 45 នាទី។
គួររំលឹកផងដែរថា កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Xiaomi បានប្រកាសពីប្រព័ន្ធបញ្ចូលថាមពល 100W ដែលអាចបញ្ចូលថាមពលទៅកាន់ថ្មកម្លាំង 4,000mAh នៅក្នុងរយៈពេល 17 នាទី តែយ៉ាងណាក្តីបច្ចេកវិទ្យានេះមិនទាន់បង្ហាញវត្តមាននៅក្នុងផលិតផលណាមួយនៅឡើយទេ។
ទូរសព្ទដៃ ដែលមានបច្ចេកវិទ្យាបញ្ចូលថាមពលល្បឿនលឿនជាងគេ ដែលអ្នកអាចស្វែងរកទិញបានពិតប្រាកដនាពេលបច្ចុប្បន្ន គឺនៅតែជាទូរសព្ទម៉ូដែល Oppo Find X Lamborghini Edition ដដែល ដោយវាជាទូរសព្ទដែលមានបំពាក់ជាមួយឧបករណ៍បញ្ចូលថាមពល Super VOOC ដែលអាចបញ្ចូលថាមពលពេញក្នុងថ្មមានកម្លាំង 3,400mAh ក្នុងរយៈពេល 35 នាទី។
ក្រុមហ៊ុន Vivo ទំនងជានឹងដាក់បង្ហាញអំពីបច្ចេកវិទ្យា Super FlashCharge 120W នៅ សប្តាហ៍ក្រោយនេះហើយ នៅក្នុងព្រឹត្តិការណ៍ MWC Shanghai ព្រមជាមួយការបង្ហាញអំពីឧបករណ៍ 5G ដំបូងរបស់ក្រុមហ៊ុនផងដែរ៕