Vivo បង្ហាញរូបភាពទូរស័ព្ទ NEX 3 ថ្មី មានអេក្រង់កញ្ចក់កោង
ក្រុមហ៊ុន Vivo បានចាប់ផ្តើម បង្កើនការផ្សព្វផ្សាយ សម្រាប់ទូរស័ព្ទ NEX ជំនាន់ក្រោយរបស់ខ្លួន។ បន្ទាប់ពី ការបែកធ្លាយរូបភាពអេក្រង់កញ្ចក់កោង កាលពីខែមុន។ អេក្រង់កញ្ចក់កោងនេះ ត្រូវបានអ្នកគ្រប់គ្រងផ្នែកផលិតទូរស័ព្ទ NEX លោក Li Xiang បានបង្ហោះរូបភាពរបស់វា ដោយខ្លួនលោកផ្ទាល់នៅលើ Weibo នៅក្នុងសប្តាហ៍នេះ។ ហើយក្រុមហ៊ុន Vivo ក៏កំពុងប្រៀបធៀបរូបភាព «ទឹកធ្លាក់» ដើម្បីពិពណ៌នាអំពី គែមកោងជិត 90ដឺក្រេ ជាមួយនឹងទូរស័ព្ទគំរូដើម ដែលក្រុមហ៊ុនទូរស័ព្ទ Oppo បានបង្ហាញ កាលពីខែមុនផងដែរ។ សម្រាប់ បន្ទះខាងក្រោយនៃទូរស័ព្ទ NEX ថ្មីមានរាងជារង្វង់ សម្រាប់បំពាក់កាមេរ៉ាចំនួន 3គ្រាប់ ដែលមើលទៅហាក់ដូចជាវាត្រូវបានបំផុសគំនិត តាមរយៈការរចនាម៉ូតនាឡិកា។
ទូរស័ព្ទ NEX ដំបូងរបស់ Vivo ក៏ជាទូរស័ព្ទដំបូង ដែលមានកាមេរ៉ាថត Selfie នៅក្នុងចំណោមទូរស័ព្ទជំនាន់ដំបូងផ្សេងៗទៀត ដែលមានឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃ។ ហើយការរចនាទូរស័ព្ទ NEX ជំនាន់ទីពីរ គឺមាន Dual Display Edition ដែលជាបច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែម្តងម្កាល វាកើតមានកំហុសឆ្គងមួយចំនួនលេចចេញមកកាលពីឆ្នាំ មុន។ ហេតុនេះតាំងពីនោះមក ទូរស័ព្ទ NEX ថ្មីក៏មិនមាន ហើយដូច្នេះ ការរំពឹងទុកក៏នឹងត្រូវបានលើកឡើង សម្រាប់ក្រុមហ៊ុនទូរស័ព្ទ Vivo ដើម្បីបង្កើតផ្នែក Hardware ដែលមានលក្ខណៈពិសេសៗមួយចំនួន នាពេលឆាប់ៗនេះ៕