Vivo ប្រកាស ទូរស័ព្ទ Nex 3 5G នឹងមានអេក្រង់កោងទឹកជ្រោះ ជាមួយនឹងកាមេរ៉ាទំហំ 64មេហ្គាភិចស៊ែល និងប៊ូតុងនិមិ្មត
បន្ទាប់ពីការបែកធ្លាយព័ត៌មានចចាមអារាមអស់ជាច្រើនខែមក ទីបំផុតទូរទស្សន៍ Nex 3 របស់ Vivo បានចេញជាផ្លូវការហើយ។ ដូចគ្នានឹងអ្វីដែលអតិថិជនបានរំពឹងទុកថា មុខងារដ៏សំខាន់ នោះគឺអេក្រង់កោង OLED «ទឹកជ្រោះ FullView» ដែលលាតសន្ធឹងនៅសងខាងទូរស័ព្ទ Nex 3 ហើយក្រុមហ៊ុន Vivo ក៏បានអះអាងថា នឹងផ្តល់សមាមាត្រនៅលើអេក្រង់ទូរស័ព្ទថ្មីនេះរហូតដល់ 99.6% ។
សម្រាប់អេក្រង់កោងទំហំ 6.89អ៊ីញ ក្នុងកម្រិត 1080p គឺពិតជាចម្លែកណាស់ ប្រសិនបើវាមិនមានប៊ូតុងសម្រាប់ចុចនៅលើទូរស័ព្ទ ប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុន Vivo កំពុងបន្ថែមប៊ូតុងនិម្មត ដែលត្រូវបានហៅថា «Touch Sense» ហើយវាដំណើរការជាមួយនឹងប្រព័ន្ធផ្តល់ព័ត៌មានប្រតិកម្ម «Haptic Feedback» ស្រដៀងគ្នាទៅនឹងទូរស័ព្ទគ្មានរន្ធ និងគ្មានប៊ូតុងប្រភេទ Apex 2019 ដែលអតិថិជនធ្លាប់បានឃើញកាលពីដើមឆ្នាំនេះ។
ទូរស័ព្ទ Nex 3 ថ្វីត្បិតតែមិនមានលក្ខណៈទំនើបៗ ដូចទៅនឹងទូរស័ព្ទនាពេលអនាគត ដែលយើងគ្រប់គ្នាបានរំពឹងទុក ប៉ុន្តែវានៅតែមានលក្ខណៈជឿនលឿនខាងផ្នែកបច្ចេកវិទ្យាដូចគ្នាទៅនឹងស្មាតហ្វូនដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android សព្វថ្ងៃនេះ។ ម្យ៉ាងទៀត ក្រុមហ៊ុន Vivo កំពុងបញ្ចេញប្រព័ន្ធ Version 4G និង 5G ព្រមទាំងដំណើរការដោយប្រព័ន្ធ Snapdragon 855 Plus របស់ក្រុមហ៊ុន Qualcomm និងមានប្រព័ន្ធចំហាយត្រជាក់។ សម្រាប់សមត្ថភាពថ្ម គឺ 4,500mAh និងគាំទ្រការសាកថ្មល្បឿនលឿន FlashCharge 44W។ ហើយដូចគ្នាទៅនឹងគ្រប់ទូរស័ព្ទ Vivo ដែលមាន Sensor ស្គាល់ស្នាមម្រាមដៃ។ លើសពីនេះ កាមេរ៉ាផ្នែកខាងក្រោយនៃទូរស័ព្ទ Nex 3 ថ្មីនេះក៏មានទំហំ 64មេហ្គាភិចស៊ែល, Ultrawide ទំហំ 13មេហ្គាភិចស៊ែល, និងមាន Telephoto ទំហំ 13មេហ្គាភិចស៊ែល។ Vivo ក៏កំពុងតែវិលត្រឡប់មករកកាមេរ៉ាថតរូប Selfie ជាមួយនឹងម៉ូឌុលទំហំ 16មេហ្គាភិចស៊ែលផងដែរ។
ឥឡូវនេះ ក្រុមហ៊ុន Vivo មិនទាន់បានប្រកាសតម្លៃ ឬ ចេញផ្សាយព័ត៌មានលម្អិតនៃទូរស័ព្ទ Nex 3 ថ្មីនេះនៅឡើយទេ ប៉ុន្តែគ្រាន់តែនិយាយថា វានឹងមាននៅប៉ុន្មានខែខាងមុខទៀតនេះ នៅអាស៊ីប៉ាស៊ីហ្វិច អាស៊ីអាគេ្នយ៍ និងទីផ្សារផ្សេងៗទៀត។ ដូច្នេះ យើងមានតែទន្ទឹងរង់ចាំមើលទាំងអស់គ្នា អំពីព័ត៌មានលម្អិតនៃទូរស័ព្ទ Nex 3 ថ្មីរបស់ Vivo ៕