ចូលចិត្តទំនើប

មកស្គាល់ Tablet ស្តើងបំផុតរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីផលិតផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងឆ្នាំនេះ ប៉ុន្តែវាមិនមែនជាផលិតផលទូរសព្ទ ដែលយើងទាំងអស់គ្នាកំពុងអន្ទះសារចង់ដឹងនោះទេ។ ជំនួសវិញ ក្រុមហ៊ុនបានធ្វើការបញ្ចេញផលិតផល Tablet ថ្មីមួយ មានឈ្មោះថា Tab S5e។
វាជា Tablet មានទំហំ 10 inch បំពាក់ដោយប្រព័ន្ធ Android 9 Pie ដែលក្រុមហ៊ុនបានអះអាងថាជាផលិតផល Tablet ស្តើង និងស្រាលបំផុតរបស់ក្រុមហ៊ុន មិនធ្លាប់មានពីមុនមក។ វាត្រូវបានផលិតក្នុងកម្រាស់ 5.1 មីលីម៉ែត្រ និងទម្ងន់ 400 ក្រាម។ បន្ថែមលើនេះ វាជា Tablet ដំបូងដែលមានបំពាក់បច្ចេកវិទ្យា Bixby 2.0 ដំបូងបង្អស់។ ដូច្នេះអ្នកអាចប្រើប្រាស់មុខងារ Voice Assistant ដើម្បីធ្វើការបញ្ជារសម្ភារៈប្រើប្រាស់ជាគូនឹង Samsung ឬ SmartThings។

ក្រុមហ៊ុន Samsung ក៏បានណែនាំអំពីមុខងារដ៏គួរឱ្យចាប់អារម្មណ៍ថ្មីមួយ មានឈ្មោះថា Call & Message Continuity ដែលអនុញ្ញាតឱ្យអ្នកធ្វើការហៅ និងទទួលទូរសព្ទ និងផ្ញើសារជាអក្សរនៅលើ Tablet។ តាមរយៈការគាំទ្រសម្រាប់បច្ចេកវិទ្យា DeX Multitasking Software របស់ក្រុមហ៊ុនផ្ទាល់ អេក្រង់ Super AMOLED និងឧបករណ៍បំពងសម្លេង AKG-Tuned ចំនួន 4 ធ្វើឱ្យផលិតផល Tab S5e មានផ្តល់នូវមុខងារកាន់តែច្រើន សម្រាប់តម្លៃ $400។
នេះជាការផ្តល់ជូនដ៏ទាក់ទាញ ប៉ុន្តែវានៅតែមានចំណុចអវិជ្ជមានយ៉ាងប្រាកដ។ យោងតាមក្រុមហ៊ុន Samsung តួអក្សរ e នៅលើឈ្មោះរបស់ផលិតផលថ្មីនេះ តំណាងឱ្យពាក្យ Essential ហើយវាជាផលិតផលដែលស្ថិតនៅចំកណ្តាលស្រឡាញផលិតផល Tablet របស់ក្រុមហ៊ុន។ ទោះបីជាវាត្រូវបានបំពាក់ដោយតួ លោហៈធាតុ Unibody លំដាប់ខ្ពស់ក្តី ប៉ុន្តែ Tab S5e មិនមែនជាផលិតផលលំដាប់ខ្ពស់ដូច Tab S4 ដែលមានតម្លៃរហូតដល់ $650 នោះឡើយ។ ម៉ូដែល Tab S4 មានល្បឿនលឿនជាង ជាមួយ Snapdragon 835 CPU ដែលអាចដំណើរការមុខងារចម្រុះបានកាន់តែប្រសើរ ខណៈដែលម៉ូដែល Tab S5e ប្រើប្រាស់ Snapdragon 670 ដែលមានកម្លាំងតិចជាង។ នេះមានន័យថា វាប្រហែលជាគ្រាន់តែអាចគ្រប់គ្រងមុខងារមួយ ឬពីរក្នុងពេលដំណាលគ្នា ធៀបនឹងការបំពេញមុខងារបានរហូតដល់ 10 មុខងារក្នុងពេលតែមួយ ដែលម៉ូដែល S4 អាចធ្វើបានយ៉ាងរលូន។

ចំណុចខុសគ្នាមួយផ្សេងទៀតរវាងម៉ូដែលទាំងពីរនេះគឺ S5e មិនមានគាំទ្រដំណើរការជាមួយ S Pen Stylus របស់ Samsung ទេ ផ្ទុយពីផលិតផល Tablet លំដាប់ខ្ពស់ដទៃទៀត ដែលមានគ្រឿងបន្លាស់បន្ថែមនេះនៅភ្ជាប់ជាមួយគ្នា។ ខណៈដែរ Tablet ទាំងពីរនេះមាន Pogo Pins សម្រាប់ភ្ជាប់ជាមួយ Keyboard ផលិតផលទាំងពីរនេះមិនមានភ្ជាប់ Keyboard មកជាមួយទេ។ អ្នកនឹងត្រូវចំណាយបន្ថែម $150 សម្រាប់ផលិតផលរបស់ Samsung ផ្ទាល់ ឬប្រើប្រាស់ Keyboard ដទៃទៀត។

ក្រុមហ៊ុនមិនរំពឹងថាអតិថិជននឹងប្រើប្រាស់ Tab S5e សម្រាប់បំពេញមុខងារធ្ងន់ៗទេ។ ក្រុមហ៊ុន ផ្តោតគោលដៅលើអតិថិជនដែលចង់បានឧបករណ៍មានទំហំធំជាងទូរសព្ទដៃរបស់ពួកគេ សម្រាប់ទស្សនាភាពយន្ត ឬលេងហ្គេម។ សម្រាប់អតិថិជនប្រភេទនេះ អេក្រង់ Edge-to-Edge 2,560 x 1,600 និងឧបករណ៍បំពងសម្លេងចំនួន 4 គ្រឿង អាចផ្តល់នូវបទពិសោធន៍ការកំសាន្តដ៏ល្អមួយ។ ប៉ុន្តែវាក៏ផ្តល់នូវអ្វីដែល Samsung ហៅថា Smarter Connectivity ជាមួយនឹងការបំពាក់មុខងារ Bixby និង Call & Message Continuity។ មុខងារនេះអាចដំណើរការបាន ទោះបីជាអ្នកទុកទូរសព្ទនៅផ្ទះក្តី ដរាបណា Tab S5e ត្រូវបានភ្ជាប់ជាមួយ WiFi ឬ LTE។

Samsung សន្យាថា Tablet ថ្មីនេះនឹងផ្តល់នូវកម្លាំងថ្ម 14.5 ម៉ោង ចេញពីថ្មកម្លាំង 7,040mAh ដូច្នេះអ្នកអាចប្រើប្រាស់វាបានកាន់តែយូរ ប៉ុន្តែរយៈពេលដំណើរការនៅលើម៉ូដែល LTE ត្រូវបានព្យាករណ៍ថាមានភាពខុសគ្នា។ អ្នកនឹងត្រូវរងចាំសម្រាប់ Version ដែលអាចភ្ជាប់ជាមួយសេវាទូរសព្ទសម្រាប់ Tab S5e រហូតដល់ចុងឆ្នាំនេះ ប៉ុន្តែសម្រាប់ម៉ូដែលប្រើប្រាស់ WiFi ធម្មតានឹងត្រូវបញ្ចេញលក់នៅត្រីមាសទី 2 ក្នុងឆ្នាំនេះហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

Mercedes បានបង្កើតរថយន្តក្រុង សម្រាប់អនាគតកាល

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ក្រុមហ៊ុន Mercedes-Benz ចង់នាំយកប្រព័ន្ធដឹកជញ្ជូន ស្វយ័តមកជូនមហាជនទាំងអស់។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានបង្កើតរថយន្តក្រុង ពាក់កណ្តាលស្វយ័ត មានឈ្មោះថា ...

Google អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទូរសព្ទ Android ជាសោរសុវត្ថិភាព

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Apr, 2019

នៅថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថាគ្រប់ទូរសព្ទទាំងអស់ដែលដំណើរការប្រព័ន្ធ Android 7 ឬខ្ពស់ជាងនេះ នាពេលនេះអាចប្រើប្រាស់ជាសោរសុវត្ថិភាពសម្រាប់បំពេញ...

តោះ! មកស្គាល់ វិធីដោនឡូត watchOS 5.2 នៅក្នុង Apple Watch

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

នាឡិកា Apple Watch 4 ឥឡូវនេះគឺអាចតំឡើងជាមួយនឹង Version watchOS 5 ប៉ុន្តែអ្នកមិនត្រូវការ Wearable ចុងក្រោយរបស់ Apple ឡើយ ដើម្បីទទួលបាន Software ថ្មី...

ព័ត៌មានបែកធ្លាយពីទូរសព្ទ iPhone XI Max ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 17 Jan, 2019

ទោះបីជាមានបញ្ហាចម្រូងចម្រាស់លើការផ្លាស់ប្តូររូបរាង ទូរសព្ទ iPhone ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបានរងការរិះគន់ជារឿយៗ អំពីកង្វះខាតគំនិតច្នៃប្រ...

Tomnerb.Com - YouTube Channel