Samsung A8s ទូរសព្ទដំបូងមានអេក្រង់ Infinity-O
តាមប្រកៀកប្រកិតនឹងការបញ្ចេញព័ត៌មានអំពីទូរសព្ទ Honor View 20 នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសពីទូរសព្ទថ្មីមួយគ្រឿង ដែលនឹងត្រូវបានផលិតឡើងពីអេក្រង់ Infinity-O ថ្មីរបស់ក្រុមហ៊ុនផ្ទាល់។
ទូរសព្ទ Samsung A8s មានបំពាក់ Hole-Punch រចនាឡើងសម្រាប់ជាទីកន្លែងរបស់កាមេរ៉ា Selfie នៅផ្នែកខាងលើ ជ្រុងខាងឆ្វេង នៃផ្ទៃអេក្រង់។
ក្រុមហ៊ុន Samsung បានរៀបរាប់ថា ក្រុមហ៊ុនមានបំណងបញ្ចេញមុខងារថ្មីនៅលើទូរសព្ទប្រភេទ Mid-Range ជាមុនសិន បន្ទាប់ពីបានបរាជ័យនៅក្នុងទីផ្សារមួយភាគធំ ទៅកាន់គូប្រជែងជាក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន។ ទូរសព្ទ A8s គឺជាឧទាហរណ៍ដ៏ល្អមួយ នៃយុទ្ធសាស្រ្តថ្មីនេះ។
ក្រៅពីអេក្រង់ទំហំ 6.4 inch (2340 x 1080 pixel) ដ៏ពិសេសនេះ ទូរសព្ទនេះជាប្រភេទទូរសព្ទ Mid-Range លក្ខណៈស្តង់ដាមួយ ថ្វីត្បិតវាមិនទាន់ត្រូវបានបង្ហាញប្រាប់ពីតម្លៃក្តី។ ទូរសព្ទ A8s ទទួលបានថាមពលពី Snapdragon 710 ជាមួយនឹងជម្រើស RAM ទំហំ 6GB ឬ 8GB និងទំហំឃ្លាំងផ្ទុកទិន្នន័យនៅក្នុងទូរសព្ទទំហំ 128GB ដែលអាចពង្រីកបានរហូតដល់ 512GB តាម រយៈការប្រើប្រាស់ microSD។ នៅផ្នែកខាងក្រោយ ទូរសព្ទនេះទទួលបានកាមេរ៉ាចំនួន 3 គ្រឿង ដូចគ្នានឹងទូរសព្ទ Galaxy A7 ដែរ ខណៈដែលកាមេរ៉ា Selfie នៅខាងមុខ ត្រូវបានបំពាក់នៅក្នុងរន្ធកាត់មួយ ដែលជា Sensor មានទំហំ 24 Megapixel។
បើសិនជាឆ្នាំ 2018 ជាឆ្នាំនៃទូរសព្ទមានអេក្រង់ Notch ដូច្នេះវាទំនងដូចជាឆ្នាំ 2019 នឹងក្លាយជាឆ្នាំនៃទូរសព្ទមានអេក្រង់ Hole-Punch។ ការប្រកាសអំពីទូរសព្ទ A8s នាំមកនូវការបញ្ជាក់អំពីចំនួនទូរសព្ទដែលមានអេក្រង់ Hole-Punch សរុបចំនួន 3 ម៉ូដែល។
យើងរំពឹងថានឹងបានឃើញទូរសព្ទ Huawei Nova 4 នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំនេះ ខណៈដែលទូរសព្ទ Honor View 20 នឹងចេញលក់ជាផ្លូវការនៅប្រទេសចិននៅថ្ងៃទី 26 ខែធ្នូ និងចេញលក់ទូទាំងពិភពលោក នៅថ្ងៃទី 22 ខែមករា ឆ្នាំក្រោយ។ រីឯការ Pre-Order សម្រាប់ទូរសព្ទ Samsung A8s នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី 21 ខែធ្នូនេះហើយ។
ជាមួយគ្នានេះផងដែរ ទូរសព្ទ Samsung S10 ស៊េរីឆ្នាំ 2019 ក៏ត្រូវបានព័ត៌មានចចាមអារ៉ាមនិយាយថា នឹងមានបំពាក់អេក្រង់ Infinity-O ដែរ ប៉ុន្តែវាមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការដោយក្រុមហ៊ុន Samsung នៅឡើយទេ។