Nokia ដាក់ដំណើរការបច្ចេកវិទ្យា MIKA Digital Assistant ដើម្បីជាជំនួយដល់ ក្រុមហ៊ុនទូរគមនាគមន៍
មួយរយៈមុន ទូរសព្ទ Nokia Android បានបញ្ចេញព័ត៌មាន អំពីការដាក់ដំណើរការប្រព័ន្ធ Digital Assistant ដោយផ្ទាល់ មានឈ្មោះថា «Viki» ប៉ុន្តែពេលនេះ ក្រុមហ៊ុន Nokia បានដាក់ដំណើរការ ប្រព័ន្ធ MIKA (Multi-purpose Intuitive Knowledge Assistant) digital assistant ដែលផ្ទុយពី ព័ត៌មានអំពី Viki ដែលធ្លាប់បានលេចលឺ។ ក្រុមហ៊ុននេះនិយាយថា ប្រព័ន្ធជំនួយឌីជីថល ជាជំនួយដ៏ សំខាន់សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ ដោយវានឹងផ្តល់ជូនក្រុមហ៊ុនទាំងនោះ នូវព័ត៌មានសំខាន់ៗ បានលឿនជាងមុន។
ប្រព័ន្ធ MIKA របស់ Nokia គឺជាប្រព័ន្ធជំនួយឌីជីថល ដំបូងដែលត្រូវបានហ្វឹកហ្វឺន សម្រាប់ក្រុមហ៊ុន ផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍ និងត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវប្រព័ន្ធសម្លេងតាមដាន ដោយស្វ័យប្រវត្តិ ដែលជួយសន្សំសំចៃពេលវេលា ក្នុងការស្វែងរកប្រភពទិន្នន័យ និងផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការងារសំខាន់ៗ ដទៃទៀតជំនួស ដោយមិនមានការរំខាន ពីភាពស្មុគស្មាញរបស់ប្រព័ន្ធបច្ចេកវិទ្យាចម្រុះ។
ក្រុមហ៊ុន Nokia បានថ្លែងថា យោងតាមការវិភាគអំពីវិធីសាស្រ្ត នៃដំណើរការនៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការបណ្តាញទិន្នន័យ (Network Operations Center) បានបង្ហាញថាបច្ចេកវិទ្យា MIKA អាចផ្តល់ត្រឡប់ ឬផ្តល់ពេលវេលាទំនេរច្រើន ជាងមួយម៉ោងរៀងរាល់ថ្ងៃ ដល់អ្នកជំនាញវិស្វកម្ម ដោយផ្តល់ឱ្យពួកគេនូវការទទួលបានព័ត៌មាន និងការណែនាំ តាមរយៈមុខងារស្វែងរកចំណុចស៊ីគ្នានៃអន្តរកម្មរបស់ អ្នកប្រើប្រាស់។ ក្រុមហ៊ុនបានបន្ថែមថា MIKA រួមបញ្ចូលភាពឆ្លាតវៃបន្ថែមជាមួយការសិក្សាដោយស្វ័យប្រវត្តិ ដើម្បីផ្តល់នូវការដំណើរការទៅកាន់ឧបករណ៍ប្រើប្រាស់ ឯកសារ និងប្រភពទិន្នន័យ។ ទាំងនេះរួមមាន Nokia AVA ដែលជាកម្មវិធីចំណេះដឹង ប្រមូលផ្តុំដោយការអនុវត្តល្អៗ ដែលប្រមូលបានពីគម្រោង Nokia ទូទាំងពិភពលោក។ មុខងារនេះផ្តល់នូវការប្រើប្រាស់ចំណេះដឹង និងផ្តល់នូវការណែនាំនានា ផ្អែកលើបញ្ហាស្រដៀងគ្នា ដែលត្រូវបានជួបប្រទះដោយក្រុមហ៊ុនសេវាកម្មទូរសព្ទនានា។ MIKA អាចដំណើរការតាមរយៈគេហទំព័រ ឬភ្នាក់ងារទូរសព្ទចល័ត ដូច្នេះអ្នកជំនាញវិស្វកម្មអាចទទួលបានព័ត៌មាន និងចំណេះដឹងដែលមាននៅក្នុងប្រព័ន្ធនេះ ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ។
ការស្វែងរកព័ត៌មានដ៏ត្រឹមត្រូវ គឺជាបញ្ហាប្រឈមប្រចាំថ្ងៃរបស់វិស្វករ ក្រុមហ៊ុនទូរគមនាគមន៍ ដែលមានតួនាទីផ្តល់នូវបណ្តាញទិន្នន័យ ដែលមានគុណភាព។ MIKA បានដើរតួនាទីនៅក្នុង Nokia AVA ដើម្បីផ្តល់នូវព័ត៌មានបានឆាប់រហ័ស និងជាក់លាក់ ជៀសវាងការខាតបង់ពេលវេលាលើការស្រាវជ្រាវ។ « MIKA ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់តម្រូវការជាក់លាក់ នៃទូរគមនាគមន៍ និងអាចបញ្ជូនការណែនាំផ្អែក លើបទពិសោធន៍ពីបណ្តាញទិន្នន័យទូទាំងពិភពលោក» នេះជាការលើក ឡើងរបស់លោក Igor Leprince ប្រធានផ្នែកសេវាកម្មសកលនៅក្រុមហ៊ុន Nokia។
ប្រព័ន្ធជំនួយឌីជីថល MIKA ដែលមានលក្ខណៈជាសេវាកម្ម អាចដំណើរការបានសម្រាប់អតិថិជនដែលចង់បានវា និងត្រូវចង្អុលបង្ហាញនៅកិច្ចប្រជុំ Mobile Word Congress ក្នុងទីក្រុង Barcelona នាខែក្រោយ។
ក្រៅពីប្រព័ន្ធជំនួយឌីជីថល Nokia ក៏បានណែនាំពីសេវាកម្ម Predictive Repair ដែលមានបំណង ជួយក្រុមហ៊ុនទូរគមនាគមន៍ ក្នុងការកាត់បន្ថយការចំណាយ និងពង្រឹងគុណភាពបណ្តាញ ដោយផ្តល់នូវសេវាកម្មជួសជុល និងថែរក្សាបរិក្ខា។
យោងតាមការអះអាងរបស់ក្រុមហ៊ុន សេវាកម្ម Predictive Repair អាចទាយទុកពីភាពបរាជ័យនៃ Hardware និងផ្តល់ការណែនាំអំពីការផ្លាស់ប្តូរ មុនរហូតដល់១៤ថ្ងៃ ដែលអាចជឿជាក់បានរហូតដល់ ៩៥%។ ការណែនាំទាំងនោះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនពង្រឹងប្រសិទ្ធភាពការងារ ដោយជៀសវាងបាននូវការស្រាវជ្រាវតាមគេហទំព័រ ការប្រើប្រាស់ច្រើនហួសកំណត់ និងការចំណាយដោយអសារបង់។ សេវាកម្មនេះអាចដំណើរការបានជាមួយក្រុមហ៊ុន ដែលប្រើប្រាស់ឧបករណ៍ 3G និង 4G របស់Nokia។