ចូលចិត្តទំនើប

ចង់ទិញវ៉ែនតាកុំព្យូទ័រមែនទេ? អានអត្ថបទនេះសិនទៅ!

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

អ្នកធ្វើការក្នុងការិយាល័យភាពច្រើន ចំណាយពេល 1,700 ម៉ោង ក្នុងមួយឆ្នាំ អង្គុយនៅពីមុខអេក្រង់កុំព្យូទ័រ។ លើសពីនេះ យើងតែងចំណាយពេលច្រើនម៉ោងនៅចំពោះមុខអេក្រង់ទូរសព្ទផង ដែរ។ គ្រប់ពេលនៅចំពោះមុខអេក្រង់ទាំងនេះ បានជះឥទ្ធិពលអាក្រក់ដល់រាងកាយ និងស្មារតីរបស់យើង ដូចជាបញ្ហាភ្នែក ឈឺក្បាល និងគេងមិនលក់ជាដើម។ ដើម្បីបញ្ជៀសបញ្ហាទាំងនេះ អ្នកអាចជ្រើសយកវ៉ែនតាកុំព្យូទ័រ ឬអាចហៅបានថា វ៉ែនតាការពារពន្លឺពណ៌ខៀវ ដែលជួយទប់ស្កាត់បញ្ហាភ្នែក និងជួយឱ្យអ្នកគេងបានលក់ស្រួល។ សំណួរសួរថា តើវ៉ែនតាប្រភេទនេះពិតជាអាចជួយកាត់បន្ថយបញ្ហានានាបានដែរឬទេ នៅពេលយើងសម្លឹងលើផ្ទៃអេក្រង់លើសពី 8 ម៉ោងក្នុងមួយថ្ងៃដូចនេះ? ចម្លើយមាននៅក្នុងអត្ថបទខាងក្រោម សម្រាប់ការពិចារណាររបស់អ្នក។

តើការសម្លឹងមើលអេក្រង់ច្រើនមួយជារៀងរាល់ថ្ងៃ មានផលអាក្រក់ដែរឬទេ?
ចម្លើយដ៏ខ្លី គឺអាច។ វេជ្ជបណ្ឌិត និងអ្នកស្រាវជ្រាវជាច្រើន បានផ្តោតលើបញ្ហាធំៗ 2 ដែលកើតឡើងពីការសម្លឹងអេក្រង់។ នោះគឺ Digital Eye Strain និង Blue Light Exposure។ Digital Eye Strain គឺជាបញ្ហាទាំងឡាយណាដែលកើតចេញពីភ្នែក និងចក្ខុវិញ្ញាណ ដែលកើតចេញពីការប្រើប្រាស់កុំព្យូទ័រ Tablet, E-Reader និងទូរសព្ទដៃ។ បញ្ហាទាំងនោះរួមមាន ភ្នែកស្រវាំង និងស្ងួត រហូតដល់ការឈឺក្បាល និងកញ្ចឹង ក។ ការសម្លឹងមើលអេក្រង់ពេញមួយថ្ងៃ ធ្វើឱ្យយើងប្រឈមនឹងរលកពន្លឺពណ៌ខៀវ ដែលអាចបណ្តាលឱ្យមានបញ្ហាជាច្រើន។ មានភស្តុតាងចម្រូងចម្រាស់ជាច្រើនអំពីផលប៉ះពាល់នៃពន្លឺពណ៌ខៀវ មកលើភ្នែក ប៉ុន្តែក្រុមវេជ្ជបណ្ឌិត និងអ្នកស្រាវជ្រាវបានយល់ស្របថា វាពិតជាមានផលអាក្រក់ចំពោះចង្វាក់ចរន្តរាងកាយ (Circadian Rhythm) របស់យើង។

អ្វីជាពន្លឺពណ៌ខៀវ?

គ្រប់ពន្លឺដែលកែវភ្នែករបស់យើងមើលឃើញ មានផ្ទុកដោយវិសាលគមន៍នៃឥន្ទនូទាំងអស់ រាប់ពីពណ៌ក្រហម ដល់ពណ៌ស្វាយក្រម៉ៅ។ នៅក្នុងវិសាលគមន៍នេះ គឺជារលកពន្លឺពណ៌ខៀវ ដែលជួយឱ្យយើងដឹងខ្លួន និងមានស្មារតីស្វាងស្រឡះ។

តើអ្វីដែលបញ្ចេញពន្លឺពណ៌ខៀវ?

គ្រប់ប្រភពនៃពន្លឺដែលមើលឃើញសុទ្ធតែបញ្ចេញរលកពន្លឺពណ៌ខៀវ មិនថាជាពន្លឺព្រះអាទិត្យ ឬពន្លឺអេក្រង់ ឬពន្លឺអំពូលឡើយ។ យើងទទួលរងរលកពន្លឺពណ៌ខៀវជាច្រើន ចេញពីព្រះអាទិត្យ ប៉ុន្តែនៅពេលយប់ យើងនៅតែប្រឈមនឹងពន្លឺពណ៌ខៀវ ចេញពីគ្រប់ប្រភពពន្លឺសិប្បនិមិត្ត។

តើពន្លឺពណ៌ខៀវជះផលដូចម្តេចចំពោះដំណេក?

នៅពេលព្រះអាទិត្យលិចបាត់ កង្វះខាតពន្លឺគឺជាសញ្ញាបង្ហាញថារាងកាយរបស់យើងចាប់ផ្តើមផលិតសារធាតុ Melatonin ជាអ័រម៉ូនឆ្លើយតបសម្រាប់ធ្វើឱ្យយើងងងុយគេង។ មុនពេលពន្លឺភ្លើងសិប្បនិមិត្តត្រូវបានបង្កើត ព្រះអាទិត្យជាអ្នកកំណត់ពេលគេងរបស់យើង។ ប៉ុន្តែសព្វថ្ងៃ យើងប្រឈមមុខនឹងពន្លឺទាំងពេលថ្ងៃ និងពេលយប់។ ខណៈពេលដែលប្រឈមនឹងពន្លឺគ្រប់ប្រភេទ បន្ទាប់ពីមេឃងងឹត ដែលពន្យារពេលការផលិតសារធាតុ Melatonin របស់រាងកាយយើង រលកពន្លឺពណ៌ខៀវអាចបង្កជាបញ្ហា ព្រោះវាធ្វើឱ្យយើងស្វាង។ ប៉ុន្តែ ពន្លឺពណ៌ខៀវអាចជួយយើងដោះស្រាយបញ្ហាគេងជ្រុល ដោយរំខានដល់ចង្វាក់ចរន្តរាងកាយ។ ឧទាហរណ៍ គេប្រើប្រាស់ពន្លឺ ដើម្បីដោះស្រាយបញ្ហាផ្លាស់ប្តូរល្វែងម៉ោង។

ចុះពន្លឺចេញពីអេក្រង់យ៉ាងម៉េចដែរ?
ធៀបទៅនឹងពន្លឺដែលចេញពីអំពូលភ្លើង អំពូល LED អាចបញ្ចេញពន្លឺពណ៌ខៀវច្រើនជាង។ LED ត្រូវបានប្រើប្រាស់នៅលើអេក្រង់របស់ទូរសព្ទ Smartphone, Tablet និងទូរទស្សន៍។ ផលិតផលបច្ចេកវិទ្យាដែលមានអេក្រង់ LCD ដូចជា Laptop, iPad និង iPhone នៅតែប្រើប្រាស់ LED ជា Backlight របស់អេក្រង់ដដែល។

តើពន្លឺពណ៌ខៀវជះផលអាក្រក់ដែរឬទេ?
ពន្លឺពណ៌ខៀវមានភ្ជាប់ទៅគ្រប់បញ្ហាទាំងអស់ រាប់ចេញពីការបណ្តាលឱ្យមានបញ្ហា Digital Eye Strain រហូតដល់ធ្វើឱ្យភ្នែកពិការ។ នៅក្នុងនោះមានភស្តុតាងចម្រូងចម្រាស់ជាច្រើន ប៉ុន្តែវាពិតជាមានផលអាក្រក់។ ស្ថាប័ន American Academy of Ophthalmology បាននិយាយថា មិនមានភស្តុតាងណាដែលបង្ហាញថាពន្លឺពណ៌ខៀវដែលបញ្ចេញដោយអេក្រង់នឹងធ្វើឱ្យមានបញ្ហាភ្នែកឡើយ ដោយសារយើងតែងប្រឈមនឹងពន្លឺពណ៌ខៀវចេញពីព្រះអាទិត្យរាល់ថ្ងៃ។ ពួកគេបានពន្យល់ថា ក្នុងមួយថ្ងៃយើងទទួលពន្លឺពណ៌ខៀវចេញពីព្រះអាទិត្យ 10 ច្រើនជាងចេញពីអេក្រង់កុំព្យូទ័រ។ រាងកាយរបស់យើងបានវិវិត្តដើម្បីទប់ទល់នឹងពន្លឺនេះ។ ប៉ុន្តែការស្រាវជ្រាវរបស់ AOA បានរកឃើញថាការប្រឈមនឹងពន្លឺពណ៌ខៀវរយៈពេលយូរ ដូចជាការអង្គុយនៅមុខកុំព្យូទ័រពេញមួយថ្ងៃ អាចបណ្តាលឱ្យប៉ះពាល់ដល់ Retina ដែលជាស្រទាប់ក្នុងបង្អស់នៃកែវភ្នែក ដែលបញ្ជូនសញ្ញាទៅកាន់ខួរក្បាល ដើម្បីដំណើរការអ្វីដែលអ្នកកំពុងមើល។ អង្គការ Prevent Blindness ក៏បាននិយាយថា ការសិក្សាថ្មីៗបង្ហាញថាពន្លឺពណ៌ខៀវអាចរួមចំណែកក្នុងបញ្ហាកែវភ្នែក។

តើអ្វីជាវ៉ែនតាការពារពន្លឺពណ៌ខៀវ?
វ៉ែនតាការពារពន្លឺពណ៌ខៀវ មាន Filter នៅក្នុង Lens របស់វា ដែលទប់ស្កាត់ ពន្លឺពណ៌ខៀវ និងពន្លឺ UV មិនឱ្យឆ្លងកាត់។ មានន័យថា បើសិនជាអ្នកប្រើប្រាស់វ៉ែនតាប្រភេទនេះ នៅពេលសម្លឹងលើផ្ទៃអេក្រង់ ជាពិសេសនៅពេលយប់ ឬកន្លែងងងឹត វាអាចជួយកាត់បន្ថយការប្រឈមនឹងរលកពន្លឺពណ៌ខៀវ។ វ៉ែនតាការពារពន្លឺពណ៌ខៀវ ក៏អាចជួយកាត់បន្ថយបញ្ហាភ្នែកផងដែរ។ ភាគច្រើនវាត្រូវបានប្រើប្រាស់នៅពេលថ្ងៃ ពេលកំពុងធ្វើការនៅពីមុខកុំព្យូទ័រ និងនៅពេលយប់ ដើម្បីការពារពន្លឺពណ៌ខៀវចេញពីអេក្រង់ ដែលធ្វើឱ្យអ្នកស្វាងងងុយ។

តើអ្នកគួរប្រើប្រាស់វ៉ែនតាការពារពន្លឺពណ៌ខៀវឬទេ?
វាអាស្រ័យលើស្ថានភាព និងបរិបទរបស់អ្នក។ តើអ្នកមានតម្រូវការសម្លឹងមើលទូរសព្ទនៅពេលយប់ និងមានបញ្ហាគេងមិនលក់ឬទេ? បើសិនជាអ្នកប្រើប្រាស់អេក្រង់រយៈពេលយូរ បន្ទាប់ពីថ្ងៃលិច វ៉ែនតានេះប្រហែលជាអាចជួយអ្នកឱ្យឆាប់ចូលគេង។ បើសិនជាអ្នកមានបញ្ហា Digital Eye Strain មានលំហាត់ងាយៗមួយ ដែលអ្នកអាចសាកល្បងមុននឹងទិញវ៉ែនតាមកប្រើ។ នោះគឺក្បួន 20-20-20។ នៅរៀងរាល់ពេល 20 នាទីម្តង អ្នកគួរសម្លឹងទៅកាន់វត្ថុណាមួយដែលមានចម្ងាយ 20 feet (ប្រមាណ 6 ម៉ែត្រ) រយៈពេល 20 វិនាទី។ វានឹងជួយអ្នកបំបែកការផ្តោតនៅលើផ្ទៃអេក្រង់ និងអនុញ្ញាតឱ្យសាច់ដុំកែវភ្នែករបស់អ្នកសម្រាក៕

អត្ថបទអ្នកចង់អាន

សូមកុំបារម្ភពីការតំឡើង iOS 12

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018

ក្រុមហ៊ុន Apple នៅតែបន្តការលក់ទូរសព្ទម៉ូដែល iPhone 6s ជំនាន់ឆ្នាំ 2015 ដដែលមកទល់សប្តាហ៍មុននេះ។ បន្ទាប់មកក្រុមហ៊ុនបានធ្វើការប្រកាសអំពីទូរសព្ទម៉ូដែលថ...

កុមារ ដែលប្រើប្រាស់ទូរសព្ទ Smartphones ចាប់ផ្តើមចេះនិយាយនៅអាយុកាន់តែច្រើន

ដោយ: ដួងច័ន្ទ 11 PM, Friday, 12 May, 2017

ភស្តុតាងជាច្រើនបានបង្ហាញថា អេក្រង់អេឡិចត្រូនិច អាចមានផលអវិជ្ជមាន លើការលូតលាស់របស់កុមារតូចៗ។ នៅក្នុងការសិក្សាថ្មីមួយ លើកុមារប្រមាណជិត 900 នាក់ ក្នុង...

LG Electronics បានបង្ហាញផលិតផលស៊េរីថ្មីឆ្នាំ 2016 ក្មុងកម្មវិធីជប់លៀងប្រចាំឆ្នាំ LG VIP Night

ដោយ: WangSang 12 AM, Wednesday, 13 Jul, 2016

កាលពី ថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2016 ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានរៀ...

Ressence Type 2 ការរួមគ្នានៃនាឡិកាមេកានិច និង Smartwatch

ដោយ: ដួងច័ន្ទ 10 AM, Sunday, 21 Jan, 2018

ក្រុមហ៊ុនផលិតនាឡិកាដៃលំដាប់ខ្ពស់ Ressence ផលិតបានគំរូនាឡិកាដៃថ្មី ដែលក្រុមហ៊ុនបាន អួតបង្ហាញនៅក្នុងព្រឹត្តិការណ៍ SIHH 2018 Watch Show។ គំរូនាឡិកាដៃថ...

Tomnerb.Com - YouTube Channel