ចូលចិត្តទំនើប

តោះមកមើលរូបភាព AirPower បែកធ្លាយថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 25 Mar, 2019

រូបភាពថ្មីមួយសន្លឹក នៃផលិតផលមួយរបស់ក្រុមហ៊ុន Apple ដែលត្រូវបានពន្យារពេលយ៉ាងយូរក្នុងការចេញលក់ នោះគឺឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ AirPower បានលេចឡើងនៅលើទំព័រ AirPods នៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសអូស្ត្រាលី។

រូបភាពមួយសន្លឹកនោះត្រូវបានអ្នកប្រើប្រាស់បណ្តាញ Twitter មួយរូប មានឈ្មោះថា Michael Bateman បានសង្កេតឃើញ និងត្រូវបានយកមកផ្សព្វផ្សាយដោយគេហទំព័រ MacRumors។ រូបភាពនោះបង្ហាញអំពីទូរសព្ទ iPhone XS មួយគ្រឿង កំពុងបញ្ចូលថាមពល នៅអមជាមួយសម្បបញ្ចូលថាមពល AirPods។ នៅក្នុងនោះ យើងមិនបានឃើញមានវត្តមាននាឡិកាដៃ Apple Watch ទេ ដែលវាជាឧបករណ៍ទី 3 ដែលក្រុមហ៊ុន Apple បានអះអាងថា បន្ទះបញ្ចូលថាមពលថ្មីរបស់ខ្លួន អាចបញ្ចូលថាមពលឱ្យបាន។
ផលិតផល AirPower គឺជាបន្ទះបញ្ចូលថាមពលគ្មានខ្សែមួយប្រភេទ ដែលក្រុមហ៊ុន Apple បានធ្វើការប្រកាស ព្រមគ្នាជាមួយទូរសព្ទ iPhone X និង iPhone 8 កាលពីឆ្នាំ 2017។ នៅពេលនោះ ក្រុមហ៊ុន បានអះអាងថា បន្ទះបញ្ចូលថាមពលនោះអាចមានលទ្ធភាពបញ្ចូលថាមពលទៅឱ្យទូរសព្ទ iPhone កាសស្តាប់ AirPods និងនាឡិកាដៃ Apple Watch ក្នុងពេលដំណាលគ្នា។

យ៉ាងណាមិញ បន្ទះបញ្ចូលថាមពលនោះមិនត្រូវបានឃើញមានវត្តមាននៅក្នុងទីផ្សានៅឡើយទេ ចាប់តាំងពីការបង្ហាញជាលើកដំបូងមកម្ល៉េះ។ កាលពីឆ្នាំមុន មានព័ត៌មានចចាមអារាមមួយចំនួន លើកឡើងថា ផលិតផលគំរូនៃបន្ទះបញ្ចូលថាមពលនេះ ជួបប្រទះនឹងបញ្ហាបណ្តាលមកពីការឡើងកម្តៅខ្លាំង ហើយក្រុមហ៊ុន Apple បានសម្អាតព័ត៌មានស្ទើរតែទាំងអស់ដែលនិយាយអំពី AirPower នៅលើគេហទំព័ររបស់ខ្លួន ដែលអាចឱ្យយើងប៉ាន់ប្រមាណថា គម្រោងផលិតបន្ទះបញ្ចូលថាមពលនេះអាចនឹងត្រូវបានលុបចោល។
រូបភាពថ្មីមួយសន្លឹកនេះ លេចឡើងក្នុងទម្រង់អាស្រ័យលើរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មដែលមានរួចជាស្រេចហើយ ដែលក្រុមហ៊ុន Apple បានផលិតឡើងសម្រាប់ផ្សព្វផ្សាយពីបន្ទះបញ្ចូលថាមពលនោះ។ ប៉ុន្តែ រូបភាព Background របស់ទូរសព្ទដៃ ដែលលេចឡើងជារូបភាព Wallpaper ដែលត្រូវបានណែនាំជាមួយនឹងផលិតផលទូរសព្ទដៃរបស់ក្រុមហ៊ុនដែលចេញលក់កាលពីឆ្នាំ 2018។

កាលពីពេលថ្មីៗនេះ មានសញ្ញាមួយចំនួន ដែលចង្អុលបង្ហាញថា AirPower ប្រហែលជានឹងត្រូវបានផលិត។ កាលពីដើមសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការប្រកាសអំពីផលិតផលកាសស្តាប់ AirPods ថ្មី ដែលអាចទិញបានជាមួយសម្បកបញ្ចូលថាមពលដោយគ្មានខ្សែ។ សម្បកបញ្ចូលថាមពលប្រភេទនេះ ត្រូវបានប្រកាសព្រមគ្នាជាមួយបន្ទះ AirPower កាលពី 2 ឆ្នាំមុនផងដែរ។ ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Apple បានអនុម័តការផលិតឧបករណ៍បញ្ចូលថាមពលនៅដើមឆ្នាំនេះហើយ។
រូបភាពថ្មីមួយសន្លឹកនេះប្រាកដណាស់ថាមិនអាចបញ្ជាក់ថា ផលិតផល AirPower មិនអាចបញ្ចូលថាមពលទៅឱ្យនាឡិកាដៃ Apple Watch នោះទេ។ លោក Guilherme Rambo អ្នកផលិតកម្មវិធី iOS មួយរូប ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញស្វែងរកតំរុយនៅក្នុងលេខកូដរបស់ Apple បាននិយាយថា គាត់បានស្វែងរកឃើញឯកសារយោងមួយចំនួន ដែលអះអាងថា ផលិតផលនាឡិកាដៃរបស់ Apple នឹងអាចដំណើរការបានជាមួយបន្ទះបញ្ចូលថាមពលថ្មីនេះ។

បន្ទាប់ពីរយៈពេលមួយសប្តាហ៍នៃការប្រកាសតូចៗ រួមមានការប្រកាសអំពី iPad Mini ថ្មី និងកាសស្តាប់ AirPods ថ្មី យើងមានក្តីសង្ឃឹមខ្ពស់ថា ក្រុមហ៊ុន Apple ប្រហែលជានៅមានការប្រកាសមួយទៀតនៅសេសសល់។

ព្រឹត្តិការណ៍ដ៏ធំមួយរបស់ Apple នឹងមកដល់នាថ្ងៃទី 25 ខែមីនា នេះហើយ ប៉ុន្តែសន្និសីទសារព័ត៌មាននេះ ត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់លើការផ្គត់ផ្គង់សេវាកម្ម រួមមានសេវាកម្មផ្សាយវីដេអូថ្មីរបស់ Apple និងការភ្ជាប់បណ្តាញសារព័ត៌មាន ប៉ុណ្ណោះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ស្មាតហ្វូន ទំហំ 5.3 អុីញ ដែលស្តើងបំផុតលើពិភពលោក បង្ហាញខ្លួនហើយ!

ដោយ: ដាលីស 9 PM, Wednesday, 27 May, 2015

សូនី បង្ហាញខ្លួនស្មាតហ្វូន Android សេ៊រីថ្មីដែលមានរូបរាងស្តើងបំផុតនៅក្នុងបណ្តា​ក្រុមទូរស័ព្ទដែល​មាន​ទំហំអេក្រង់5.3អុីញ គឺ Sony Xperia T3 ដែលមានកម្រ...

Apple បង្ហើបពីបច្ចេកវិទ្យា Touch ID ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Saturday, 26 Jan, 2019

ព័ត៌មានបែបធ្លាយអំពីទូរសព្ទ iPhone ធំជាងគេកាលពីពេលថ្មីៗនេះ បានចេញពីក្រុមហ៊ុន Apple ផ្ទាល់តែម្តង ហើយវាដូចជាកើតឡើងគាប់ជួនគ្នាពេក។ នាពេលនេះ ជាមួយនឹងចំន...

តើអ្នកបានដឹងអ្វីខ្លះពី Google Lens?

ដោយ: ដួងច័ន្ទ 10 PM, Monday, 25 Dec, 2017

ក្រុមហ៊ុន Google ថ្មីៗនេះបានបញ្ចេញមុខងារថ្មី សម្រាប់ប្រើប្រាស់នៅលើទូរសព្ទ Pixel នោះគឺ Google Lens។ ពីមុន Lens ត្រូវបានប្រើប្រាស់តែនៅលើកម្មវិធី Phot...

បង្ហាញរូបឆោម “ព្រះរាជវាំងមានកង់” តម្លៃថ្លៃជាងគេបំផុត លើពិភពលោក

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន “Marchi Mobile” បាននាំយកប្រភេទ​រថយន្តដ៏ទំនើប “Elemment Palazzo” ដែលត្រូវបានគេដា...

Tomnerb.Com - YouTube Channel