ចូលចិត្តទំនើប

អ្វីខ្លះដែលអ្នកគួរដឹងអំពី AirPods 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 31 Jan, 2019

ផលិតផល AirPods ត្រូវបានបញ្ចេញលក់ផ្លូវការកាលពីខែធ្នូ ឆ្នាំ 2016 មានន័យថាអស់រយៈពេលជាង 2 ឆ្នាំមកហើយចាប់តាំងពីវាបង្ហាញវត្តមានជាលើកដំបូងនៅក្នុងទីផ្សារ។ ផលិតផល Earbuds គ្មានខ្សែរបស់ក្រុមហ៊ុន Apple មួយនេះ បានបង្ហាញអំពីភាពជោគជ័យយ៉ាងខ្លាំងស្ទើរមិនគួរឱ្យជឿ។
មកទល់ពេលនេះ មានសេចក្តីរាយការណ៍ជាច្រើនអំពី AirPods 2 កំពុងរីកដុះដាល ដូច្នេះនៅក្នុងអត្ថបទមួយនេះ ទំនើប បានដកស្រង់ព័ត៌មានសំខាន់ៗ និងការរំពឹងទុកសម្រាប់ AirPods 2 សម្រាប់មិត្តអ្នកអានស្វែងយល់។
មុខងារសុខភាព
ការផ្តោតលើបញ្ហាសុខភាពរបស់ក្រុមហ៊ុន Apple កំពុងមានការកើនឡើងក្នុងសន្ទុះល្បឿនដ៏លឿនមួយ។ កាលពីខែមុន ក្រុមហ៊ុនបានបញ្ចេញកម្មវិធី ECG ដែលដំណើរការនៅលើ Apple Watch ខណៈដែលកម្មវិធីជាច្រើនទៀតដូចជា Health Records បានបន្តពង្រីកទៅកាន់អ្នកប្រើប្រាស់កាន់តែច្រើន។ ការបរិយាយទៅកាន់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះ លោក Tim Cook បានគូសបញ្ជាក់ថាគាត់ជឿថាការរួមចំណែកដ៏ធំរបស់ក្រុមហ៊ុន Apple ជាមួយអ្នកប្រើប្រាស់នឹងផ្តោតសំខាន់លើបញ្ហាសុខភាព។ ទាំងនេះជាមូលហេតុសមស្របមួយដែលអាចឱ្យ Apple បន្ថែមមុខងារទាក់ទងនឹងសុខភាពទៅក្នុងផលិតផលកំពុងពេញនិយមរបស់ក្រុមហ៊ុន នោះគឺ AirPods។ សេចក្តីរាយការណ៍មួយចេញពីគេហទំព័រ Digitimes បានលើកឡើងថា Apple មានបំណងបន្ថែមមុខងារតាមដានសុខភាពនៅក្នុង AirPods 2 នៅក្នុងឆ្នាំនេះ។ សារព័ត៌មាន Bloomberg កាលពីឆ្នាំមុនបានលើកឡើងថា Apple បានពិចារណាបន្ថែម Biometric Sensor ទៅក្នុង AirPods។ ក្រុមហ៊ុន Apple ក៏ទើបតែទទួលបានប័ណ្ណប៉ាតង់ថ្មីមួយកាលពីខែមុន បង្ហាញអំពីវិធីសាស្រ្តរចនាម៉ូដ AirPods ដែលអាចផ្លាស់ប្តូរបាន ដែលអាចបន្ថែមមុខងារ Biometric។ ខណៈដែល Apple Watch និង iPhone អាចផ្តល់នូវការចែករំលែកមុខងារសុខភាពបានរួចជាស្រេចហើយ វាគួរតែមិនមែនជាការភ្ញាក់ផ្អើលខ្លាំងទេ ដែល Apple បន្តជំរុញមុខងារសុខភាពជាមួយ AirPods។

ការរចនាម៉ូដ
នៅពេលដែលវាត្រូវបានបញ្ចេញជាលើកដំបូងក្នុងឆ្នាំ 2016 ផលិតផល AirPods បានបង្អួតខ្លួន ជាមួយការរចនាទងកាន់តែវែង និងពណ៌សចែងចាំង។ ចាប់តាំងពីពេលនោះមក ការរចនា AirPods បានក្លាយជាចំណុចទាក់ទាញមួយ ជាពិសេសនៅពេលវាទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង។ កាលពីខែធ្នូ ឆ្នាំមុន លោក Ming-Chi Kou បានលើកឡើងថា AirPods ថ្មីជាមួយការរចនាម៉ូដថ្មីទាំងស្រុង នឹងអាចបញ្ចេញលក់នៅដើមឆ្នាំ 2020។ ប៉ុន្តែព័ត៌មាននៅក្នុងគេហទំព័រ Digitimes បានលើកឡើងថា ដើម្បីបន្ថែមមុខងារសុខភាព AirPods ថ្មីនឹងត្រូវការការរចនារូបរាងថ្មី។ យើងអាចប៉ាន់ស្មានថា Digitimes និងលោក Kou និយាយសម្តៅទៅករណី 2 ផ្សេងគ្នា ដែលអាចថា Apple មានផែនការរចនាម៉ូដថ្មីតិចតួច នៅក្នុងឆ្នាំនេះ ដើម្បីសម្របសម្រួលឱ្យមាន Biometric Sensor ហើយការរចនាទ្រង់ទ្រាយធំសម្រាប់ឆ្នាំ 2020។ Bloomberg បានលើកឡើងកាលពីឆ្នាំមុនថា Apple កំពុងអភិវឌ្ឍន៍មុខងារធន់នឹងជម្រាបទឹក សម្រាប់ AirPods។ បច្ចុប្បន្ននេះ AirPods មិនមានសមត្ថភាពធន់នឹងជម្រាបទឹកឡើយ ដែលនេះជាមុខងារដ៏សំខាន់មួយគួរដាក់បន្ថែម សម្រាប់ការប្រើប្រាស់នៅក្នុងលំហាត់ប្រាណ។ ក្រៅពីការលើកឡើងទាំងនេះ យើងនៅតែមិនទាន់ច្បាស់ថាតើ Apple អាចនឹងផ្លាស់ប្តូរការរចនានៅលើ AirPods យ៉ាងដូចម្តេចទេ ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើនបានស្នើសុំឱ្យ Apple ផ្តល់នូវជម្រើសពណ៌ខុសគ្នាបន្ថែម ដូចជាពណ៌ Jet Black ឬ Space Gray។ បន្ថែមលើនេះ Apple ក៏នឹងអាចកាត់បន្ថយទំហំរបស់ Bud នីមួយៗផងដែរ។

មុខងារ Hey Siri
កាលពីពេលថ្មីៗនេះ Apple បានបញ្ចេញ Beta របស់ iOS 12.2 ដំបូង ហើយយើងបានកត់សម្គាល់ឃើញការតំឡើង Interface សម្រាប់មុខងារ Hey Siri ដែលត្រូវបានរួមបញ្ចូលដោយផ្ទាល់ទៅក្នុង AirPods។ បច្ចុប្បន្ននេះ បើសិនជាអ្នកចង់ប្រើប្រាស់ Siri នៅលើ AirPods អ្នកត្រូវ Activate ដោយចុចនៅលើ Earbuds មួយ។ ជាមួយនឹងការរួមបញ្ចូល Hey Siri អ្នកអាចនឹងមានលទ្ធភាពប្រើប្រាស់ការបញ្ជារដោយសម្លេង ហើយ Siri នឹងធ្វើការឆ្លើយតបដោយផ្ទាល់នៅក្នុងត្រចៀករបស់អ្នក។ កត្តានេះអនុញ្ញាតឱ្យការប្រើប្រាស់ Siri ដោយពុំចាំបាច់ប្រើដៃខណៈកំពុងប្រើប្រាស់ AirPods។

ការបញ្ចូលថាមពលដោយគ្មានខ្សែ
ព្រមគ្នាជាមួយទូរសព្ទ iPhone X កាលពីឆ្នាំ 2017 ក្រុមហ៊ុន Apple បានប្រកាសអំពីបន្ទះបញ្ចូលថាមពលគ្មានខ្សែ AirPower។ ភា្ជប់គ្នាជាមួយបន្ទះបញ្ចូលថាមពលនេះ Apple បាននិយាយថាក្រុមហ៊ុនក៏អាចនឹងបញ្ចេញប្រអប់បញ្ចូលថាមពលគ្មានខ្សែសម្រាប់ AirPods ដែរ។ អស់រយៈពេលមួយឆ្នាំមកហើយ AirPower ក៏ដូចជាប្រអប់បញ្ចូលថាមពលគ្មានខ្សែរបស់ AirPods មិនបានបង្ហាញរូបរាងឡើយ។ ប៉ុន្តែលោក Ming-Chi Kuo បានព្យាករណ៍កាលពីខែមុនថា ឧបករណ៍បញ្ចូលថាមពលគ្មានខ្សែរបស់ AirPods នឹងបង្ហាញវត្តមាននៅត្រីមាសទីមួយ នៃឆ្នាំ 2019 នេះ។ ជាមួយនឹងសេចក្តីរាយការណ៍ជាច្រើនទៀត ដែលលើកឡើងថា AirPower នៅតែមានដង្ហើម និងជិតចេញជារូបរាងហើយនោះ ដូច្នេះឧបករណ៍បញ្ចូលថាមពលគ្មានខ្សែសម្រាប់ AirPods នៅក្នុងឆ្នាំ 2019 ក៏មានភាពជាក់លាក់ដែរ។ ជាមួយប្រអប់បញ្ចូលថាមពលគ្មានខ្សែ អ្នកនឹងអាចដាក់ AirPods នៅលើឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ ដើម្បីផ្តល់ថាមពលដល់វា។ AirPods អាចនឹងពឹងអាស្រ័យលើឧបករណ៍បញ្ចូលថាមពល Qi ដូច្នេះអ្នកអាចប្រើប្រាស់វាជាមួយឧបករណ៍សាកថ្មដទៃទៀត ប៉ុន្តែវាក៏អាចថាការបញ្ចូលថាមពលដោយគ្មានខ្សែនឹងមានដែនកំណត់សម្រាប់ AirPower ដូចគ្នានឹងបច្ចេកវិទ្យាបញ្ចូលថាមពលគ្មានខ្សែនៅក្នុង Apple Watch ដែរ។

មុខងារតំណភ្ជាប់
AirPods ត្រូវបានផ្គត់ផ្គង់ថាមពលដោយបន្ទះឈីប W1 របស់ Apple ប៉ុន្តែ Apple បានចាប់ផ្តើមប្រើប្រាស់បន្ទះឈីប W2 នៅក្នុង Apple Watch ម៉ូដែលថ្មីហើយ។ ដូច្នេះយើងអាចស្មានបានថា AirPods 2 នឹងប្រើប្រាស់បន្ទះឈីប W2 ព្រមជាមួយ Bluetooth 5.0 ដែរ។ ការវិវត្តថ្មីនេះនឹងផ្តល់ឱ្យ AirPods នូវការពង្រឹងសមត្ថភាព និងល្បឿន។ អ្នកនឹងអាចស្ថិតនៅកាន់តែឆ្ងាយពីឧបករណ៍ដែលអ្នកភ្ជាប់ជាមួយ AirPods និងសង្ឃឹមថាអ្នកនឹងទទួលបានបទពិសោធន៍ផ្គូផ្គងទិន្នន័យបានកាន់តែលឿន។
តម្លៃ និងកាលបរិច្ឆេទចេញលក់
ដូចគ្នានឹងផលិតផលរបស់ Apple ភាគច្រើន ការប៉ាន់ប្រមាណពីតម្លៃរបស់ AirPods 2 មានភាពពិបាក។ ជាទូទៅព័ត៌មានលម្អិតអំពីតម្លៃ និងម៉ាកសញ្ញា មិនមានភាពច្បាស់លាស់ទេ។ បច្ចុប្បន្ន AirPods មានដាក់លក់ក្នុងតម្លៃ $159 ហើយសម្រាប់ AirPods 2 ក៏នឹងមិនមានតម្លៃទាបដែរ។ កាលពីឆ្នាំមុន Bloomberg បានលើកឡើងថា Apple កំពុងដំណើរការលើ AirPods ថ្មីដែលជា Version លំដាប់ខ្ពស់។ ចំណែកកាលបរិច្ឆេទចេញលក់វិញ Digitimes បានប៉ាន់ប្រមាណថា Apple នឹងបញ្ចេញ AirPods 2 នៅអំឡុងពេលពាក់កណ្តាលឆ្នាំ 2019 នេះ។ លើសពីនេះទៀត ជាមួយនឹងឯកសារយោងដែលបញ្ជាក់ថា AirPods 2 ត្រូវបានរកឃើញនៅលើ iOS 12.2 ដូច្នេះវាទំនងថាផលិតផលថ្មីនេះនឹងត្រូវបានបញ្ចេញលក់ភ្ជាប់គ្នាជាមួយការបញ្ចេញ iOS 12.2 ជាសាធារណៈដែរ។

ប្រភព: 9to5mac ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

តើបច្ចេកវិទ្យាផ្លាស់ប្តូររបៀបធ្វើដំណើររបស់យើងដូចម្តេចខ្លះ?

ដោយ: ស៊ីវងីម 1 PM, Wednesday, 25 Jul, 2018

មិនថាយើងចូលចិត្តឬអត់ បច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបនៃការធ្វើដំណើររបស់យើងគួរឲ្យកត់សម្គាល់។ ឥឡូវនេះ សឹងតែគ្រប់យ៉ាងមាន ភាពងាយស្រួលជាងមុនដោយសារតែបច្ចេក...

មុខងារថ្មីៗរបស់ Fossil Smartwatch

ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018

ផលិតផលនាឡិកា Smartwatch របស់ Fossil តែងតែបំពាក់ជាមួយមុខងារដ៏សាមញ្ញ ជាមួយនឹងតម្លៃសមរម្យ។ Fossil ប្រើប្រាស់ Wear OS Software របស់ក្រុមហ៊ុន Google នៅ...

Smart Speaker ថ្មីរបស់ Bose មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Friday, 31 Aug, 2018

បច្ចេកវិទ្យា Voice Assistant ទំនងដូចជាមិនសូវមានប្រជាប្រិយភាពសោះ។ តែយ៉ាងណាក្តីវាបានរីករាលដាលទៅគ្រប់ទីកន្លែង។ ក្នុងករណីនេះផលិតផល Soundbar និង Speaker...

ឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃថ្មី បំលែងកាកសំណល់ឱ្យទៅជាជី

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

ទំនើប សូមធ្វើការណែនាំបច្ចេកវិទ្យាថ្មី ដែលជាឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃ អាចបំលែងកាកសំណល់ ក្នុងផ្ទះបាយ ឱ្យទៅជាជី និងជួយថែរក្សាបរិសា្ថន ឱ្យកាន់តែប្រសើរឡើង។...

Tomnerb.Com - YouTube Channel