ចូលចិត្តទំនើប

7 ជំហាន នៃការប្រើប្រាស់ម៉ាស៊ីនបោកគក់ ដែលអ្នកគួរដឹង

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

មូលដ្ឋាននៃការបោកគក់ មិនមែនជាមុខវិជ្ជា ដែលទទួលបានពីក្នុងសាលារៀនទេ។ ដូចជាការចំអិនម្ហូបអាហារ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការបោកគក់ គឺជាចំណេះដឹងដែលអ្នកត្រូវស្វែងយល់ ចេញពីការរស់នៅប្រចាំថ្ងៃ។ តែបញ្ហាចោទឡើងនៅពេល ដែលការសិក្សាស្វែងយល់ដោយខ្លួនឯង ប្រហែលជាអាចមានផលអាក្រក់លើសម្លៀកបំពាក់របស់អ្នក។

សញ្ញានៃការបោកគក់មិនត្រឹមត្រូវស្តែងចេញតាមរយៈ ការចេញពណ៌ ការស្លកពណ៌ ការរួញសាច់ក្រណាត់ សម្លៀកបំពាក់ខ្ទេចខ្ទីខ្លាំង និងសាច់ក្រណាត់បាត់បង់ភាពទន់ជាដើម។ បើអ្នកជួបប្រទះនឹង បញ្ហាទាំងនេះ សូមកុំបារម្ភ ទំនើប នឹងនាំយកមេរៀនសម្រាប់ការបោកគក់ដ៏ត្រឹមត្រូវ និងងាយស្រួលមកជូនអ្នក។

ជំហានទី 1 : ចែកសម្លៀកបំពាក់ជាបីប្រភេទ

មុនពេលអ្នកបោះសម្លៀកបំពាក់ប្រឡាក់ទៅក្នុងម៉ាស៊ីនបោកគក់ អ្នកគួរចំណាយពេលបែងចែកសម្លៀកបំពាក់ទាំងនោះតាមពណ៌ជាមុនសិន។ សម្លៀកបំពាក់គួរបែងចែកតាមពណ៌ក្រម៉ៅ ឬខ្មៅ ពណ៌ស និងពណ៌ស្រាល។ បន្ទាប់មកបោកសម្លៀកបំពាក់ ដែលបែងចែករួចទាំងនោះម្តងមួយចំណែក

ការបែងចែកពណ៌សម្លៀកបំពាក់ នឹងជួយឱ្យសម្លៀកបំពាក់ពណ៌ស និងពណ៌ស្រាល មិនជ្រាបពណ៌ ឬប្រែពណ៌។ គ្រប់ពេលដែលអ្នកបោកសម្លៀកបំពាក់ពណ៌ខ្មៅ ឬក្រម៉ៅ ពណ៌របស់វានឹងចេញបន្តិចម្តងៗ។ ការចេញពណ៌ចេញពីសម្លៀកបំពាក់ទាំងនេះ នឹងជ្រាបចូលសម្លៀកបំពាក់ដទៃ ជាពិសេស សម្លៀកបំពាក់ពណ៌ស ឬពណ៌ស្រាល។

ជំហានទី 2 : ពិនិត្យមើលប្រភេទក្រណាត់

គ្រប់ពេលធ្វើការបែងចែកសម្លៀកបំពាក់ អ្នកត្រូវពិនិត្យមើលប្រភេទសាច់ក្រណាត់។ សម្លៀកបំពាក់មួយចំនួនអាចបោកគក់ក្នុងម៉ាស៊ីន តែមួយចំនួនទៀតមិនទាមទារការបោកគក់ទេ តែត្រូវការការសម្ងួត ឬបោកស្ងួត។ អ្នកត្រូវអនុវត្តតាមការណែនាំ នៅលើសម្លៀកបំពាក់ទាំងនោះ ជៀសវាងបង្កការខូចខាតដល់សាច់ក្រណាត់សម្លៀកបំពាក់។

ជំហានទី 3 : ដោះរូត ឡេវ និងសម្អាតហោប៉ៅ

នៅពេលបែងចែកសម្លៀកបំពាក់ អ្នកគួរ៖

  • ដោះរូតដែលនៅជាប់សម្លៀកបំពាក់ ដើម្បីការពារវានៅក្នុងពេលបោកគក់
  • ដោះឡេវអាវ ដើម្បីជៀសវាងការទាញកន្ត្រាក់ ដែលអាចធ្វើឱ្យធ្វើឱ្យរន្ធឡេវ ឬឡេវខូច
  • ពិនិត្យមើលក្នុងហោប៉ៅទាំងអស់ ជៀសវាងការភ្លេចអ្វីមួយនៅក្នុងហោប៉ៅ

ដើម្បីសន្សំពេលវេលា រាល់ពេលអ្នកដោះសម្លៀកបំពាក់អ្នកគួរដោះរូត ឡេវ និងពិនិត្យមើលក្នុងហោប៉ៅឱ្យបានរួចរាល់មុនពេលបោះចូលក្នុងធុង។

Clean-Laundry-Tomnerb-03

ជំហានទី 4 : ដាក់សម្លៀកបំពាក់ ប៉ុន្តែកុំញាត់

បន្ទាប់ពីអ្នកបែងចែក និងពិនិត្យសម្លៀកបំពាក់រួចរាល់ហើយ ដល់ពេលយកវាដាក់ក្នុងម៉ាស៊ីន។ អ្នក អាចជ្រើសរើសសម្លៀកបំពាក់ ក្រុមណាមួយបោកគក់មុនក៏បាន។ អ្នកមិនត្រូវសង្កត់ ឬបញ្ជ្រៀត ឬដាក់ សម្លៀកបំពាក់ក្នុងម៉ាស៊ីនបោកគក់លើសចំណុះទេ។ បរិមាណផ្ទុកក្នុងម៉ាស៊ីនមានដែនកំណត់ ហើយវាត្រូវការលំហទំនេរ សម្រាប់ស្តុកទឹក និងបង្វិលសម្លៀកបំពាក់ នៅអំឡុងពេលដំណើរការម៉ាស៊ីន។ កុំ ផ្តុំសម្លៀកបំពាក់ក្នុងម៉ាស៊ីន អ្នកត្រូវប្រាកដថា សម្លៀកបំពាក់បានលារ រលាស់ និងមានចន្លោះគ្រប់គ្រាន់ ដោយអ្នកត្រូវរក្សាចន្លោះសម្លៀកបំពាក់ និងទ្វារម៉ាស៊ីនយ៉ាងហោចណាស់ 5 inch។ បន្ទាប់មក ជ្រើសរើសការកំណត់ ដែលសក្តិសមនឹងចំនួនសម្លៀកបំពាក់៖

  • បើសិនជាចំនួនសម្លៀកបំពាក់ស្មើនឹង ¼ នៃបរិមាណម៉ាស៊ីន អ្នកត្រូវប្រើជម្រើស Small Load
  • បើសិនជាចំនួនសម្លៀកបំពាក់ស្មើនឹង ½ នៃបរិមាណម៉ាស៊ីន អ្នកត្រូវប្រើជម្រើស Medium Load
  • បើសិនជាចំនួនសម្លៀកបំពាក់ស្មើនឹង ½ នៃបរិមាណម៉ាស៊ីន អ្នកអាចប្រើជម្រើស Large Load
  • បើសិនជាចំនួនសម្លៀកពេញ ក្នុងម៉ាស៊ីន អ្នកត្រូវប្រើជម្រើស Extra Large

បើសិនជាម៉ាស៊ីនបោកគក់របស់អ្នក មិនមានជម្រើស Load Size ទេ សូមកុំបារម្ភ ព្រោះម៉ាស៊ីនមួយ ចំនួនទៀតមាន Sensor នៅខាងក្នុង ដែលអាចប្រាប់ពីកម្រិតបរិមាណសម្លៀកបំពាក់ ហើយវានឹងតម្រូវកម្រិតទឹកស្របតាមបរិមាណ។

ជំហានទី 5 : ជ្រើសរើសម្សៅសាប៊ូត្រឹមត្រូវ

និយាយអំពីម្សៅសាប៊ូបោកគក់ គុណភាពរបស់វាអាស្រ័យលើតម្លៃរបស់វា។ សាប៊ូមានតម្លៃទាប តែងមានគុណភាពទាបជាងប្រភេទសាប៊ូតម្លៃខ្ពស់។ អ្នកគួរសាកល្បងប្រើប្រាស់ជាដប ឬកញ្ចប់តូច ដើម្បី ស្វែងរកសាប៊ូប្រភេទណាដែលសក្តិសមនឹងអ្នក។ លើសពីនេះ បើសិនអ្នកមានស្បែកងាយប្រតិកម្ម អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

តើអ្នកត្រូវការបរិមាណសាប៊ូប៉ុន្មាន?

វាអាស្រ័យលើប្រភេទសាប៊ូ និងប្រភេទសាច់ក្រណាត់។ អ្នកត្រូវពិនិត្យមើលការណែនាំពីប្រភេទសាច់ ក្រណាត់ និងប្រើប្រាស់បរិមាណសាប៊ូឱ្យបានសមស្រប។ ម្សៅសាប៊ូតិចអាចនឹងធ្វើការបោកគក់មិនស្អាត ហើយសាប៊ូច្រើនពេក ធ្វើឱ្យសល់កាកសំណល់។

អ្វីជាផលិតផលបន្ទន់សាច់ក្រណាត់ និងសាប៊ូធ្វើឱ្យស

អ្នកប្រហែលជាធ្លាប់បានដឹង និងឃើញថាផលិតផលបន្ទន់ សាច់ក្រណាត់ភាគច្រើនជាទឹករាវ។ វាធ្វើឱ្យសាច់ក្រណាត់ទន់ល្អ ប៉ុន្តែសារធាតុគីមីមួយចំនួន នៅក្នុងផលិតផលនេះអាចប៉ះពាល់ដល់អ្នកមាន បញ្ហាស្បែក ឬស្បែកងាយមានប្រតិកម្ម។ អ្នកក៏មិនត្រូវប្រើប្រាស់វាដែរ នៅពេលបោកគក់កន្សែងពោះ គោ។ ផលិតផលបន្ទន់សម្លៀកបំពាក់ នឹងបន្សល់កាកសំណល់តោងជាប់កន្សែង ដែលធ្វើឱ្យវាមិនងាយស្រូបជ្រាបទឹក។ ទឹកបន្ទន់សម្លៀកបំពាក់ ដែលផ្សំឡើងពីធម្មជាតិល្អបំផុតគឺ Baking Soda។ លាយ Baking Soda កន្លះពែងជាមួយទឹក 4 ពែង បន្ទាប់មកចាក់វាចូលក្នុងទឹកបោកសម្លៀកបំពាក់ ជាការស្រេច។ បើសិនជាសម្លៀកបំពាក់ពណ៌ ស របស់អ្នកជ្រាបពណ៌ អ្នកអាចប្រើទឹកលាងស្នាមប្រឡាក់ ប៉ុន្តែត្រូវពិនិត្យមើលពីប្រភេទសាច់ក្រណាត់ ដើម្បីប្រើប្រាស់ថ្នាំលាងសម្អាត ក្នុងបរិមាណសម ស្រប។

មិនថាអ្នកប្រើប្រាស់ម្សៅសាប៊ូប្រភេទណា អ្នកត្រូវដាក់ម្សៅសាប៊ូក្នុងប្រអប់ ដែលមានស្រាប់ក្នុងម៉ាស៊ីន ឬដាក់ម្សៅសាប៊ូនៅបាតក្រោមម៉ាស៊ីន បន្ទាប់មកដាក់ទឹកបន្តិចចូល ហើយដាក់សម្លៀកបំពាក់ចូលក្នុងម៉ាស៊ីន។

ជំហានទី 6 : កុំខ្វល់នឹងមុខងារ Warm និង Hot

មុខងារទាំងនេះធ្លាប់ត្រូវបានប្រើប្រាស់ សម្រាប់ស្ទង់កម្រិតកម្តៅទឹកសម្រាប់ប្រភេទសម្លៀកបំពាក់ខុសៗគ្នា។ ប៉ុន្តែម៉ាស៊ីនបោកគក់ជំនាន់ថ្មី និងរូបមន្តនៃម្សៅសាប៊ូបោកគក់ថ្មី អាចប្រើប្រាស់បានទោះ បីបោកក្នុងទឹកត្រជាក់។ ប៉ុន្តែក្នុងករណីលាងសម្លៀកបំពាក់ ដើម្បីសម្លាប់បាក់តេរី ដូចជាកន្សែង កម្រាលពូក និងខោកុមារ អ្នកត្រូវជ្រើសរើសទឹកក្តៅ ឬជម្រើសសម្លាប់មេរោគនៅលើម៉ាស៊ីន។

ជំហានទី 7 : ជ្រើសយករយៈពេលបោកគក់យូរ

ជម្រើសមុខងារ Soil Setting សម្រាប់ការបោកគក់សម្លៀកបំពាក់ រយៈពេលវែង ឬខ្លី អាស្រ័យលើ កម្រិតភាពកង្វក់នៃសម្លៀកបំពាក់។ មុនពេលចាប់ផ្តើមដំណើរការ អ្នកត្រូវជ្រើសយកមុខងារបោកគក់ អាស្រ័យលើកម្រិតកង្វក់ ហើយខាងក្រោមនេះជាការណែនាំមួយចំនួន សម្រាប់ការជ្រើស រើស៖

  • Light soil, express ឬ Quick៖ មុខងារទាំងនេះប្រើប្រាស់សម្រាប់សម្លៀកបំពាក់ដែលមិនទាន់បានពាក់ ឬពាក់ក្នុងរយៈពេលខ្លី ឬទើបយកចេញពីឃ្លាំង។
  • Normal ៖ ប្រើប្រាស់សម្រាប់សម្លៀកបំពាក់ដែលប្រើប្រាស់ធម្មតា
  • Heavy soil, heavy duty ឬ Deep wash ៖ ជម្រើសទាំងនេះប្រើប្រាស់សម្រាប់សម្លៀកបំពាក់ដែលកង្វក់ខ្លាំង។ អ្នកក៏គួរជ្រើសយកជម្រើសមុខងារ លាងជម្រះបន្ថែមផងដែរ។

បន្ទាប់ពីអ្នកស្វែងយល់ពីដំណើរការ នៃការបោកគក់រួចរាល់ហើយ អ្នកអាចចាប់ផ្តើមការបោកគក់ក្នុងម៉ាស៊ីនបានហើយ។

Clean-Laundry-Tomnerb-02

ប្រភព: Cnet ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ស្មាតហ្វូនថ្មី 5ម៉ាក ដែលចង់បង្រ្កាប Samsung & Apple!

ដោយ: ដាលីស 12 PM, Saturday, 30 May, 2015

នាពេលបច្ចុប្បន្ននេះ គ្មាននរណាម្នាក់មិនស្គាល់ Samsung និង​ Apple អ្នកផលិតស្មាតហ្វូននាំមុខ​គេលើ​ពិភពលោកនោះទេ តែខណៈពេលជាមួយគ្នា ក៏មានគូប្រជែងចំនួនមិនត...

បញ្ហាតែងកើតឡើងចំពោះរថយន្តប្រើលេខអូតូ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018

យានយន្តទាំងអស់នៅក្នុងទីផ្សារមាន 2 ប្រភេទ គឺរថយន្តប្រើលេខបញ្ជារស្វ័យប្រវត្តិ (អូតូ)និង ប្រើលេខដៃ។ នៅថ្ងៃ ទំនើប សូមលើកយកអត្ថបទមួយដែលបកស្រាយពីបញ្ហាតែង...

Angel Edition ភាពរីករាយ នៃការធ្វើដំណើរ

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ក្រុមហ៊ុនផលិតទោចក្រយានអគ្គិសនៅ Noordung បានរចនាកង់មួយប្រភេទ ដែលមានបំពាក់អាគុយ ដែលអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទដៃ នៅពេលធ្វើដំណើរ និងមានមុខងារជាឧបករណ៍ប...

កៅអីផ្អែក ២០១៧ សម្រាប់សួនច្បារ

ដោយ: ស. លីង 7 PM, Thursday, 16 Mar, 2017

ប្រសិនបើអ្នកមានសួនច្បារ នៅមុខ ឬក្រោយផ្ទះ ហើយចង់រៀបកៅអីផ្អែក ទុកសម្រាប់អង្គុយសម្រាកលេង នៅពេលល្ងាចត្រជាក់ ទំនើបសូមណែនាំនូវកៅអីផ្អែក ច្នៃប្រឌិតថ្មីទំន...

Tomnerb.Com - YouTube Channel