ចូលចិត្តទំនើប

6 តិចនិចងាយៗ ដើម្បីធ្វើឱ្យវីដេអូលើ iPhone ដូចជាវីដេអូអាជីព

ដោយ: ដួងច័ន្ទ 7 PM, Thursday, 04 May, 2017

យើងបានប្រមូលតិចនិកជាមូលដ្ឋាន និងវិធីសាស្រ្តមួយចំនួន ដើម្បីជួយអ្នកទទួលបានលទ្ធផលល្អ នៅពេលអ្នកប្រើប្រាស់ទូរសព្ទ iPhone ដើម្បីថតយកវីដអូ។

នៅពេលដែលលោក Steve Jobs បានប្រកាសពីទូរសព្ទ iPhone ដំបូងក្នុងឆ្នាំ 2007 គាត់បានពិពណ៌នាពីឧបករណ៍នេះថាជា iPods ទូរសព្ទ និងឧបករណ៍ភ្ជាប់ទំនាក់ទំនងតាមអ៊ីនធឺណេត។ ទូរសព្ទ iPhone ដំបូងមានកាមេរ៉ាមួយ ប៉ុន្តែមិនមែនសម្រាប់ថតវីដេអូទេ។ ដប់ឆ្នាំក្រោយមក iPhone បានវិវត្តទៅជាកាមេរ៉ាថតរូប និងវីដេអូសម្រាប់ការប្រើប្រាស់របស់មនុស្សគ្រប់គ្នា។ វាបានធ្វើឱ្យការថត វីដេអូក្លាយជារឿងងាយស្រួល ប៉ុន្តែមិនមែនមានន័យថា អ្នកទទួលបានលទ្ធផលជាទីគាប់ចិត្តទេ។

អត្ថបទខាងក្រោមនេះ គឺជាតិចនិចដ៏មានសារៈប្រយោជន៍ ដើម្បីជួយអ្នកថតបានវីដេអូដ៏ស្រស់ស្អាត នៅលើទូរសព្ទ iPhone ឬលើទូរសព្ទ Smartphone ដទៃទៀត។

ឃ្លាំងផ្ទុកទិន្នន័យ

អ្នកប្រើប្រាស់ទូរសព្ទទំនើបទាំងអស់ ចែកចេញជាពីរប្រភេទ ទីមួយគឺក្រុមមនុស្សដែលមានឃ្លាំងទិន្នន័យទំនេរនៅលើទូរសព្ទ និងមួយក្រុមទៀតគ្មាន។ វីដេអូ ជាពិសេសប្រភេទ 4K ទាមទារទំហំទិន្នន័យ ធំៗ។ មុនពេលអ្នកថត អ្នកត្រូវប្រាកដថា អ្នកមានទំហំឃ្លាំងទិន្នន័យគ្រប់គ្រាន់ នៅលើទូរសព្ទ សម្រាប់ ផ្ទុកវីដេអូថ្មីៗ។ នៅលើ iPhone អ្នកត្រូវចូលទៅកាន់ Setting -> General -> Storage & iCloud Usage។ នៅទីនេះអ្នកអាចពិនិត្យមើលទំហំឃ្លាំងទិន្នន័យ ដែលនៅសេសសល់ និងទំហំដែលកំពុង ប្រើប្រាស់។ បើសិនជាអ្នកត្រូវការទំហំទិន្នន័យបន្ថែម អ្នកត្រូវលុបចោលកម្មវិធីមួយចំនួន។

បិទការជូនដំណឹង

យើងសូមណែនាំឱ្យអ្នកកំណត់ទូរសព្ទរបស់អ្នកក្នុង Airplane Mode។ វិធីនេះនឹងជួយការពារការផ្ញើ សារ ការហៅទូរសព្ទ និងការជូនដំណឹងនានា ដែលអាចរំខានដល់អ្នកនៅពេលអ្នកកំពុងថត។ បើសិនជាអ្នកមិនធ្វើដូច្នេះទេ ការជូនដំណឹងនឹងលេចឡើង លើអេក្រង់ទូរសព្ទរបស់អ្នក ធ្វើឱ្យអ្នកពិបាកមើលឃើញរូបភាពលើអេក្រង់។ បើសិនអ្នកទទួលបានការហៅទូរសព្ទ ការថតវីដេអូនឹងត្រូវបញ្ឈប់ដោយស្វ័យប្រវត្តិ។ ជម្រើសមួយទៀត គឺប្រើប្រាស់មុខងារ Do Not Disturb ដើម្បីកាត់បន្ថយការជូន ដំណឹងនានាលេចឡើងលើអេក្រង់។

ត្រូវយល់ច្បាស់ពីវិធីថត

នៅពេលអ្នកថតរូប ការថតក្នុងទម្រង់បញ្ឈរ ឬផ្តេកមិនចោទជាបញ្ហាឡើយ។ ប៉ុន្តែជាមួយការថតវីដេអូ វាជាករណីផ្សេងគ្នា។ ដើម្បីទទួលបានវីដេអូល្អ អ្នកគួរតែថតវីដេអូក្នុងទម្រង់ផ្តេក ដើម្បីជៀសវាងការថតជាប់បន្ទាត់ខ្មៅនៅលើអេក្រង់ នៅពេលអ្នកមើលវីដេអូ។ យ៉ាងណាមិញ កម្មវិធី Social Media មួយចំនួន ដំណើរការយ៉ាងប្រសើរជាមួយវីដេអូក្នុងទម្រង់បញ្ឈរ។ សរុបមក វាអាស្រ័យលើគោលបំណងនៃការថតវីដេអូ។ បើសិនជាអ្នកចង់ទស្សនាវីដេអូលើទូរទស្សន៍ ឬកុំព្យូទ័រ ទម្រង់ផ្តេកគឺជាជម្រើសដ៏ប្រសើរបំផុត។ កម្មវិធី Snapchat ជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញថា ការថតវីដេអូក្នុង ទម្រង់បញ្ឈរគឺជាជម្រើសដ៏ប្រសើរ។

live-photos-on-iPhone-03

បញ្ឈប់ការញ័ររញ្ជួយ

វីដេអូដែលមានភាពញ័ររញ្ជួយ គឺពិបាកនឹងទស្សនាណាស់។ ដូច្នេះ iPhone បានបង្កើតមុខងារទប់ លំនឹង ដែលអាចជួយកាត់បន្ថយភាពញ័របានមួយចំនួន។ ក្នុងន័យបច្ចេកទេស អ្នកមានជម្រើសពីរ គឺ អុបទិក និងឌីជីថល។ ប៉ុន្តែទោះបីជា iPhone មានមុខងារដ៏អស្ចារ្យក៏ដោយ ក៏អ្នកគួររក្សាលំនឹងទូរសព្ទរបស់អ្នកឱ្យបានល្អនៅពេលថត។ វិធីនេះមានសារៈសំខាន់ណាស់ នៅពេលអ្នកថតយករូបភាព របស់មនុស្សម្នាក់និយាយ ដោយផ្ទាល់មកកាន់កាមេរ៉ា កៀកជិត Time lapses ឬការថតជាទម្រង់ Slow Motion។ វិធីសាស្រ្តមួយសម្រាប់ទប់លំនឹងទូរសព្ទគឺ ផ្អិបកែងដៃរបស់អ្នកឱ្យនៅជាប់នឹងរាងកាយ និងព្យាយាមទប់ដង្ហើម។ អ្នកក៏អាចប្រើជំនួយពីខាងក្រៅ ដើម្បីជួយរក្សាលំនឹងកាមេរ៉ាផងដែរ។ អ្នកគួរស្វែងរកទីតាំង ដែលមានជាប់រឹង មានផ្ទៃរាបស្មើ សម្រាប់តំកល់ទូរសព្ទ។

មានពន្លឺគ្រប់គ្រាន់

ទូរសព្ទ iPhone ថតយកវីដេអូល្អនៅក្រោមពន្លឺ ប៉ុន្តែបើសិនជាអ្នកនៅក្នុងបន្ទប់ ឬទីកន្លែងដែលមានភ្លើងចម្រុះ អ្នកត្រូវការជំនួយបន្ថែម។ អ្នកត្រូវដឹងពីប្រភពនៃពន្លឺ។ បើសិនជាពន្លឺភ្លឺច្បាស់នៅពីក្រោយ រូបភាពដែលអ្នកចង់បាន អ្នកប្រហែលជាទទួលបានរូបភាពជះស្រមោលខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរបង្វិលទីតាំងឱ្យបែរទៅកាន់ពន្លឺ។ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវប្រយ័ត្នចំពោះស្រមោលរបស់អ្នក ឬស្រមោលទូរសព្ទ ដែលអាចបាំងរូបភាពបាន។ បើសិនជាអ្នកត្រូវការពន្លឺដ៏សក្តិសម ចុចលើអេក្រង់ត្រង់ទីតាំងដែលអ្នកចង់ផ្តិតយក ហើយនៅពេលដែលសញ្ញារាងការ៉េពណ៌លឿងលេចឡើង អ្នកត្រូវអូសរូបសញ្ញា Brightness ឡើងឬចុះ រហូតដល់អ្នកទទួលបានរូបភាពល្អ។ បើសិនជាអ្នកចង់ ចាក់សោរលើកម្រិតពន្លឺ ចុច និងសង្កត់ឱ្យជាប់លើទីតាំងដែលអ្នកចង់បាន រហូតដល់សញ្ញារាងការ៉េ ពណ៌លឿងលេចឡើង ហើយសញ្ញា AE/AF LOCK លេចឡើងនៅលើអេក្រង់។ នៅពេលនោះអ្នកអាចកែតម្រូវពន្លឺ ហើយទូរសព្ទ iPhone នឹងរក្សាការកំណត់នេះ រហូតដល់ពេលអ្នកប៉ះអេក្រង់ម្តងទៀត។ បើសិនជាតិចនិចខាងលើទាំងអស់បរាជ័យ ទូរសព្ទ iPhoneមាន Flash ដែលអាចប្រើប្រាស់ ក្នុងការបន្ថែមពន្លឺ ប៉ុន្តែវិធីនេះមិនទទួលបានផលគ្រប់ពេលនោះទេ ហើយវាអាចប៉ះពាល់ដល់រូបភាពរបស់អ្នក។

ប្រើប្រាស់តិចនិច Tic-Tac-Toe (ក្រឡាអុក)

ការដាក់ទីតាំងចំកណ្តាលអេក្រង់គឺមានភាពងាយស្រួល ប៉ុន្តែមិនមែនគ្រប់យ៉ាងត្រូវតែស្ថិតនៅចំកណ្តាលនោះទេ។ ជាការពិត ការតម្រង់ជួរផ្នែកសំខាន់ៗនៃរូបភាពរបស់អ្នកក្នុងកម្រិត1/3 នឹងធ្វើឱ្យរូប ភាពរបស់អ្នកកាន់តែចាប់ចិត្ត។ វិធីនេះហៅថា The Rule of Thirds។ ស្រមៃពីការគូសក្រឡាចត្រង្គ (បួនជ្រុង ឬក្រឡាអុក) នៅលើអេក្រង់ទូរសព្ទ ហើយតម្រង់រូបភាពរបស់អ្នកឱ្យប្រសព្វលើបន្ទាត់ទាំងនោះ។ នៅពេលអ្នកថតរូប iPhone មានមុខងារ Rule-of-Thirds Grid ដែលអ្នកអាចបើកដំណើរការ នៅក្នុង Setting។ តែគួរឱ្យស្តាយ មុខងារនេះមិនដំណើរការលើការថតវីដេអូទេ។ 

វិធីសាស្រ្តខាងលើនេះ ជាវិធីសាស្រ្តមូលដ្ឋានមួយចំនួន ដែលអ្នកគួរអនុវត្តនៅពេលអ្នកថតវីដេអូនៅលើ iPhone ប៉ុន្តែភាគច្រើននៃវិធីខាងលើក៏អាចប្រើប្រាស់បាន ជាមួយការថតវីដេអូលើទូរសព្ទដទៃទៀត ផងដែរ។

អត្ថបទអ្នកចង់អាន

ជម្រើសជើងទម្រ ទូរសព្ទ លើកង់

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 13 Dec, 2017

ការជិះកង់ជាលំហាត់ប្រាណ ដ៏ពេញនិយមមួយ ព្រោះវាគ្មានបំពុលបរិស្ថាន។ អ្នកអាចបន្ថែមភាពរីក រាយក្នុងការជិះកង់ ដោយយកទូរសព្ទដៃរបស់អ្នកភ្ជាប់នឹងតួកង់។ ទំនើប សូ...

LG VIP Night 2018 កម្មវិធីជប់លៀងជួបជុំដៃគូរអាជីវកម្មដ៏ធំបំផុត និង ការបង្ហាញផលិតផលថ្មីៗ របស់ LG Electronics

ដោយ: ទំនើប 10 AM, Friday, 28 Sep, 2018

នៅល្ងាចថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ 2018 នេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear (ជីហ្គៀ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេស...

កម្មវិធីថ្មី! 3D Photo នៅលើ Facebook

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 17 Oct, 2018

កាលពីខែឧសភាកន្លងទៅ ក្នុងអំឡុងពេលសន្និបាត F8 ក្រុមហ៊ុន Facebook បានប្រកាសថាក្រុមហ៊ុនបាននឹងកំពុងដំណើរការនៅលមុខងារមួយ ដែលអាចនាំយករូបភាព 2D ធម្មតា និងធ...

អ្វីដែលអ្នកគួរដឹងអំពី Laptop ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

ជារៀងរាល់ឆ្នាំយើងទាំងអស់គ្នាបានឃើញបច្ចេកវិទ្យា Laptop ថ្មីៗកាន់តែច្រើននៅក្នុងវេទិកា Consumer Electronic Show (CES)។ យើងបានឃើញម៉ូដែលដ៏តូច និងស្រាល ម...

Tomnerb.Com - YouTube Channel