ចូលចិត្តទំនើប

របស់ ១១ យ៉ាង ដែលចោរពេញនិយម ពេលអ្នកចតឡាន

ដោយ: ស. លីង 7 PM, Saturday, 10 Jun, 2017

ម្ចាស់រថយន្តភាគច្រើនជឿជាក់ថា ការចតរថយន្តនៅក្នុងចំណតផ្សារ ចំណតសណ្ឋាគារ ចំណតភោជនីយដ្ឋាន ដែលមានអ្នកយាម គឺមានសុវត្ថិភាពចំពោះរថយន្ត និងសម្ភារក្នុងនោះមួយរយភាគរយ។

ទំនើបចង់ឲ្យម្ចាស់រថយន្តផ្លាស់ប្តូរគំនិតនេះ។ រថយន្តអ្នកមានរបស់មុខសញ្ញា ដែលចោរ ពេញនិយមបំផុត ទាំងរបស់ខាងក្នុង និងរបស់ខាងក្រៅ ហើយរបស់ខ្លះ អ្នកមិនធ្លាប់ចាប់អារម្មណ៍ដឹងឡើយ។ របស់ទាំងនោះមាន៖

១. ម៉ាញេ

ម៉ាញេរថយន្ត គឺជារបស់ដែលចោរសម្លឹងឃើញ។ ទោះបីជាម៉ាញេសេរ៊ីអន់ក៏ដោយ ពេលខ្លះដោយសារតែជារបស់ពិបាករក ដូច្នេះក៏ក្លាយទៅជារបស់មានតម្លៃ។

២. ថង់ទំនិញហាង Brand

នេះជាសម្ភាររបស់នារីៗ។ អ្នកខ្លះដើរ shopping មិនមែនតែមួយកន្លែង គឺមានហាងផងផ្សារផង ដូច្នេះជាញឹកញយ ពួកគាត់តែងតែទុកថង់ទំនិញ នៅក្នុងរថយន្ត។ ទំនើបចង់ជម្រាបថា លោកចោរពូកែណាស់ ក្រឡេកមួយឆ្វាច់ដឹងថា ជាថង់របស់ហាងម៉ាកល្បី ដូច្នេះរបស់ក្នុងថង់នោះ (លើសពី ៥០ភាគរយ) គឺជារបស់ល្អ។ ហេតុនេះ លោកចោរប្រាកដជារកវិធីយករបស់ក្នុងថង់។

៣. ម៉ាស៊ីននាំផ្លូវរថយន្ត

គ្រឿងម៉ាស៊ីនចង្អុលប្រាប់ផ្លូវ (ផែនទី) ឬម៉ាស៊ីនសម្រាប់ពេលថយ ឬចតឡានជារបស់ ដែលលោកចោរចាប់អារម្មណ៍។ បច្ចុប្បន្នម្ចាស់រថយន្តភាគច្រើនដាក់ម៉ាស៊ីនប្រភេទនេះ។ របស់ដែលមានទីផ្សារដូច្នេះ រឿងអីលោកចោរមិនតស៊ូយក។

៤. ទូរស័ព្ទដៃ

ម្ចាស់រថយន្តមិនតិចនាក់ទេ ដែលតែងតែភ្លេចទូរស័ព្ទដៃក្នុងរថយន្ត។ បើលោកអ្នកភ្លេចរបស់នេះ នៅក្នុងថតទូ ឬកន្លែងណាមួយដែលចោរមើលមិនឃើញ នោះមិនសូវអ្វីទេ តែភាគច្រើន គឺភ្លេចនៅលើពូកឡាន នៅលើផ្នែកមុខចង្កូត ឬនៅក្បែរប្រអប់លេខ សុទ្ធសឹងជាកន្លែងឌឺដងលោកចោរ។ ព្រោះតែហេតុនេះ មុនលោកអ្នកចាកចេញពីរថយន្ត សូមពិនិត្យមើលហោប៉ៅ ក្នុងកាបូប លើពូក និងលើផ្នែកដូចបានរៀបរាប់ខាងលើ ថាតើមានភ្លេចទូរស័ព្ទដៃនៅទីនោះ ឬអត់។

៥. កាបូបកុំព្យូទ័រយួរដៃ

ដោយសារតែរបស់នេះធ្ងន់ ដូច្នេះម្ចាស់រថយន្តសឹងទាំងអស់ចូលចិត្តទុក នៅក្នុងរថយន្ត។ ទំនើបសូមផ្តល់យោបល់ អ្នកគួរយកតាមខ្លួន សុខចិត្តយួរធ្ងន់ តែមានសុវត្ថិភាពនៅក្នុងចិត្ត។

៦. ទំពក់ ខោអាវ និងស្បែកជើង

ម្ចាស់រថយន្តខ្លះមានទម្លាប់ព្យួរសម្លៀកបំពាក់ ជាពិសេសអាវធំនៅក្នុងឡាន។ អាវធំ និងទំពក់ ទាំងពីរយ៉ាងនេះក៏ជាចំណីផ្អែមរបស់លោកចោរដែរ។ សូមី្បតែស្បែកជើងក៏ដោយ ព្រោះដូច ទំនើបបានពោលខាងលើថា លោកចោរមានចំណេះដឹងខ្ពស់ ដឹងថារបស់នោះល្អឬមិនល្អ ថ្លៃឬមិនថ្លៃ ហេតុនេះឲ្យតែឃើញ លោកចោរប្រាកដជា មិនឲ្យផុតពីកណ្តាប់ដៃឡើយ។

៧. វ៉ែនតា

ទំនើបសូមបញ្ជាក់ម្តងទៀត លោកចោរមានភ្នែកក្រឡេកឆេះ ឃើញស្គាល់របស់ល្អ ដូច្នេះបើវ៉ែនតារបស់លោកអ្នកជារបស់ថ្លៃ សូមយកទៅតាមខ្លួន ឬយកទុកក្នុងកន្លែង ដែលលោកចោរមើលមិនឃើញ។

Car-Thief-Steal-Tomnerb-01

៨. យីហោរថយន្ត

របស់នេះស្ថិតនៅខាងក្រៅរថយន្ត។ របស់នៅខាងក្នុង លោកចោរអាចមានវិធីយកបាន រឿងអី របស់ខាងក្រៅ លោកចោរយកមិនបាន។ សម្រាប់អ្នក របស់នេះប្រហែលជាគ្មានតម្លៃ ឬមានតម្លៃតិចតួចស្តួចស្តើង ប៉ុន្តែសម្រាប់លោកចោរ របស់អ្វីក៏ដោយក៏មានតម្លៃដែរ។

៩. កាបូបដៃ

ភាគច្រើន មិនមែនម្ចាស់រថយន្តមិនរវល់ទេ គឺពួកគាត់ច្រើនតែភ្លេច ឬជ្រុះពីហោប៉ៅដោយមិនដឹងខ្លួន។ ហេតុនេះ សូមម្ចាស់រថយន្តទាំងឡាយមេត្តាពិនិត្យមើល ឲ្យបានល្អិតល្អន់ មុនចាកចេញពីរថយន្តរបស់លោកអ្នក។

១០. ថាសកង់

នេះជារបស់ ដែលងាយស្រួលយកជាងគេ។ ក្នុងករណីលោកចោរមានពេលវេលាតិច លោកចោរប្រាកដជាជ្រើសរើសយករបស់នេះ ព្រោះទោះយកទៅមិនបានប្រាក់ច្រើន តែក៏បានទឹកមាត់ផ្សើមបំពង់កខ្លះដែរ ជាជាងអត់។

១១. ស្លាកលេខរថយន្ត

លោកអ្នកខ្លះប្រាកដជាមានចម្ងល់ «យកទៅលក់កើតដែរ?» ទំនើបសូមឆ្លើយថា ករណីដែលលោកចោរគ្មានពេលវេលាច្រើន ហើយកំពុងដាច់ផង លោកចោរប្រាកដជាយក ព្រោះទីមួយមានទឹកសើមមាត់ និងទីពីរកុំឲ្យខូចឈ្មោះដែលចេញប្រមាញ់ ហើយគ្មានបានអី កំដរដៃមកវិញ។

សរុបសេចក្តីមក មិនថាអ្នកចតរថយន្តនៅកន្លែងណាទេ បើអ្នកត្រូវចាកចេញពីរថយន្តចាប់ពី ១៥នាទីឡើងទៅ អ្នកគួរយកសម្ភារសំខាន់ៗតាមខ្លួនមានដូចជា ទូរស័ព្ទដៃ កាបូបលុយ វ៉ែនតា និងកាបូបកុំព្យូទ័រយួរដៃ។ សម្រាប់របស់មួយចំនួនដូចជាថង់ទំនិញ អ្នកអាចទុកក្នុងរថយន្តបាន ប៉ុន្តែត្រូវដាក់ក្នុងកន្លែងអាថ៍កំបាំង ឬរៀបចំយ៉ាងម៉េច ឲ្យលោកចោរមិនអាចកត់សំគាល់បាន។

ក្រៅពីនេះ របស់ដែលជាប់នឹងតួរថយន្ត អ្នកគួរការពារដោយដាក់តេឡេការពារ ពេលមានអ្វីមកប៉ះពាល់ វានឹងបញ្ចេញសំឡេងជាសញ្ញាដល់អ្នក និងសន្តិសុខយាមកាម។ ប៉ុន្តែពេលឮសំឡេង សូមអ្នកទៅមើលផងណា៎!

Car-Thief-Steal-Tomnerb-03

អត្ថបទអ្នកចង់អាន

SSD ថ្មីរបស់ Toshiba ជាបន្ទះឈីប 3D

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

ក្រុមហ៊ុន Toshiba ទើបនឹងប្រកាសពីផលិតផលថ្មី នៃស្រឡាយផលិតផល XG6 ដែលជាបន្ទះ SSD ដំបូងត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យា ទំនើបបំផុត 96 Layer 3D Flash។...

Toyota នឹងបញ្ឈប់ការលក់រថយន្តម៉ាស៊ូត នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

អ្នកអាចបន្ថែមឈ្មោះក្រុមហ៊ុន Toyota ទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុនផលិតរថយន្ត ដែលបានទម្លាក់ ចំនួនផលិតរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត នៅក្នុងខ្សែចង្វាក់ផលិតក...

ចិនត្រៀមខ្លួនវាយបកទៅអាមេរិកវិញ ខណៈពេលក្រុមហ៊ុនទូរស័ព្ទយក្ស Huawei របស់ចិន កំពុងទទួលរងការបាត់បង់អ្វីផ្សេង!

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ភាពតានតឹងនៃចំណងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន មើលទៅទំនងជានឹងមានភាពរីកចម្រើនក្នុងពេលឆាប់ខាងមុខនេះ ដោយសារប្រទេសចិនបានបោះជំហានទៅមុខ ដើម្បីធ...

កំពូល Laptop សម្រាប់ការលេងហ្គេម

ដោយ: ដួងច័ន្ទ 9 AM, Saturday, 21 Oct, 2017

កុំព្យូទ័រ Laptop ល្អបំផុត មិនមែនមានន័យថា វាសក្តិសមសម្រាប់ការលេងហ្គេមទេ។ កុំព្យូទ័រ Laptop ដែលប្រើប្រាស់សម្រាប់ការលេងហ្គេមល្អបំផុត គឺសម្តៅលើកម្លាំង...

Tomnerb.Com - YouTube Channel