របស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ជាតិសំណើម ដែលអ្នកអាចរកបាននៅក្នុងផ្ទះបាយរបស់អ្នក
ពិតណាស់ដែលអាហារបំប៉នត្រឹមត្រូវគឺជាគន្លឹះដែលធ្វើឲ្យស្បែកភ្លឺរលោង ជាពិសេសនៅរដូវធ្លាក់ខ្យល់បែបនេះ។ ខ្យល់ត្រជាក់នាំឲ្យយើងមានស្បែកស្ងួត និង បែកស្រកា។ ដូច្នេះដើម្បីធ្វើឲ្យស្បែកមានជាតិសំណើម និង មានសារធាតុចិញ្ចឹមគ្រប់គ្រាន់អ្នកតែងតែទៅទិញផលិផលផ្សេងៗនៅលើទីផ្សារមកប្រើប្រាស់។ ប៉ុន្តែមុននឹងអ្នកទៅ អ្នកគួរក្រលេកមើលនៅក្នុងផ្ទះបាយរបស់អ្នកជាមុនសិន។ ហេតុអ្វីបានជាទិញផលិតផលខាងក្រៅមកប្រើប្រាស់ បើសិនជានៅក្នុងផ្ទះបាយរបស់អ្នកមានរបស់ដែលធ្វើឲ្យស្បែកអ្នកមានជាតិសំណើមរួចហើយ? ខាងក្រោមនេះគឺជារបស់ 9 យ៉ាងដែលផ្តល់ឲ្យនូវជាតិសំណើមធម្មជាតិសម្រាប់ធ្វើឲ្យស្បែកភ្លឺរលោង និង មានសំណើមដែលរួមមាន៖
1. ទឹកឃ្មុំ
ទឹកឃ្មុំធម្មជាតិគឺសារធាតុប្រឆាំងនឹងបាក់តេរីខ្ពស់ ដូច្នេះវាអាចព្យាបាលមុនដ៏មានប្រសិទ្ធភាព លើសពីនេះវាជួយបង្រួមរន្ធញើសឲ្យតូច និង ជាអ្នកសម្អាតដ៏អស្ចារ្យ។ វាពោរពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីធ្វើឲ្យមិនមានស្នាមជ្រួញ ស្បែកឆាប់ចាស់ និង ស្នាមជាំ។
2. ទឹកដោះគោស្រស់
ទឹកដោះគោស្រស់សម្បូរដោយជាតិអាស៊ីត Lactic ដែលវាជាធាតុផ្សំមួយដែលត្រូវបានរកឃើញនៅក្នុងផលិតផលថែរក្សាសម្ផស្សថ្លៃៗ។ ជាតិអាស៊ីត Lactic នេះមានមុខងារជម្រុះនូវកោសិកាចាស់ៗចេញពីស្បែក និង បណ្តុះកោសិកាថ្មី ហើយវាអាចជួយឲ្យស្បែកមានសំណើមផងដែរ។
3. ប្រេងអូលីវ
ប្រេងអូលីវមានជាតិសំណើមជាច្រើនដែលត្រូវបានគេយកទៅផ្សំធ្វើជាផលិតផលដែលផ្តល់ជាតិសំណើមដល់ស្បែក តាំងពីយូរណាស់មកហើយ។ សារធាតុប្រឆាំងអុកស៊ីតកម្ម និង អាស៊ីតធម្មជាតិរបស់វាជួយឲ្យស្បែករឹងមាំដោយបង្កើតរបាំងការពារធម្មជាតិ ដើម្បីប្រឆាំងនឹងកាំរស្មីពន្លឺព្រះអាទិត្យ។
4. ប្រេង Castor
ប្រេង Castor មានជាតិសំណើមដ៏អស្ចារ្យ និង មានកំហាប់នៃអាស៊ីតខ្លាញ់ខ្ពស់ដែលអាចឲ្យវាអាចស្រូបចូលក្នុងស្បែកបានឆាប់រហ័ស។ លើសពីនេះវាមានជាតិអាស៊ីត Linoleic ដែលជួយការពារស្បែកពីការបាត់បង់ជាតិសំណើមនៅក្នុងស្បែក។
5. ប្រេងដូង
ប្រេងដូង សម្បូរទៅដោយជាតិអាស៊ីត Lauric ដែលជួយផ្គត់ផ្គង់ជា collagen និង ធ្វើឲ្យស្បែកងាយស្រួលស្រូបយកយ៉ាងជ្រៅនូវជាតិសំណើមដ៏អស្ចារ្យ និង ធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល។
6. ប៊ឺផ្លែ Shea
ប៊ឺផ្លែ Shea ជាប្រភពនៃវីតាមីន A និង F ដែលជួយកាត់បន្ថយស្បែកស្ងួត ផ្តល់សំណើមដល់ស្បែក និង ធ្វើឲ្យស្បែកក្មេងជាងវ័យ។
7. ផ្លែប៊ឺ
ផ្លែប៊ឺ សម្បូរជាតិខ្លាញ់ និង វីតាមីន A, D និង E ដែលជួយរក្សាជាតិសំណើមនៅក្នុងស្បែក និង ក៏អាចធ្វើជាថ្នាំប្រឆាំងនឹងជម្ងឺផងដែរ។
8. ត្រសក់
ត្រសក់ជាប្រភពសារធាតុទឹកដ៏ល្អសម្រាប់រាងកាយរបស់អ្នកទាំងខាងក្នុង និង ខាងក្រៅ។ លើសពីនេះត្រសក់មានសារធាតុចិញ្ចឹមដូចជា ម៉ាញេស្យ៉ូម ប៉ូតាស្យ៉ូម និង វីតាមីន A និង E។ វាជួយសម្រួលចរន្តឈាម និង ជាគុណប្រយោជន៍សម្រាប់ស្បែក ឆ្អឹង និង ក្រចក ព្រមទាំងជួយកាត់បន្ថយភាពជ្រីញជ្រួញ ធ្វើឲ្យស្បែកភ្លឺរលោង និង អាចជួយព្យាបាលការហើមនៅជុំវិញភ្នែក។
9. ប្រទាល កន្ទុយក្រពើ
ប្រទាល កន្ទុយក្រពើ ឬ ហៅថា Aloe ត្រូវបានគេប្រើសម្រាប់ធ្វើជាគ្រឿងផ្សំផលិតផលថែរក្សាស្បែកជាច្រើន។ វាផ្តល់ជាតិសំណើមដែលមិនបន្សល់ជាតិខ្លាញ់លើស្បែក និង មានសារធាតុចិញ្ចឹមដូចជា Beta-carotene និង វីតាមីន C និង E ហើយនិងធ្វើឲ្យស្បែកឡើងក្រាស់។