ចូលចិត្តទំនើប

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានបង្កើតឡើងដើម្បីផ្លាស់ប្តូរ ជីវិតរស់នៅរបស់យើងផងដែរ។ ប៉ុន្តែមិនមែនគ្រប់ការច្នៃប្រឌិត បច្ចេកវិទ្យាទាំងអស់ ទទួលបានការ ចាប់អារម្មណ៍ដូចៗគ្នានោះទេ។ ដោយសារតែបច្ចេកវិទ្យាមានការវិវត្តទៅមុខយ៉ាងលឿន អ្នកអាចនឹងមិនបានដឹងអស់ពីបច្ចេកវិទ្យាថ្មីៗ ដែលគួរឱ្យចាប់អារម្មណ៍ និងមានអត្ថប្រយោជន៍ ដែលនឹងលេចរូបរាងជាផលិតផលច្នៃប្រឌិតថ្មី ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ជាមួយ គេហទំព័រទំនើប យើងសូមបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ ដែលរំពឹងថានឹងវាយលុកទីផ្សារ មិនហួសពី ឆ្នាំ២០១៧នេះ ឡើយ។

១. ថ្នាំការពារកម្តៅថ្ងៃ

Upcoming-Tech-Innovations-01

តើអ្នកធុញទ្រាន់នឹងការទៅដើរលេងសមុទ្រ ហើយស្បែករបស់អ្នកត្រូវប្រែជាខ្មៅ ឬអាចរលាក ឬធុញទ្រាន់នឹងការប្រើប្រាស់ឡេការពារកម្តៅថ្ងៃមែនទេ? នៅរដូវក្តៅឆ្នាំនេះ ថ្នាំគ្រាប់ ដែលអ្នកអាចប្រើប្រាស់ជំនួសឱ្យឡេការពារកម្តៅថ្ងៃបាន។ ការការពារប្រឆាំងនឹងកាំរស្មី UV គឺជាប្រធានបទដ៏ក្តៅគគុក ព្រោះបញ្ហាមហារីកស្បែក មានអត្រាប្រេកង់ខ្ពស់។ Melanoma គឺជាជម្ងឺមហារីកស្បែក ដែលមានអត្រាខ្ពស់លំដាប់ទី៥ ដែលអាចកើតឡើងចំពោះបុរស និងលំដាប់ទី៧ ដែលអាចកើតឡើងចំពោះស្រ្តី ដែលមានករណីជម្ងឺថ្មីៗចំនួន ១៤០,០០០ ករណី កើតឡើងក្នុងឆ្នាំ ២០១៦។ ករណីទាំងនេះមួយផ្នែកបណ្តាលមកពីភាពស្មុគស្មាញ នៃការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ។ វត្តមាននៃការប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃ តាមរយៈការលេប ប្រហែលជាអាចជម្រុញមនុស្សឱ្យប្រើប្រាស់ច្រើន ដើម្បីពង្រឹងការការពារប្រឆាំងនឹងកាំរស្មីដ៏មានគ្រោះថ្នាក់។ អត្ថប្រយោជន៍មួយផ្សេងទៀតរបស់ថ្នាំគ្រាប់ ការពារកម្តៅព្រះអាទិត្យនេះ បន្ថែមលើភាពងាយស្រួល គឺចំណាតថ្នាក់នៃថ្នាំគ្រាប់ ដែលមិនមានការ ជំទាស់ពីអង្គភាព Food and Drug Administration ឡើយ។ មកទល់ពេលនេះ FDA បានរឹតបន្តឹងស្តង់ដាឡេការពារកម្តៅថ្ងៃ ព្រោះវាត្រូវបានចាត់ទុកថា ជាគ្រឿងសម្អាង និងថ្នាំ។

តើអ្នកស្រាវជ្រាវមានបំណងបង្កើតថ្នាំគ្រាប់ ការពារកម្តៅថ្ងៃដោយរបៀបណា? វិធីសាស្រ្តមួយគឺទាញយកសារធាតុផ្សំពីស្លឹករុក្ខជាតិតំបន់ត្រូពិក Polypodium Leucotoms។ ស្លឹករុក្ខជាតិប្រភេទនេះត្រូវ បានប្រើប្រាស់ជាយូរណាស់មកហើយ នៅតំបន់អាមេរិកខាងត្បូង ដើម្បីព្យាបាលជម្ងឺមួយចំនួនដូចជា ជម្ងឺស្បែកក្រហម និងរលាកស្បែក ដោយវាមានសារជាតិប្រឆាំងអុកស៊ីតកម្ម។ ការសិក្សាកម្រិតបឋម លើក្រុមមនុស្សដែលទទួលសារធាតុនេះ បង្ហាញថាវាអាចពង្រីកសមត្ថភាពរបស់វាទ្វេដង ប្រឆាំងនឹង កាំរស្មី UV ដែលជាទូទៅជាកត្តាបង្កឱ្យរលាកស្បែក និងកាត់បន្ថយហានិភ័យ នៃការបំផ្លាញពីកាំរស្មី ព្រះអាទិត្យបាន ៨៤%។ ប៉ុន្តែសូមកុំទាន់បោះឡេរបស់អ្នកចោលអី ដោយសារលទ្ធផលនេះមិនទាន់ គ្រប់គ្រាន់នៅឡើយ ហើយអ្នកស្រាវជ្រាវកំពុងពង្រីកការសិក្សា ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃថ្នាំលេប មុនពេលថ្នាំនេះ មានវត្តមានជាសាធារណៈ។

២. ប៊ិចឡាស៊ែរបិទមុខរបួស

Upcoming-Tech-Innovations-02

បើសិនជាអ្នកចូលចិត្តសកម្មភាពនៅខាងក្រៅ អ្នកប្រហែលជាចង់ទៅដើរឡើងភ្នំ ឬដំណើរផ្សងព្រេង នានា។ អ្នកប្រហែលជាទទួលរងគ្រោះថ្នាក់ បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរនៅក្នុងដំណើរកំសាន្ត។ ជាទូទៅអ្នកត្រូវទៅមន្ទីរពេទ្យ ប៉ុន្តែនៅក្នុងពេលធ្វើដំណើរមិនងាយស្រួលនោះទេ។ ចុះបើអ្នកអាចបិទ មុខរបួស ដោយគ្រាន់តែប្រើប៊ិចឡាស៊ែរ តើវាយ៉ាងម៉េចវិញ? ពន្លឺឡាស៊ែរមិនមែនសម្រាប់តែការវះកាត់មួយមុខប៉ុណ្ណោះទេ។ នៅឆ្នាំ២០១៧ អ្នកវិទ្យាសាស្រ្តបានទាយទុកថា ពន្លឺឡាស៊ែរចល័ត នឹងមានវត្តមាន ដើម្បីបិទផ្សះមុខរបួស។ វាមិនមែនមានន័យថា ប៊ិចមួយដើមនេះអាចបំពេញមុខងារជំនួសឱ្យគ្រូពេទ្យទេ ប៉ុន្តែបើសិនអ្នកហូរឈាម និងមិនអាចទៅដល់មន្ទីរពេទ្យភ្លាមៗ បច្ចេកវិទ្យាថ្មីនេះ អាចជួយបិទមុខរបួស និងជួយអ្នកចាកផុតពីការប្រើប្រាស់បង់បិទរបួស។

តើប៊ិចឡាស៊ែរនេះ ដំណើរការយ៉ាងដូចម្តេច? ការច្នៃប្រឌិតបានមកពីរូបវិទូ មកពីសាកលវិទ្យាល័យ Tel Aviv លោក Abraham Katzir។ ជាមួយនឹងក្រុមការងារស្រាវជ្រាវរបស់គាត់ នៅក្នុងប្រទេសអ៊ីស្រាអែល គាត់បានផលិតប៊ិចចល័ត ដែលប្រើប្រាស់បច្ចេកវិទ្យា Optic Fiber កម្រិតខ្ពស់ ដើម្បី ព្យាបាលរបួសរបស់មនុស្ស។ ប៊ិចនេះមានសរសៃ២ ទី១ គឺសរសៃកាបូនឌីអុកស៊ីត ដែលបាញ់ពន្លឺឡាស៊ែរលើមុខរបួស និងទី២ គឺសរសៃដែលតម្រង់ប៊ិចឱ្យចំ Infrared Sensor ដែលរក្សាកម្រិតសីតុណ្ហភាពសម្រាប់ផ្សះមុខរបួស។ ការវះកាត់ជាច្រើនបាន ប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែររបស់ Katzir ដើម្បីធ្វើការវះកាត់ថង់ប្រមាត់ ហើយបច្ចេកវិទ្យានេះ ក៏ទទួលបានជោគជ័យលើការព្យាបាលជម្ងឺរលាកសន្លាក់ ឈឺចុកចាប់ និងរលាកឆ្អឹងខ្នងផ្នែកខាងក្រោម។ វាមិនទាន់មាននៅលើទីផ្សានៅឡើយទេ ប៉ុន្តែឆាប់ៗនេះ អ្នកប្រហែលជាអាចធ្វើដំណើរផ្សងព្រេង ដោយមានទំនុកចិត្តកាន់តែខ្ពស់។

៣. យានហោះ

Upcoming-Tech-Innovations-03

ស្តាប់ទៅវាដូចជាអ្វី ដែលកើតចេញពីការប្រឌិតរបស់វិទ្យាសាស្រ្ត ប៉ុន្តែក្នុងអំឡុងដើមឆ្នាំ២០១៧ អ្នកស្រាវជ្រាវបាននិយាយថា អ្នកនឹងអាចមានលទ្ធភាពទិញយានហោះផ្ទាល់ខ្លួនបាន។ Aerofex ជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានទីតាំងក្នុងរដ្ឋកាលីហ្វនីញ៉ារ បានបង្កើតយានហោះ មានឈ្មោះថា Aero-X ដែលនឹងត្រូវបានធ្វើតេស្តហោះហើរនៅក្នុងឆ្នាំនេះ។ បើសិនជាវាទទួលបានជោគជ័យ យាន ជំនិះមួយនេះ នឹងហោះឡើងក្នុងកម្ពស់ ១០ហ្វីត ជាមួយនឹងល្បឿនលឿនបំផុត ៤៥ម៉ៃ ក្នុងមួយម៉ោង។

Aero-X ត្រូវបានបង្កើតឡើងដើម្បីជិះ ដែលអ្នកនឹងមានអារម្មណ៍ដូចជិះម៉ូតូ ហើយយានហោះថ្មីនេះ អាចផ្ទុកមនុស្សបាន ២នាក់ ជាមួយទម្ងន់សរុប ៣១០ផោន។ មុខងារសុវត្ថិភាពនៅស្ថិតក្នុងការធ្វើតេស្តសាកល្បងនៅឡើយ ប៉ុន្តែវាមានបច្ចេកវិទ្យាគ្រប់គ្រាន់ ក្នុងការសម្របខ្លួនក្នុងល្បឿនខ្យល់ និងរបារឥទ្ធិពលខ្យល់ ដើម្បីរក្សាលំនឹងក្នុងស្ថានភាពដ៏លំបាក។ ឧបករណ៍ថ្មីមួយនេះ អាចស្តាប់ទៅដូចជាឧបករណ៍កំសាន្តសម្រាប់ជិះលេង ប៉ុន្តែវាក៏មានមុខងារ ដ៏មានសារៈសំខាន់ផងដែរ។ ឧទាហរណ៍ អ្នកសង្គ្រោះបន្ទាន់អាចប្រើប្រាស់វា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះ នៅពេលដែលមធ្យោបាយធ្វើដំណើរដទៃទៀតមិនអាចដំណើរការបាន។ កុំទាន់អាលរំភើបជាមួយវាពេក។ Aero-X ត្រូវបានរំពឹងថានឹងចេញលក់ក្នុងតម្លៃ ៨៥, ០០០ ដុល្លារអាមេរិក។

៤. វ៉ែនតាដ៏ឆ្លាតវៃ Carl Zeiss

Upcoming-Tech-Innovations-04

អ្នកប្រហែលជាធ្លាប់បានលឺពីវ៉ែនតា Google ដែលមានបច្ចេកវិទ្យាអុបទិក Head-Mounted Display ដែលអាចឱ្យអ្នកប្រើប្រាស់មុខងារទាំងអស់ នៅលើទូរសព្ទ Smartphone ដោយពុំចាំបាច់ប្រើដៃ។ មនុស្សជាច្រើនបានកោតសរសើរពីបច្ចេកវិទ្យាថ្មីនេះ ប៉ុន្តែមានមួយចំនួនបានសម្តែងការមិន ពេញចិត្ត ដោយសារវ៉ែនតានេះ មានរូបរាងមិនសូវផ្តល់ផាសុកភាព ឬមិនសូវពេញនិយម។ ការពិតទៅ ចំណុចខ្សោយរបស់ Google Glass គឺមិនមានឧបករណ៍បំពងសម្លេងដ៏ពេញចិត្ត។ ប៉ុន្តែសូមកុំបារម្ភ! Carl Zeiss Smart Glass គឺជាដំណោះស្រាយ។ វ៉ែនតាឆ្លាតវៃម៉ូដែលថ្មីនេះនឹងមានវត្តមាន នៅដំណាច់ឆ្នាំ ២០១៧។ វាមានមុខងាររបស់ Google Glass ទាំងអស់ ប៉ុន្តែវាមានចំណុចបន្ថែម ដូចជា ភាពប៉ិនប្រសព្វនៃការបំពេញមុខងារ និងមានរូបរាងកាន់តែទាក់ទាញជាមួយកញ្ចក់កោង ដែលស្ទើរតែស្រដៀងនឹងវ៉ែនតាធម្មតា។

តើវាដំណើរការយ៉ាងដូចម្តេច? កញ្ចក់របស់ Carl Zeiss នឹងមានរាងកាន់តែទាក់ទាញជាង Google Glass ដោយសារតែវិធី ដែលគេកែច្នៃវាឱ្យកាន់តែប្រសើរ។ ពិសេសជាងនេះទៅទៀត គ្រប់ Hardware របស់វារួមមានថ្ម និងម៉ាស៊ីន ត្រូវបានបំពាក់លើដងវ៉ែនតា ហើយវាត្រូវបានភ្ជាប់ដោយខ្សែ ទៅកាន់ឧបករណ៍ OLED តូចមួយ សម្រាប់បង្ហាញរបភាព។ ពន្លឺចាំងចេញពីអេក្រង់បាញ់ឆ្ពោះទៅផ្ទៃ Lens និងចាំងចូលកែវភ្នែករបស់អ្នក។ បញ្ជូនទិន្នន័យពីទូរសព្ទដែលនៅក្បែរ ហើយវ៉ែនតាមួយនេះអាចបង្ហាញពីគ្រប់អ្វីដែលអ្នកចង់បាន ហើយអ្នកគ្រាន់តែធ្វើការបញ្ជារ តាមរយៈចលនាភ្នែកប៉ុណ្ណោះ។ បន្ថែមលើនេះ បើសិនជាអ្នកពាក់វ៉ែនតាជាប្រចាំ អ្នកអាចទិញវ៉ែនតាដ៏ឆ្លាតវៃដែលតម្រូវតាមបញ្ហាភ្នែកនានា។

៥. Robots កង់ពីរ

Upcoming-Tech-Innovations-05

អ្នកប្រហែលជាធ្លាប់បានឃើញ គេជិះកង់ដែលមានកង់យន្ត២ នៅតាមទីសាធារណៈ ប៉ុន្តែវាមិនសូវមានច្រើនទេ។ ការធ្វើដំណើរតាមកង់យន្តប្រភេទនេះ អាចចំណាយពេលបានលឿនជាងអង្គុយក្នុងរថយន្ត នៅពេលស្ទះចរាចរណ៍។ សូម្បីតែប៉ូលីស ក៏ប្រើប្រាស់វាសម្រាប់ការដើរពិនិត្យ នៅក្នុងតំបន់ ព្រោះវាជួយពង្រឹងសុវត្ថិភាព។ ចុះបើអ្នកអាចជិះកង់យន្ត ដែលកាន់តែទំនើបជាងនេះ ជាប្រភេទកង់ដែលបង្កើតឡើងក្នុង សង្គ្រាម។ នៅពាក់កណ្តាលឆ្នាំនេះ អ្នកនឹងទទួលបានវត្តមានម៉ាស៊ីនប្រភេទនេះ។ ក្រុមហ៊ុន Electric Scooter ថ្មីៗនេះបានប្រកាសអំពីការផលិតផលិតផលថ្មី Ninebot Segway ជាផលិតផលដើមនៃកង់យន្ត ដែលបំពាក់បច្ចេកវិទ្យាផ្តល់ផាសុកភាព។

តើវាមានមុខងារអ្វីខ្លះ? Ninebot មិនមែនជាកង់យន្តធម្មតានោះទេ។ វាមានបំពាក់កាមេរ៉ា 3D ផ្តល់ឱ្យនូវរូបភាព និងការឃើញវត្ថុនានាបានយ៉ាងច្បាស់ នៅពេលអ្នកកំពុងជិះ។ កាមេរ៉ានោះក៏មានបំពាក់ប្រព័ន្ធ GPS ដូច្នេះអ្នកអាចស្វែងរកទីតាំងបានយ៉ាងងាយ។ ឧបករណ៍នេះក៏មានបំពាក់កម្មវិធី Voice-Recognition ដែលអ្នកអាចធ្វើការគ្រប់គ្រងក្នុងអំឡុងពេលធ្វើដំណើរ និងពេលអ្នកចុះចេញ ពីម៉ាស៊ីននេះ។ វាក៏អាចភ្ជាប់ជាមួយទូរសព្ទដៃ និងដំណើរការមុខងារជាច្រើនទៀតដូចជា គ្រប់គ្រង កម្មវិធី និងផ្ញើវីដេអូ។ នៅពេលអ្នកមិនជិះលើវា Ninebot អាចធ្វើដំណើរតាមពីក្រោយអ្នក និងផ្ទុក សម្ភារៈ នានាជំនួសអ្នក។ វាមានរូបរាងថ្មី ដៃកាន់បែបកីឡា និងមានអេក្រង់ជាក្បាល ម៉ាស៊ីន។ តម្លៃ ឧបករណ៍បច្ចេកវិទ្យាថ្មីនេះ មិនទាន់បានកំណត់នៅឡើយទេ ប៉ុន្តែមុខងារថ្មីៗរបស់វានឹង ធ្វើឱ្យដំណើរ កំសាន្តរបស់អ្នកកាន់តែរីករាយ។

ប្រភព: MakeUseOf ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Accessories, Appliances

អត្ថបទអ្នកចង់អាន

Gadget បរាជ័យប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 9 PM, Friday, 05 Jan, 2018

មិនមានអ្វីដែលល្អឥតខ្ចោះទេ ហើយឆ្នាំ 2017 ក៏មិនល្អគ្រប់ 10 ដូចគ្នា។ ចំណុចខ្វះខាតទាំងនោះ រាប់បញ្ចូលទាំងបច្ចេកវិទ្យាថ្មីៗ របស់សម្ភារៈប្រើប្រាស់មួយចំនួន...

ទូរទស្សន៍ OLEDs ទំហំ 48អ៊ីញ របស់ LG នឹងមកដល់នៅឆ្នាំ 2020

ដោយ: ភារុន 9 AM, Friday, 16 Aug, 2019

ប្រសិនបើ បន្ទប់ទទួលភ្ញៀវរបស់ប្រិយមិត្តអ្នកអាន មានទំហំតូច ទំនងជាមិនអាចបំពាក់ទូរទស្សន៍ OLED ដែលមានទំហំដ៏ធំសម្បើមមួយគ្រឿងនោះទេ? ប៉ុន្តែសម្រាប់ទូរទស្សន...

Apple អនុញ្ញាតឱ្យក្រុមហ៊ុនដទៃ ផលិតខ្សែ Lightning

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានធ្វើការ​ update បច្ចេកវិទ្យាថ្មីៗជាច្រើន សម្រាប់កម្មវិធីផលិតឧបករណ៍ជំនួយ MFi របស់ក្រុមហ៊ុន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដទៃនាពេលនេះអាចដ...

BlackBerry លក់ដាច់ជាង Samsung?

ដោយ: ដាលីស 11 PM, Saturday, 09 May, 2015

បើនិយាយពី អ្នកនាំមុខទីផ្សាស្មាតហ្វូន ក្នុងពេលបច្ចុប្បន្ននេះ ជឿថាមនុស្សជាច្រើនប្រហែលជាគិតថា បើមិន Apple ទេ គឺច្បាស់ជា Samsung មិនខាន ព្រោះគ្មាននរណាន...

Tomnerb.Com - YouTube Channel