តើអ្នកដឹងទេថា អ្នកអាចបើករថយន្តបានប៉ុន្មានគីឡូម៉ែត្រ ទៀតបើសញ្ញាប្រេងសាំងដាស់តឿន?
ជាធម្មតា អ្នកបើកបរភាគច្រើនតែងតែ ចាក់សាំងរថយន្តពេលណា ដែលវានៅសល់ប្រមាណ1/4 ហើយមួយចំនួនទៀត អាចនឹងទុកឲ្យសល់តិចជាងនេះ។
ជួនកាលបើកទៅបើក មកអាចនឹងភ្លេចខ្លួន ឬបើកទៅផ្លូវឆ្ងាយ អាចនឹងជួបប្រទះករណីអស់សាំង ហើយរកកន្លែងចាក់សាំងមិនឃើញ ធ្វើឲ្យប្រហោងពោះ ឬបែកញើសបានពេលឃើញសញ្ញាដាស់តឿន ពីកម្រិតប្រេងសាំង។ ប៉ុន្តែតាមពិតអ្នកអាចនឹងបើកបាន ប្រហែលជា 100គីឡូម៉ែត្រទៀត……
ប្រសិនបើរថយន្តស៊េរីថ្មីៗ ដែលមានអេក្រង់បង្ហាញពីការបើកបរ នោះនឹងមានប្រព័ន្ធដាស់តឿន រយៈចម្ងាយផ្លូវ ដែលនឹងបង្ហាញថា អ្នកអាចបើកបានរយៈពេលប៉ុន្មានទៀត។ ហេតុនេះ បើទោះជាតួលេខបង្ហាញចំនុចសូន្យក្តី ក៏រថយន្តអ្នកអាចបើកបានចម្ងាយមួយរយៈដែរ ដើម្បីឲ្យអ្នករកស្ថានីយប្រេងសាំងដែលនៅជិតបាន។
បើទោះជាចំនុចម្ជុលចង្អុល ទៅកាន់កម្រិតប្រេងរបស់អ្នក ជិតអស់ពីធុងក៏ដោយតែតាមពិត នៅមានប្រេងសាំងចំនួនប្រមាណជា 4ទៅ 6 លីត្រ នៅសល់ក្នុងធុងសាំងរបស់អ្នក បើគិតត្រួសៗថារថយន្តអ្នកស៊ីសាំង 15គីឡូម៉ែត្រក្នុងមួយលីត្រ នោះវានឹងអាចបើកបានរយៈចម្ងាយប្រហែលជា 16 គុណ6 ស្មើ 90 គីឡូម៉ែត្រ តែបើបើកបរនៅក្នុងក្រុង ដែលត្រូវឈប់ស្ងៀមខ្លះ ចម្ងាយផ្លូវនឹងថយចុះជាងនោះ។
ហេតុនេះ បើភ្លើងសញ្ញាអស់សាំងដាស់តឿន ឬអេក្រង់ខាងមុខបង្ហាញថារត់បានត្រឹមតែសូនគីឡូម៉ែត្រក្តី អ្នកក៏នៅតែអាចបើកបរបានមួយរយៈពេលខ្លីល្មម ដើម្បីរកកន្លែងចាក់សាំងបំពេញបានដោយមិនបាច់បារម្ភ។ ប៉ុន្តែ បើត្រូវស៊យមែនទែន ព្រោះរកមិនឃើញស្ថានីយប្រេងសាំងសោះនោះ យើងស្នើឲ្យអ្នកបិតម៉ាស៊ីនត្រជាក់ពេលបើកបរ ដើម្បីកាត់បន្ថយការស៊ីសាំងបានខ្លះ។
យ៉ាងណាក៏ដោយ វិធីដែលប្រសើរ គឺមិនគួរបណ្តោយឲ្យប្រេងសាំងអស់ពីធុងនោះទេ ព្រោះអាចមានបញ្ហាទាក់ទងនឹងប្រព័ន្ធប្រេងបូម របស់រថយន្តនៅពេលអនាគតបាន។