ចូលចិត្តទំនើប

គន្លឹះ ៤ បង្ការជម្លោះ លើដងផ្លូវ

ដោយ: ចរិយា 6 PM, Monday, 16 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា កើតឡើងរាល់ថ្ងៃនៅលើដងផ្លូវ។ សំឡេងឈ្លោះប្រកែក លាន់ឮទ្រហឹងអឺងកង។ ថ្ងៃណាក៏ដូចថ្ងៃណា។

ជម្លោះមិនអាចដោះស្រាយបញ្ហាបានទេ។ ដូច្នេះ អ្នកបើកបរទាំងឡាយ គួរប្រុងប្រៀបការពារ កុំឲ្យការប៉ះទង្គិចកើតឡើង វាល្អជាជាង។

ដើមី្បកាត់បន្ថយគ្រោះថ្នាក់ ការប៉ះទង្គិច និងការឈ្លោះប្រកែកគ្នា នៅលើផ្លូវសាធារណៈ ទំនើប សូមផ្តល់នូវគន្លឹះចំនួន សម្រាប់អ្នកបើកបរទាំងឡាយពិចារណាអនុវត្តតាម៖

១. គោរពច្បាប់ ចរាចរណ៍

វាមិនពិបាកទេ បើអ្នកគោរពតាមច្បាប់ចរាចរណ៍។ ការបើកបរត្រឹមត្រូវ តាមច្បាប់នាំនូវសុវត្ថិភាពដល់ខ្លួន និងដល់អ្នកដំណើរដទៃទៀត រួមទាំងផ្តល់នូវទឹកចិត្តសប្បាយរីករាយ មិនភ័យព្រួយដល់ក្រុមគ្រួសាររបស់អ្នក និងអ្នកដទៃ។

អ្នកគួរបើកបរប្រកាន់ស្តាំ បើកនៅក្នុងខ្សែបន្ទាត់របស់អ្នក មិនឆ្លងគំនូសចូលដែនរបស់រថយន្តម្ខាងទៀត។ ពេលដល់ផ្លូវបត់ ឬផ្លូវបំបែក អ្នកគួរបន្ថយល្បឿន។ ឃើញភ្លើងសញ្ញាឲ្យឈប់ អ្នកឈប់ កុំបើកឆ្លងផ្លូវនាំឲ្យរំខាន និងប៉ះពាល់ដល់អ្នកដទៃ។ល។

ទាំងនេះសុទ្ធសឹង ជាការគោរពច្បាប់។ ទំនើបជឿថា អ្នកមិនពិបាកធ្វើឡើយ។

២. គ្រប់គ្រង កំហឹង

ជាការពិត អ្នកបានខំប្រឹងគោរពតាមច្បាប់ ប៉ុន្តែអ្នកខ្លះមិនគោរព ហើយបានប៉ះពាល់ដល់អ្នក ព្រមទាំងស្រែកជេរស្តីឲ្យអ្នកទៀតផង ទាំងគេជាអ្នកខុស។ ជួបរឿងបែបនេះ អ្នកណាក៏ដូចអ្នកណាតែងតែក្តៅចិត្ត ខឹងសម្បា។ ប៉ុន្តែបើអ្នកអត់ធ្មត់ ទប់កំហឹងរបស់អ្នក និយាយតាមសម្រួល បកស្រាយឲ្យអ្នកខុសយល់ ប្រហែលជាល្អជាង ព្រោះបើអ្នកខឹង ហើយតបតនឹងអ្នកនោះ នាំឲ្យមានជម្លោះឈ្លោះទាស់ទែង កាន់តែវែងឆ្ងាយ ពិបាកដោះស្រាយ រហូតដល់ថ្នាក់វាយតប់គ្នាទៀតផង។ វាគ្មានបានចំណេញទេ បើអ្នកទៅឈ្លោះជាមួយមនុស្ស ដែលនិយាយស្តាប់គ្នាមិនបាន។ ដូច្នេះ អ្នកគួរកុំមាត់ រកនគរបាល ឬភ្នាក់ងារធានារ៉ាប់រង (បើសិនអ្នកមាន) ឲ្យមកជជែកជាមួយមនុស្សម្នាក់នោះទៅ ហើយអ្នកទៅអង្គុយក្នុងរថយន្ត បើកម៉ាស៊ីនត្រជាក់វិញល្អជាង។

មួយទៀត ពេលអ្នកបើកបរ អ្នកគួរស្តាប់ភ្លេង ឬចម្រៀស្លូត ព្រោះវាអាចជួយសម្រួលអារម្មណ៍ របស់អ្នកមិនឲ្យឆាប់ក្តៅឆេវឆាវ។

 

៣. កុំបរិភោគ គ្រឿងស្រវឹង

ស្រា ស្រាបៀរ គ្រឿងញៀន សុទ្ធសឹងជារបស់ ដែលអ្នកមិនគួរប៉ះពាល់ បើអ្នកត្រូវបើកបរ។ ពិតមែនតែអ្នកខ្លាំង ផឹកមិនស្រវឹង តែជាតិស្រាបានបិទជិតភាពស្លូតបូតរបស់អ្នក ហើយបើកទូលាយ នូវចរិតឆេវឆាវរបស់អ្នកទៅវិញ។ អ្នកអាចបង្កជាគ្រោះថ្នាក់ ជម្លោះ ការវាយតប់ស្នាមរបួសដល់ខ្លួនអ្នក និងអ្នកដទៃដោយមិនដឹងខ្លួន។ ទម្រាំតែភ្ញាក់ខ្លួន អ្វីៗហួសពេលអស់។ ដូច្នេះ សូមកុំបរិភោគគ្រឿងស្រវឹង បើអ្នកបើកបរ ឬអ្នកគួរឲ្យអ្នកផ្សេងបើកវិញល្អជាង។

ចំពោះគ្រឿងញៀន អ្នកមិនគួរប៉ះពាល់ឡើយ ជាពិសេសពេលអ្នកបើកបរ ព្រោះរបស់នេះ ធ្វើឲ្យអ្នកបាត់បង់ម្ចាស់ការលើខ្លួនឯង អាចបណ្តាលឲ្យអ្នកធ្វើអ្វីដោយមិនដឹងខ្លួន បង្កគ្រោះថ្នាក់អន្តរាយដល់ជីវិតអ្នក និងជីវិតអ្នកដទៃ។

៤. បើកបរដោយស្មារតីរឹងមាំ

អ្នកដែលឆាប់ភ័យស្លុត មិនស័ក្តិសមបើកបរឡើយ ព្រោះអាចបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរផ្សេងៗ។ ដូច្នេះបើអ្នកក្លាយជាអ្នកបើកបរ អ្នកគួររៀនទប់អារម្មណ៍ និងរក្សាស្មារតីឲ្យនឹងន កុំឆាប់ភ័យ កុំឆាប់ស្លុត។ ការភ័យខ្លាចនាំឲ្យបាត់បង់ម្ចាស់ការ ខ្វះការគ្រប់គ្រងលើអវៈយៈវៈរបស់ខ្លួន ឧទាហរណ៍ ត្រូវជាន់ហ្វ្រាំងបែរជាជាន់ហ្គារ៍បន្ថែម ដែលរឿងនេះកើតឡើងជាញឹកញយ។

៤ ចំណុចខាងលើ ដែលទំនើបនាំមកជូន ជាគន្លឹះបង្ការគ្រោះថ្នាក់ និងជម្លោះលើដងផ្លូវធ្វើដំណើរ។ ទំនើបសង្ឃឹមថា អ្នកបើកបរគ្រប់រូបគោរពសិទ្ធគ្នាទៅវិញទៅមក មានសុជីវធម៌ក្នុងការបើកបរ និងគោរពច្បាប់ចរាចរណ៍។ ធ្វើដូចនេះដើមី្បប្រយោជន៍ និងសុខមាលភាពរបស់សង្គមជាតិយើង៕

Car-Accident-Problem-04

Car-Accident-Problem-03

Car-Accident-Problem-02

អត្ថបទអ្នកចង់អាន

LG បង្ហាញអេក្រង់ 4K HDR តម្លៃទាបមិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

តម្លៃរបស់អេក្រង់ Monitor ប្រភេទ HDR ប្រើប្រាស់សម្រាប់ការលេងហ្គេម បានបន្តការធ្លាក់ចុះ នេះបើតាមការវិនិច្ឆ័យលើម៉ូដែលថ្មីរបស់ក្រុមហ៊ុន LG។ ម៉ូដេល 32UK5...

ការបោកគក់ កាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីនបោក ដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

មេផ្ទះគ្រប់រូបតែងហត់នឿយក្នុងការបោកគក់សម្លៀកបំពាក់។ ប៉ុន្តែ ក្រុមហ៊ុន LG ផ្តល់ជូនអ្នកនូវជម្រើសម៉ាស៊ីនបោកគក់ជាច្រើនប្រភេទ ដែលធ្វើឱ្យការងារបោកគក់លែងចោ...

កាមេរ៉ា Nikon P1000 អស្ចារ្យយ៉ាងណា?

ដោយ: ដួងច័ន្ទ 3 PM, Friday, 13 Jul, 2018

អ្នកចូលចិត្តថតរូបភាគច្រើនតែងស្រមៃចង់បានកាមេរ៉ាដែលមានសមត្ថភាពពង្រីកខ្ពស់ ប៉ុន្តែមនុស្សមួយចំនួនពិតជាមិនដែលនឹកថា បច្ចេកវិទ្យាដ៏ខ្លាំងនេះនឹងមាននៅលើកា...

ណែនាំឈុត 3D Blue Ray Home Theater ពី LG

ដោយ: ដួងច័ន្ទ 9 AM, Thursday, 03 Jan, 2019

ថ្ងៃនេះ ទំនើប សូមណែនាំផលិតផល Home Theater ម៉ូដែល 3D Blue Ray ពីក្រុមហ៊ុន LG ជូនមិត្តអ្នកអានដែលកំពុងស្វែងរកផលិតផលដែលផ្តល់ឱ្យនូវបទពិសោធន៍ស្តាប់តន្រ្ត...

Tomnerb.Com - YouTube Channel