កំហុស ៦ ប្រើប្រាស់ចង្ក្រានអគ្គីសនី
ទំនើប សូមបង្ហាញកំហុស ៦ ដែលមេផ្ទះភាគច្រើនមិនដឹង និងធ្វេសប្រហែស ពេលប្រើប្រាស់ចង្ក្រានអគ្គីសនី។ តើកំហុសទាំងនោះ មានអ្វីខ្លះ?
១. កុំដើរចេញ
ធម្មតា មេផ្ទះតែងតែដាក់ម្ហូប ចូលក្នុងចង្រ្កានរួច ក៏ចេញទៅធ្វើកិច្ចការផ្ទះ ដូចជាបោសសម្អាត បោកខោអាវ។ល។ នេះជាវិធីសាស្ត្រចំណេញពេលវេលា។ ប៉ុន្តែជាញឹកញយ មេផ្ទះទាំងឡាយ ភ្លេច ទុកចោលម្ហូបនៅក្នុងចង្ក្រាន។ ការចម្អិនហួសម៉ោងកំណត់ នាំឲ្យកកើតជាតិគីមីទៅលើអាហារ និងមួយទៀតធ្វើឲ្យអាហារខ្លោច និងអាចឈានដល់ការផ្ទុះ។ ដូច្នេះមេផ្ទះគ្រប់គ្នាគួរកុំដើរចោល អ្នកគួរឈរទើបជាការល្អ។
២. កុំប្រើចានជ័រ
ការដែលប្រើចានជ័រ ឬរបស់ជ័រដាក់អាហាររួចយកទៅចម្អិន គឺជារឿងមិនល្អ មិនថាប្រើក្នុងចង្ក្រានអគ្គីសនី ឬចង្ក្រានធម្មតា ព្រោះភាជនៈទាំងនោះនឹងហូរចេញជាតិគីមីពីក្នុងជ័រ ដូចជា BPA ជាដើម ដែលប៉ះពាល់ដល់សុខភាពជាខ្លាំង ជាពិសេសខួរក្បាល។ ដូច្នេះមេផ្ទះទាំងឡាយ ត្រូវពិនិត្យឲ្យបានហ្មត់ចត់ពេលទៅទិញសម្ភារ។ បើអ្នកចង់ប្រើប្រាស់ភាជន៍ជ័រ ដាក់អាហារចម្អិន អ្នកគួរជ្រើសរើសភាជន៍ជ័រ ដែលមានផ្លាក «មានសុវត្ថិភាព ប្រើក្នុងចង្ក្រានអគ្គីសនី» (microwave-safe)។
៣. ត្រូវបង្វិលចាន
កំដៅក្នុងចង្ក្រានអគ្គីសនី មិនស្មើគ្នាគ្រប់ជ្រុងនោះទេ។ ដើមី្បឲ្យអាហារឆ្អិនល្អ ជាពិសេសអាហារដែលមានសាច់ មេផ្ទះគួរឧស្សាហ៍បង្វិលចាន ដើមី្បឲ្យអាហារគ្រប់ជ្រុងត្រូវកំដៅស្មើគ្នា។ អាហារខ្លះទាមទារឲ្យបង្វិលចាន ព្រមទាំងកូរ ទើបអាចធ្វើឲ្យអាហារនោះឆ្អិនសព្វ។
៤. ត្រូវអត់ធ្មត់
ចំណុចសំខាន់នៃការធ្វើម្ហូប ដោយប្រើចង្ក្រានអគ្គីសនី គឺពេលវេលា ហេតុនេះទើបនាឡិកាកំណត់ពេលវេលា។ ប្រសិនបើអ្នកចម្អិនអាហារ ដោយមិនគោរពតាមពេលវេលាកំណត់ នឹងធ្វើឲ្យអាហារមិនឆ្អិនល្អ ដែលបង្កឲ្យមានបញ្ហាដល់សុខភាព (ក្រពះ និងពោះវៀន) ឬត្រូវខាតពេលវេលាចម្អិនច្រើនដង។ ដូច្នេះមេផ្ទះទាំងឡាយត្រូវមានភាពអត់ធ្មត់ ក្នុងការប្រើចង្ក្រានអគ្គីសនីចម្អិនអាហារ។
៥. ត្រូវពាក់ស្រោមដៃ
នេះជារឿងដែលមេផ្ទះមិនត្រូវភ្លេចទេ។ ចានអាហារចម្អិនដោយចង្ក្រានអគ្គីសនី មានកំដៅខ្លាំងដែលអាចបង្កការរលាកធ្ងន់ធ្ងរដល់អ្នក។ ដូច្នេះអ្នកត្រូវពាក់ស្រោមដៃពេលអ្នក យកចានអាហារចេញពីក្នុងចង្ក្រាន។ មួយទៀត ស្រោមដៃដែលអ្នកប្រើត្រូវតែក្រាស់ល្អ ធន់នឹងកំដៅបាន បើមិនដូច្នោះ មិនខុសពីអត់ពាក់ស្រោមដៃនោះទេ។
៦. កុំប្រើជ័រឬផ្លាស្ទិក
របស់ជ័រគួរតែចៀសវាង។ កុំថាឡើយចានជ័រ ទោះបីថាសជ័រ ឬថង់ផ្លាស្ទិកមករុំខ្ចប់ពេលលើកអាហារចេញពីចង្ក្រាន។ ជាតិគីមីក្នុងជ័រ និងផ្លាស្ទិក កាលបើត្រូវកំដៅហើយ នឹងបញ្ចេញសារជាតិពុលទៅក្នុងអាហារ ដែលនាំឲ្យមានគ្រោះថ្នាក់ ដល់សុខភាពពេលអ្នកបរិភោគអាហារនោះ។
ទំនើបសង្ឃឹមថាអត្ថបទនេះ នឹងជួយដល់មេផ្ទះទាំងឡាយ ក្នុងការការពារសុខភាពគ្រួសាររបស់អ្នក ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កដោយចង្ក្រានអគ្គីសនី។ ប្រសិនបើមានអ្វីថ្មីទាក់ទងនឹងចង្ក្រានអគ្គីសនី ទំនើបនឹងយកមកជូនមិត្តអ្នកអានជ្រាបជាដំណឹង៕