ចូលចិត្តទំនើប

បើមិនចង់ឈឺនៅរដូវក្តៅនេះទេ! គួរតែអនុវត្ត តាមគន្លឹះទាំង 10 នេះ

ដោយ: ភារុន 9 AM, Saturday, 23 Mar, 2019

រដូវក្តៅ ឈានចូលមកដល់ហើយ នេះជាពេលវេលាមួយ ដែលយើងម្នាក់ៗ ត្រូវទទួលរងកម្តៅព្រះអាទិត្យដ៏សែនក្តៅហែង។ ដូច្នេះយើងម្នាក់ៗ ពិតជាត្រូវការទទួលទានទឹកផ្អែមៗត្រជាក់ៗ ឬការ៉េម ហើយនិងបំភ្លេចនូវការហាត់ប្រាណ ដែលខ្លួនធ្លាប់បានធ្វើ ជារៀងរាល់ថ្ងៃផងដែរ។ កត្តាទាំងនេះ គឺនឹងធ្វើឱ្យសុខភាពរាងកាយរបស់យើងចុះទ្រុឌទ្រោម ប៉ុន្តែសូមកុំបារម្ភ ថ្ងៃនេះ វិបសាយព័ត៌មានទំនើប នឹងណែនាំនូវគន្លឹះចំនួន 10 ដើម្បីថែរក្សាសុខភាពឱ្យបានល្អ នៅអំឡុងពេលរដូវក្តៅ ដែលមានដូចជា៖
1. ចេញទៅខាងក្រៅ ត្រូវតែលាបឡេការពារកម្តៅថ្ងៃ
ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ដែលមានកម្រិតការពារខ្ពស់ គឺល្អសម្រាប់ស្បែក ដើម្បីជៀសវាងពីឥទ្ធិពលនៃកាំរស្មី UVរបស់ព្រះអាទិត្យ។ ម្យ៉ាងទៀត នៅពេលសុខភាពស្បែកល្អហើយ សុខភាពរាងកាយក៏មិនមានជម្ងឺផងដែរ។

2. ទទួលទានទឹក ឱ្យបានច្រើន
អាកាសធាតុក្តៅ នឹងធ្វើឱ្យអ្នកបែកញើស នេះជាហេតុដែលរាងកាយរបស់អ្នកត្រូវការទឹកយ៉ាងច្រើន ដើម្បីបំពេញបន្ថែមនូវការបាត់បង់ជាតិទឹកទាំងនេះ ដូច្នេះអ្នកត្រូវតែទទួលទានទឹកឱ្យបានច្រើន តាមតែអាចធ្វើបាន ដើម្បីបង្គ្រប់ជាតិទឹក ឱ្យគ្រប់គ្រាន់នៅក្នុងរាងកាយ។

3. ការទទួលទានភេសជ្ជៈសុខភាព ប្រភេទ Smoothies
ការទទួលទានភេសជ្ជៈសុខភាព ប្រភេទ Smoothies ដែលធ្វើចេញពី ផ្លែឈើស្រស់ៗ គឺជាមធ្យោបាយដ៏ល្អបំផុត ដែលរក្សាឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ពេញមួយរដូវក្តៅនេះ ប៉ុន្តែសូមអ្នកកុំលាយបញ្ចូលទឹកដោះគោជូរ ការ៉េម ឬភេសជ្ជៈកំប៉ុងផ្សេងៗចូលក្នុងភេសជ្ជៈសុខភាព ប្រភេទ Smoothies នេះ ព្រោះថាអាចកើនឡើងនូវបរិមាណជាតិកាឡូរីខ្ពស់។

4. ខាត់ស្បែក
នៅកំឡុងរដូវក្តៅ គឺតែងតែបង្កើននូវកោសិកាស្បែក ងាប់ច្រើន ជាងរដូវកាលផ្សេងៗ ដូច្នេះវាចាំបាច់ ដែលអ្នកត្រូវ ខាត់ស្បែកងាប់នេះចេញ ដើម្បីឱ្យស្បែកមានជាតិសំណើម និងទន់ភ្លឺរលោង។ លើសពីនេះអ្នកមិនចាំបាច់ ត្រូវទិញផលិតផលខាត់ស្បែកថ្លៃៗនោះទេ អ្នកក៏អាចប្រើគ្រឿងផ្សំពីធម្មជាតិ ក្នុងការផលិតជាម៉ាស ដើម្បីខាត់ស្បែកមុខ ឬ ស្បែកខ្លួនផងដែរ។

5. រក្សាសកម្មភាពហាត់ប្រាណ ឱ្យបានទៀងទាត់
ទោះបីជាឥឡូវ ជាខែក្តៅ ក៏អ្នកគួរតែថែរក្សា នូវសកម្មភាពហាត់ប្រាណរបស់អ្នក ឱ្យបានទៀងទាត់។ ប្រសិនបើមិនចង់ហាត់ប្រាណនៅខាងក្រៅផ្ទះ អ្នកក៏អាចហាត់ប្រាណងាយៗនៅក្នុងផ្ទះផងដែរ។

6. រក្សាខ្លួនប្រាណឱ្យសើម
រដូវក្តៅ គឺជាពេលវេលាមួយ ដែលអ្នកត្រូវតែឧស្សាហ៍ប៉ះទឹក ដូចជា ការហែលទឹកលេងនៅអាងទឹក ឬក៏ការងូតទឹកឱ្យបានញឹកញាប់…ជាដើម។ ពីព្រោះមនុស្សយើង ត្រូវការជាតិទឹកច្រើន ទាំងផ្នែកសរីរាង្គខាងក្នុង និងស្បែកផងដែរ។

7. ប្រេង អូលីវ
ប្រេងអូលីវ គឺសម្បូរជាតិខ្លាញ់ម្យ៉ាង ដែលផ្តល់សុខភាពល្អដល់ស្បែក លើសពីនេះវាក៏មានអាស៊ីតខ្លាញ់សំខាន់ៗ ដែលជួយថែរក្សា និងការពារស្បែក ប្រឆាំងនឹងកាំរស្មី UV ដែលធ្វើឱ្យស្បែកខូចផងដែរ។ អ្នកក៏អាចប្រើប្រេងអូលីវ ធ្វើជាគ្រឿងផ្សំម្ហូបអាហារ ឬក៏លាបវាផ្ទាល់ទៅនឹងស្បែករបស់អ្នកក៏បាន។

8. ការពារសក់ ដោយប្រើផលិតផលថែរក្សាសក់

សក់ របស់អ្នក ទំនងជាទទួលរងការខូចខាតពីកម្តៅថ្ងៃ នារដូវក្តៅនេះហើយ។ លើសពីនេះប្រសិនបើអ្នកត្រូវងូតទឹក និងកក់សក់ច្រើន អ្នកគួរតែជ្រើសរើសផលិតផល ដែលសក្តិសមសម្រាប់ការប្រើប្រាស់នៅរដូវក្តៅ ម្យ៉ាងទៀតអ្នកគួរតែប្រើប្រាស់ Spray បាញ់សក់បន្ថែម ដើម្បីថែរក្សាសក់ ពីពន្លឺដ៏ក្តៅរបស់ព្រះអាទិត្យ។

9. ញុំាអាហារ ដែលសក្តិសមនឹងរដូវក្តៅ

នៅពេលដែលព្រះអាទិត្យ កាន់តែក្តៅខ្លាំង ក៏នឹងធ្វើឱ្យអ្នកចង់ញុំាផ្លែឈើ ដែលសម្បូរជាតិទឹកដូចជា៖ ឪឡឹក ក្រូច ស្រកានាគ ល្លុង ស្វាយ ម្នាស់ ចេក និងផ្លែស្ពឺ…ជាដើម។ ហើយសម្រាប់បន្លែ អ្នកគួរតែញុំា ត្រសក់ សាលាដក្តោប ឆៃថាវ ប៉េងប៉ោះ ម្ទេសហាវៃបៃតង ផ្កាខាត់ណា និងស្ពៃខ្មៅ…ជាដើម។ អាហារទាំងអស់ដែលបានរៀបរាប់នេះ សុទ្ធតែល្អសម្រាប់សុខភាពរាងកាយ ជាពិសេសនៅរដូវក្តៅនេះតែម្តង។

10. បង្កើតសកម្មភាពថ្មីៗ ដែលជាចំណង់ចំណូលចិត្តរបស់អ្នក

រដូវក្តៅ គឺជាពេលវេលាដ៏ល្អ ដើម្បីបង្កើតសកម្មភាពថ្មីៗ ដូចជាការថែសួន ស្រោចផ្កា និងស្រោចដំណាំ…ជាដើម ដែលវាគឺជាវិធីដ៏ល្អមួយ ដើម្បីបង្កបរិយាកាសរីករាយផង និងជួយអ្នកឱ្យហាត់ប្រាណ ដើម្បីដុតបំផ្លាញជាតិកាឡូរីនៅក្នុងខ្លួនរបស់អ្នកផងដែរ។

ប្រភព: hellomagazine ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តិចនិក ៥ យ៉ាង ជួយអ្នកឱ្យស្រស់ស្រាយមុនពេលទៅធ្វើការ បន្ទាប់ពីហាត់ប្រាណ

ដោយ: ដួងច័ន្ទ 5 PM, Sunday, 30 Apr, 2017

តិចនិចទាំងនេះនឹងធានាថា អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ សម្រាប់កិច្ចប្រជុំនៅការិយាល័យ ទោះបីជាអ្នកមិនមានពេលសម្រាប់ងូតទឹក បន្ទាប់ពីហាត់ប្រាណក៏ដោយ។ តើអ្នក...

ផលប៉ះពាល់ ពេលទទួលទានថ្នាំ ពន្យារកំណើតបន្ទាន់

ដោយ: ស៊ីវងីម 5 PM, Tuesday, 14 Jul, 2015

ថ្នាំពន្យារកំណើតបន្ទាន់ គឺជាថ្នាំពន្យារកំណើតមួយប្រភេទ សម្រាប់ប្រើតែនៅក្នុង​ការពន្យារកំណើត​បែប​បន្ទាន់​ៗ​ប៉ុណ្ណោះ ដូចជា ក្នុងករណីត្រូវគេចាប់រំលោភ ស្...

តើអ្នកដឹងអ្វីខ្លះ អំពីការម៉ាស្សា?

ដោយ: ស៊ីវងីម 6 PM, Wednesday, 26 Aug, 2015

ការម៉ាស្សា គឺជាការបន្ធូរអារម្មណ៍ និងបន្ថយភាពតានតឹងដ៏ប្រសើរមួយ សម្រាប់មនុស្សសម័យថ្មី។ សម្ពាធការងារ និងការប្រកួតប្រជែងក្នុងសហសម័យ បានធ្វើឲ្យមនុស្សជាច...

គន្លឹះងាយៗទាំង 10 ក្នុងការសម្លឹងមើល ដើម្បីជួយដល់កែវភ្នែក ឱ្យកាន់តែល្អប្រសើរ

ដោយ: ភារុន 8 AM, Monday, 22 Apr, 2019

ជាគោលការណ៍ ប្រសិនបើអ្នកមិនប្រើប្រាស់សាច់ដុំណាមួយ នៃរាងកាយរបស់អ្នកនោះទេ កម្លាំងសាច់ដុំរបស់អ្នកគឺកាន់តែចុះខ្សោយ។ ដូចគ្នាផងដែរ សាច់ដុំភ្នែកក៏ដូចជាសាច់...

Tomnerb.Com - YouTube Channel