បើក្មេងតូចៗចូលចិត្តធ្វើសកម្មភាពច្រើន នឹងជួយបង្កើនអតិសុខុមប្រាណល្អៗនៅក្នុងពោះវៀននៅពេលពេញវ័យ
យោងទៅតាមរបាយការណ៍សុខភាពរបស់បរទេសមួយ បានបង្ហាញថា សកម្មភាពរបស់ក្មេងតូចៗអាចមានឥទ្ធិពលទៅលើតុល្យភាពបាក់តេរីពោះវៀន (អតិសុខុមប្រាណ) របស់ពួកគេម្នាក់ៗ នៅពេលពេញវ័យ។ សកម្មភាពទាំងនេះរួមមានសកម្មភាពលេងកម្សាន្ត និងសកម្មភាពនៅពេលគេងលក់ស្កប់របស់ក្មេងតូចៗជាដើម ដែលនេះត្រូវបានផ្សារភ្ជាប់ទៅនឹង អតិសុខុមប្រាណក្នុងពោះវៀន។
ការសិក្សានេះផ្តល់ឱ្យជាបឋម គឺជួយក្មេងតូចៗអាចកំណត់នូវទម្រង់នៃបាក់តេរីពោះវៀន (អតិសុខុមប្រាណ) នៅពេលដែលក្មេងទាំងនេះធំពេញវ័យ។
ការសិក្សាស្រាវជ្រាវនេះចេញពីមជ្ឈមណ្ឌលស្រាវជ្រាវ CHU Sainte-Justine នៃប្រទេស Montreal ដែលជាកន្លែងក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើពោះវៀនរបស់ក្មេងដែលមានសុខភាពល្អចំនួន 22 នាក់ ដែលមានឪពុកម្តាយធាត់ខ្លាំង។ ការស្រាវជ្រាវនេះបានធ្វើទៅលើក្មេងទាំងនេះអស់រយះពេល 8 ឆ្នាំមកហើយ ដែលនៅឆ្នាំចុងក្រោយក្រុមអ្នកស្រាវជ្រាវបានយកសំណាកលាមក ដែលត្រូវបានថតនៅពេលក្មេងទាំងនេះមានអាយុ 15 ទៅដល់ 17 ឆ្នាំ ដើម្បីកំណត់សមាសភាពបាក់តេរីពោះវៀន (អតិសុខុមប្រាណ) ថាតើកើតឡើង តិច ឬ ច្រើន?
លទ្ធផលនៃការសិក្សាស្រាវជ្រាវបានរកឃើញថាក្មេងជំទង់ ដែលមានសកម្មភាពច្រើន និងគេងបានគ្រប់គ្រាន់ កំឡុងពេលកុមារភាព ហាក់បីដូចជាមានបាក់តេរីពោះវៀន (អតិសុខុមប្រាណ) កើតឡើងច្រើន និងមានប្រភេទខុសៗគ្នាផងដែរ។ លើសពីនេះក្មេងជំទង់ទាំងនេះក៏ត្រូវបានគេរកឃើញថាមានបរិមាណកាបូអ៊ីដ្រាតកម្រិតខ្ពស់ និងមានសារធាតុខ្លាញ់តិចនៅក្នុងពោះវៀន។
ក្រុមអ្នកស្រាវជ្រាវបានណែនាំពីរបៀបរបបនៃការរស់នៅដ៏ត្រឹមត្រូវរបស់ក្មេងតូចៗ គឺអាចដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតបាក់តេរីពោះវៀន (អតិសុខុមប្រាណ)។ ការទទួលទានដំណេកមិនគ្រប់គ្រាន់ និងការបញ្ចេញសកម្មភាតិចតួច នៅកុមារភាព អាចមានឥទ្ធិពលអវិជ្ជមាននៅក្នុងការបង្កើតបាក់តេរីពោះវៀន (អតិសុខុមប្រាណ) ដែលកត្តានេះវាអាចទៅរួច ដែលអាចបង្កើនសក្តានុពលភាព នៃជម្ងឺផ្សេងៗនៅពេលពួកគេពេញវ័យ។