អាថ៌កំបាំងដែលធ្វើឱ្យអ្នកអាចរស់នៅបានយូរ ដូចជាជនជាតិជប៉ុន
មនុស្សភាគច្រើនតែងតែចង់ឱ្យខ្លួនមានសុខភាពល្អ និងរស់នៅបានយូរអង្វែង។ ហើយអ្វីដែលជាគំនិតដំបូងរបស់អ្នកទាំងនោះ គឺការរស់នៅបានយូរដូចជាជនជាតិជប៉ុន។ ជាការពិតដែលអាយុកាលខ្ពស់របស់ប្រទេសជប៉ុនត្រូវបានឈរលើតារាងសកលលោក សម្រាប់អាយុកាលខ្ពស់បំផុតដោយយោងតាមការសិក្សាថ្មីបំផុតរបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថាអាយុកាលជាមធ្យមរបស់មនុស្សស្រី 87 ឆ្នាំ និងមនុស្សប្រុស 85.5 ឆ្នាំ។ តើអ្វីដែលធ្វើឱ្យជនជាតិជប៉ុនរស់នៅបានយូរជាងជនជាតិផ្សេងៗទៀតនៅលើពិភពលោក? វាមិនមែនមកពីកត្តាហ្សែននោះទេ។ ដូច្នេះដើម្បីរស់នៅបានអាយុរវែងដូចជាជនជាតិជប៉ុន អ្នកអាចអនុវត្តន៍ធ្វើតាមជាប្រចាំនៅផ្ទះជាមួយនឹងទម្លាប់បរិភោគអាហារចំនួន 7 យ៉ាងដូចខាងក្រោម៖
1. បរិភោគបន្លែច្រើន
គន្លឹះដែលធ្វើឱ្យជនជាតិជប៉ុនមានអាយុវែងនោះ គឺរបបអាហារប្រពៃណីរបស់ពួកគេដូចជាអាហារស្រស់ៗ និងអាហារមិនកែច្នៃ។ ពួកគេបរិភោគអាហារមានតុល្យភាព និងបរិភោគបន្លែ ផ្លែឈើ តាមរដូវកាលផងដែរ។ ជាទូទៅពួកគេបរិភោគអាហារប្រភេទបន្លែច្រើនជាងអាហារប្រភេទសាច់។
2. បរិភោគអាហារសមុទ្រ
អ្នកទាំងអស់គ្នាពិតជាដឹងថាជនជាតិជប៉ុនចូលចិត្តបរិភោគបន្លែ និងសាច់ត្រីសមុទ្រជាមួយបាយខ្លាំងណាស់។ អាហារទាំងនេះពិតជាមានសារៈសំខាន់បំផុត ជាពិសេសអាហារសមុទ្រប្រភេទសាច់ត្រី គឺជាគ្រឿងផ្សំដែលមិនអាចខ្វះបាននៅក្នុងម្ហូបអាហារដែលជនជាតិបានបរិភោគជាប្រចាំ។
3. វិធីសាស្រ្តនៃការចម្អិនអាហារខុសៗគ្នា
ជាទូទៅវិធីនៃការចម្អិនម្ហូបរបស់ជនជាតិជប៉ុនគឺប្រើទឹកជំនួសខ្លាញ់ (ឬប្រើតិចតួចបំផុត) ដែលធ្វើឱ្យអាហារមានសុខភាពល្អ និងមានជីជាតិ។ វិធីសាស្រ្តនៃការចម្អិនអាហាររបស់ពួកគេ មានលក្ខណៈខុសៗគ្នាដូចជា ការចំហុយ អាំង ស្ងោរ រំងាស់ និងចៀន…ជាដើម។ របបអាហារប្រចាំថ្ងៃភាគច្រើនពួកគេបរិភោគស៊ុប ជាមួយបាយ និងជាមួយនឹងអាហារសម្បូរសារធាតុចិញ្ចឹមផ្សេងៗទៀត។
4. ផឹកតែជាប្រចាំ
ការទទួលទានតែ គឺជាផ្នែកមួយដ៏សំខាន់នៃការរស់នៅប្រចាំថ្ងៃរបស់ជនជាតិជប៉ុន។ តែបៃតងដែលត្រូវបានទាញចេញយ៉ាងត្រឹមត្រូវ និងល្អបំផុត ពីស្លឹកតែដែលដាំដុះនៅក្នុងស្រុក គឺមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។
5. មិនប្រើប្រាស់ផលិតផលទឹកដោះគោជាប្រចាំ
ជនជាតិជប៉ុនមិនប្រើប្រាស់ផលិតផលទឹកដោះគោធ្វើជាអាហារជាប្រចាំនោះទេ។ ទោះបីជាទឹកដោះគោមិនមានជាតិខ្លាញ់ដែលប៉ះពាល់ដល់សុខភាពក៏ដោយ ក៏ជនជាតិជប៉ុនមិនសូវប្រើទឹកដោះគោធ្វើជាគ្រឿងផ្សំសម្រាប់ចម្អិនអាហារជាប្រចាំដែរ។
6. បរិភោគបាយជាប្រចាំ
បាយត្រូវបានបរិភោគស្ទើរតែគ្រប់ពេលវេលាទាំងអស់នៅក្នុងប្រទេសជប៉ុន។ នេះមានន័យថាពួកគេមិនសូវចូលចិត្តបរិភោគអាហារកែច្នៃដូចជានំបុ័ង និងអាហារកញ្ចប់ឡើយ។ នំបុ័ងត្រូវបានផលិតពីម៉្យៅស្រូវសាលី ដូច្នេះវាមិនសូវល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់មនុស្សឡើយ។ លើសពីនេះជនជាតិជប៉ុនបរិភោគបាយ និងម្ហូប ដោយដាក់នៅក្នុងចានតូចៗ ហើយចានម្ហូបអាហារនិមួយៗរបស់ពួកគេកំណត់ទៅលើគុណភាពសារធាតុចិញ្ចឹម មិនមែនកំណត់លើបរិមាណនោះទេ។
7. មិនរំលងការបរិភោគអាហារពេលព្រឹក
សម្រាប់ជនជាតិជប៉ុន អាហារពេលព្រឹកគឺមានសារៈសំខាន់បំផុតក្នុងការបំពេញការងារពេលពេញមួយថ្ងៃ។ លើសពីនេះពួកគេបរិភោគអាហារពេលព្រឹកដែលផ្តល់នូវសុខភាពល្អជារៀងរាល់ថ្ងៃ។ ភាគច្រើនអាហារពេលព្រឹករបស់ជនជាតិ ជប៉ុនមានដូចជា បាយ ស៊ុប និងសាច់ត្រី ហើយព្រមទាំងទទួលទានតែ នៅពេលបរិភោគបាយរួចផងដែរ។