ចូលចិត្តទំនើប

8 វិធីសាស្រ្ត ដែលបានណែនាំដោយអ្នកចិត្តសាស្រ្ត ដើម្បីកម្ចាត់ភាពតានតឹង

ដោយ: ភារុន 7 AM, Monday, 10 Jun, 2019

អ្នកចិត្តសាស្រ្តជាអ្នកជំនាញ ដែលជួយឱ្យយើងដោះស្រាយបញ្ហាជំនះការភ័យខ្លាច និងធ្វើឱ្យយើងចេះដោះស្រាយអារម្មណ៍តានតឹងរបស់ខ្លួន ឱ្យទៅជាអារម្មណ៍ស្ងប់ និងធ្វើឱ្យយើងមានសុខភាពផ្លូវចិត្តល្អឡើងវិញ។ ប៉ុន្តែពួកគេក៏ជាមនុស្សដូចយើង ជួនកាល ពួកគេក៏មានអារម្មណ៍តានតឹង ដូច្នេះ ពួកគេក៏ត្រូវតែដោះស្រាយអារម្មណ៍ទាំងនេះផងដែរ។ វិធីសាស្រ្តមួយចំនួនខាងក្រោមនេះ ដែលអ្នកចិត្តសាស្រ្តដ៏ជំនាញ នឹងណែនាំប្រាប់យើងទាំងអស់គ្នា អំពីការកាត់បន្ថយអារម្មណ៍តានតឹង៖
1. សរសេរអ្វីគ្រប់យ៉ាង ដែលមាននៅក្នុងគំនិត នៅក្នុងសៀវភៅ
John Duffy ជាចិត្តវិទូ និងបាននិពន្ធសៀវភៅមួយក្បាល ដែលនិយាយអំពីចិត្តអប់រំរបស់ក្មេងជំទង់ ហើយគាត់ក៏បាន និយាថា «ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង ខ្ញុំកត់ចំណាំនូវ គំនិត ស្ថានភាព ទំនាក់ទំនងជាមួយនឹងមនុស្ស និងគំនិតរបស់ខ្ញុំទាំងអស់ឱ្យទៅជាអត្ថបទមួយ នឹងសរសេរវាដោយដៃ ព្រមទាំងបានរៀបចំជារចនាសម្ព័ន្ធទៅលើអ្វីៗគ្រប់យ៉ាង ដែលចេញពីគំនិតរបស់ខ្ញុំផ្ទាល់ ហើយនឹងដំណើរការនៃការសរសេរនេះ គឺពិតជាមានប្រយោជន៍ដល់ខ្ញុំ ក្នុងការបំភ្លេចនូវអារម្មណ៍តានតឹង បន្ទាប់ពីនោះខ្ញុំក៏អាចគិតឃើញនូវជ្រុងផ្សេងៗទៀតរបស់បញ្ហា»។

2. ជ្រើសរើសគ្រឿងផ្សំ សម្រាប់ម្ហូបអាហារ ដែលអ្នកចង់ចម្អិន និងចង់ញុំា
Jeffrey Sumber ជាចិត្តវិទូ ក៏ជាអ្នកនិពន្ធសៀវភៅ និងគ្រូបង្រៀន ទាក់ទងនឹងចិត្តសាស្រ្តផងដែរ។ គាត់ក៏បានប្រាប់ថា «នៅពេលខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្ត ខ្ញុំចូលចិត្តញុំា អាហារដែលផ្តល់សុខភាពល្អ ឬក៏ម្ហូបដែលខ្ញុំមិនធ្លាប់បានចម្អិនពីមុន ដូច្នេះ ខ្ញុំត្រូវចំណាយពេលច្រើនក្នុងការទៅហាងទំនិញ និងជ្រើសរើសគ្រឿងផ្សំ បន្ទាប់មកខ្ញុំចម្អិនវាដោយយកចិត្តទុកដាក់ ព្រមទាំងបានរៀបចំដាក់នៅលើតុអាហារយ៉ាងស្រស់ស្អាត ហើយក៏អង្គុយញុំាយឺតៗ ហើយខ្ញុំក៏បង្ហោះអាហារ ដែលខ្ញុំបានធ្វើទៅក្នុង Facebook ដើម្បីធ្វើឱ្យមិត្តភក្តិរបស់ខ្ញុំច្រណែន»។

3. រឹតបន្តឹងសាច់ដុំទាំងអស់របស់អ្នក
អ្នកឯកទេសផ្នែកចិត្តសាស្រ្តម្នាក់មានឈ្មោះថា Kevin Chapman បានប្រើវិធីសាស្រ្តនៃការសម្រាកកាយ និងសាច់ដុំ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1920។ ការសម្រាកសាច់ដុំនេះ គឺត្រូវធ្វើការបន្តឹងសាច់ដុំប្រហែលរយៈពេល 10វិនាទី និង ផ្តោតអារម្មណ៍ទៅលើការសម្រាកកាយ និងសាច់ដុំនេះរយៈពេល 20វិនាទីបន្ថែម។

4. ប្រតិកម្មដ៏ត្រឹមត្រូវ ឬ មិនមានប្រតិកម្មអ្វីទាំងអស់
អ្នកចិត្តសាស្រ្ត Susan Krauss Whitbourne មិនប្រឆាំងនឹងអារម្មណ៍តានតឹងទេ ប៉ុន្តែនាងមានវិធីសាស្រ្តដ៏ពិសេស ក្នុងការដោះស្រាយអារម្មណ៍តានតឹងរបស់នាង ដោយនាងនិយាយថា «ខ្ញុំមិនអាចផ្លាស់ប្តូរស្ថានភាពអវិជ្ជមានបានទេ ប៉ុន្តែខ្ញុំអាចផ្លាស់ប្តូរប្រិតកម្មរបស់ខ្ញុំទៅលើស្ថានភាពនេះបាន»។ ដូច្នេះ ប្រតិកម្មវិជ្ជមានចំពោះស្ថានភាពអវិជ្ជមាន ជួយកាត់បន្ថយភាពតានតឹង ហើយអ្នកថែមទាំងអាចទទួលបទពិសោធន៍ និងរៀនពីកំហុសរបស់ខ្លួនបានផងដែរ។

5. បញ្ឈប់លំហូរនៃគំនិត
អ្នកចិត្តសាស្រ្ត Martin Seligman បានណែនាំនូវវិធីសាស្រ្តដ៏ងាយស្រួល និងពេញនិយម ដែលជួយកាត់បន្ថយភាពតានតឹង ដោយលោកបាននិយាយថា «ទះដៃឱ្យខ្លាំង និងនិយាយថា ឈប់គិត» វិធីសាស្រ្តនេះអាចប្រើ ខណៈពេលអ្នកចាប់ផ្តើមគិតទៅលើរឿងរ៉ាវ ដែលឥតប្រយោជន៍ និងអ្នកក៏គួរព្យាយាមបង្វែរចំណាប់អារម្មណ៍របស់អ្នក ទៅលើវត្ថុនានា ឬក៏ការធ្វើលំហាត់ ផ្សេងៗ។

6. ចំណាយពេលមួយម៉ោង សម្រាប់ធ្វើអ្វី ដែលជាចំណង់ចំណូលចិត្ត
អ្នកចិត្តសាស្រ្ត Amy Przeworski បានផ្តល់ការណែនាំថា អ្នកគួរចំណាយពេលមួយម៉ោង សម្រាប់ធ្វើអ្វីៗ ដែលជាចំណង់ចំណូលចិត្តរបស់អ្នកដូចជា អានសៀវភៅកំប្លែង គូរគំនូ ចម្អិនអាហារ ហាត់ប្រាណ និងអ្វីៗក៏ដោយ ដែលធ្វើឱ្យអ្នកសប្បាយចិត្ត ដូច្នេះ អ្នកគួរតែធ្វើពួកវាយ៉ាងហោចណាស់ឱ្យបានមួយម៉ោងផងដែរ។

7. ការជម្រុញសរសៃប្រសាទ
Toni Bernhard ក៏ជាអ្នកចិត្តសាស្រ្តមួយរូប ដែលបានធ្វើការណែនាំវិធីសាស្រ្តមិនធម្មតាមួយ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ អាស្រ័យទៅលើសរីរៈវិទ្យា នោះគឺការជម្រុញសរសៃប្រសាទ ដោយអនុវត្តន៍៖ ប្រើម្រាមដៃចង្អុលរបស់អ្នក អូសនៅលើបបូរមាត់ ដែលចលនាប៉ះបែបនេះ នឹងជួយជម្រុញដល់សរសៃប្រសាទរបស់អ្នក ដែលស្ថិតនៅផ្ទៃបបូរមាត់ ដោយវាជួយរំញោចប្រព័ន្ធសរសៃប្រសាទ Parasympathetic ដែលជាសរសៃប្រសាទ ជួយធ្វើឱ្យអ្នកស្ងប់ចិត្តបាន។

8. ព្យាយាមប្រើវិធីសាស្រ្តបែបបូរាណផ្សេងៗ
ជាការពិតណាស់ មានវិធីសាស្រ្តបូរាណផ្សេងៗទៀតជាច្រើន ដើម្បីជួយបំបាត់ភាពតានតឹង ដ៏មានប្រសិទ្ធភាព។ ឧទាហរណ៍ ចិត្តវិទូ Deborah Serani ជាអ្នកចិត្តសាស្រ្តនៅគ្លីនីកចិត្តសាស្រ្តមួយ ក៏ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «រស់នៅជាមួយនឹងការធ្លាក់ទឹកចិត្ត» ឬក៏ «Living With Depression» ដែលគាត់ក៏បាននិយាយថា «ខ្ញុំប្រើទម្លាប់ក្នុងការបន្ធូរបន្ថយភាពតានតឹងរបស់ខ្ញុំដូចជា៖ អង្គុយស្តាប់ភ្លេងដែលខ្ញុំចូលចិត្ត ញុំាអាហារចូលចិត្ត និងធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំ…ជាដើម។ ចំណែកឯអ្នកចិត្តសាស្រ្ត Joyce Marter បានប្រើទម្លាប់របស់គាត់ដូចជា ការសម្អាតកន្លែងធ្វើការ លាងចាន ឬសម្អាតបន្ទប់គេងរបស់គាត់…ជាដើម។ រីឯអ្នកចិត្តវិទ្យា Susan Newman ដែលគាត់បានគិតថា ថ្នាំដែលប្រឆាំងនឹង ជម្ងឺធ្លាក់ទឹកចិត្តនោះគឺ មិត្តភក្តិរបស់គាត់។ សម្រាប់គ្រូពេទ្រ Stephanie Sarkis នោះគឺការហាត់យូហ្គា លេងកីឡា ឬ សម្រាក និងគេង…ជាដើម៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើអ្នកដឹង ឬអត់ថា ខ្ញីអាចជួយបង្ការជំងឺអ្វីខ្លះ?

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

​ខ្ញី​​ក្រៅពីជាគ្រឿងផ្សំដ៏សម្បូរបែបនៃអាហារវាក៏ត្រូវបាន​គេ​​យកមក​ប្រើប្រាស់​សម្រាប់​ការព្យាបាល​ជំងឺជាច្រើនមុខផងដែរ។តើខ្ញីមានអត្ថប្រយោជន៍ចំពោះសុខភាពដ...

13 ចំណុចដែលធ្វើឱ្យប៉ះពាល់ ដល់ខួរក្បាល

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

ប្រៀបដូចជា សរីរាង្គផ្សេងៗនៅក្នុងខ្លួនយើង ខួរក្បាលរបស់យើងអាចនឹងរងការបំផ្លាញ ពីកត្តានានាជាច្រើន ដែលយើងអាចនឹងស្មានមិនដល់។ ថ្ងៃនេះ ទំនើប នឹងប្រាប់អ្នកព...

តោះ! មកស្គាល់ អាហារប្រឆាំងនឹងភាពចាស់ទាំង 5 ដែលជួយធ្វើឱ្យស្បែកភ្លឺរលោង និងក្មេងជាងវ័យ

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

ភាពចាស់ គឺជាដំណើរធម្មជាតិមួយ របស់ជីវិតមនុស្ស ប៉ុន្តែទោះបីជាយ៉ាងណានេះក្តី ក៏មនុស្សម្នាក់ៗនៅតែ ចង់មានសុខភាពល្អ ស្រស់ស្អាតក្មេងខ្ចី និងគ្មាននរណាម្នាក់...

រោគសញ្ញាព្រមានទាំង 6 ដែលបង្ហាញថា ជម្ងឺដាច់សរសៃឈាមខួរក្បាល ឬ (Stroke) កំពុងតែកើតមាននៅលើខ្លួនអ្នក ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Friday, 17 May, 2019

ជម្ងឺដាច់សរសៃឈាមខួរក្បាល ឬហៅថា Stroke គឺជាមូលហេតុនៃភាពពិការ ឈានមុខគេ នៅក្នុងសហរដ្ឋអារមេរិក ក៏ដូចជានៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោកផងដែរ។ ជារៀងរាល់...

Tomnerb.Com - YouTube Channel