ចូលចិត្តទំនើប

អ្នកម្តាយមានគភ៌ គេងមិនលក់ គួរធ្វើយ៉ាងម៉េច?

ដោយ: ស៊ីវងីម 6 PM, Tuesday, 14 Jul, 2015

ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាន​គភ៌​ជាច្រើន​នាក់​ ក៏ប្រហែលជាធ្លាប់កើតអាការបែបនេះ ញឹកញាប់ដែរ មែនទេ?

ហេតអ្វីបានអ្នកម្តាយមានគភ៌ គេងមិនលក់? មូលហេតុចម្បង គឺបណ្តាលមកពីការប្រែប្រួលរបស់អ័រម៉ូន ​នៅក្នុង​រាងកាយ​ហ្នឹង​ឯង។

ក្នុងត្រីមាស ទី1 ៖ ជាពិសេសក្នុងអំឡុងពេលត្រីមាសដំបូង ដែលកម្រិតអ័រម៉ូន ប្រូជេស្ទើរ៉ូន កើនឡើងខ្ពស់ជាងប្រក្រតី ធ្វើ​ឱ្យ​អ្នក​ម្តាយ​មាន​​អារម្មណ៍ម៉ួម៉ៅ នឿយល្វើយ សោកសៅ និងគេងមិនលក់ ឬពេលខ្លះមានអារម្មណ៍ងងុយគេងខ្លាំង តែ​គេង​លក់​​មិន​សូវ​ពេញ​លេញ ឬអ្នកម្តាយខ្លះគេងពេលថ្ងៃច្រើនពេក ក៏ជាមូលហេតុមួយធ្វើឱ្យពេលយប់មានអារម្មណ៍​ មិនសូវ​ងងុយគេងផងដែរ។

ក្នុងត្រីមាស ទី2 ៖ ខណៈដែលក្នុងអំឡុងត្រីមាសទី2 មានមូលហេតុចម្បង មកពីការរើរបស់កូននៅក្នុងពោះ បូកជាមួយក្នុង​អំឡុងពេល​នេះអ័រម៉ូន ប្រូជេស្ទើរ៉ូន នៅក្នុងរាងកាយរបស់អ្នកម្តាយ នៅតែខ្ពស់ដដែល ដូចនេះអ្នកម្តាយ ក៏អាច​នឹងគេងមិន​លក់បានដូចគ្នា។

ក្នុងត្រីមាស ទី3 ៖ និងក្នុងត្រីមាសចុងក្រោយ អ្នកម្តាយមួយចំនួនអាចគេងមិនលក់ ដោយសារតែការរីកធំរបស់ក្បាលពោះ​ ទើបមាន​អារម្មណ៍ថាតឹងពោះ ឈឺខ្នង ឬឈឺបត់ជើងតូចញឹក រហូតត្រូវងើបឡើង ទៅចូលបន្ទប់ទឹកជាញឹកញាប់។

គេងមិនលក់ មានផលប៉ះពាល់ដល់សុខភាព បើត្រឹមតែ 1ដងឬ 2ដង អ្នកម្តាយគ្រាន់តែងងុយគេង ស្ងាបនៅពេលថ្ងៃតែប៉ុណ្ណោះ តែបើញឹកញាប់រៀង​រាល់យប់​វិញ​នោះ វាប្រហែលមិនមែនជារឿងល្អទេ ព្រោះថា៖

  • គេងមិនលក់ ធ្វើឱ្យមានអារម្មណ៍តានតឹង : អាការគេងមិនលក់ជាមួយភាពតានតឹង ក្នុងអារម្មណ៍ គឺ​ជារឿង​ដែល​ពាក់​ព័ន្ធ​គ្នា ព្រោះនៅពេលអ្នកគេងមិនលក់ វានឹងបង្កឱ្យមានភាពធុញថប់តានតឹង រឹតតែមានអារម្មណ៍តានតឹង រឹតតែភ័យ​បារម្ភ រហូត​ទី​បំផុតនឹងរឹតតែធ្វើឱ្យគេងមិនលក់ទៅទៀត។
  • សម្ពាធឈាមឡើងខ្ពស់ ប្រថុយនឹងសភាវគភ៌មានជាតិពុល : ដោយនៅក្នុងមួយយប់ៗ អ្នកម្តាយគួរគេងឱ្យ​បាន ​8 – 9​ម៉ោង ដើម្បីឱ្យរាងកាយសម្រួលតុល្យភាព និងគ្រប់គ្រងអ័រម៉ូនផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព ជាពិសេស​អ័រម៉ូន ​ដែលគ្រប់​គ្រង​ការធ្វើការងាររបស់សរសៃឈាម ព្រោះបើអ្នកម្តាយគេងមិនបានគ្រប់គ្រាន់នោះ អាចធ្វើឱ្យ​អ័រម៉ូនមាន​ការ​ប្រែប្រួល ហុច​ផល​ឱ្យសម្ពាធឈាម​ឡើង​​ខ្ពស់ និងបង្កឱ្យកើតសភាវគភ៌មានជាតិពុល។
  • កូនលូតលាស់ ធំធាត់យឺត : នៅពេលអ្នកម្តាយគេងមិនលក់ នឹងធ្វើឱ្យកូនតូចគេងមិនលក់តាមនោះដែរ ដែល​អា​ច​នឹង​មាន​ផលប៉ះពាល់ ដល់ការរីកចម្រើនធំធាត់ផ្នែករាងកាយ និងខួរក្បាលរបស់ទារក។ ការដែលអ្នកម្តាយ​គេងមិន​លក់ នឹងធ្វើ​ឱ្យ​រាង​កាយ​ល្វើយ​ខ្សោយ លំហូរវិលរបស់ឈាមនឹងមិនសូវល្អ ហើយឈាមដែលហូរទៅ​ចិញ្ចឹមកូន​នៅក្នុង​គភ៌​មាន​ប្រសិទ្ធភាព​ទាប ឬមិនគ្រប់​គ្រាន់ ពេលប្រសូត្រចេញមកទារក អាចនឹងមានទម្ងន់ខ្លួនតិចជាងប្រក្រតី ហើយការ​ធំ​ធាត់របស់​កូន ក៏នឹង​យឺត​ជាង​ធម្មតាដែរ។

PregnancyInsomnia-03

គន្លឹះជួយធ្វើឱ្យ ងាយគេងលក់

  • ជ្រើសរើសឥរិយាបថគេង ដែលស័ក្តិសម ព្រោះក្នុងពេលមានគភ៌ អ្នកម្តាយអាចកើតអាការឈឺខ្នង ហើមពោះ ដូច្នេះ​​ឥរិយាបថគេង ដែលជួយកាត់បន្ថយអាការឈឺខ្នង នឹងធ្វើឱ្យអ្នកម្តាយកាន់តែងាយគេងលក់ឡើង ទោះជាពាក្យ​ណែនាំ​ទូទៅ​ប្រាប់ឱ្យ​ អ្នកម្តាយគេងផ្អៀងខាងឆ្វេង ព្រោះស្បូននឹងមិនសង្កត់លើសរសៃឈាមខ្មៅធំ ដែលនៅខាងស្តាំមែន តែការពិតអ្នក​ម្តាយ​អាចគេង ក្នុងឥរិយាបថណាក៏បានឱ្យតែមានអារម្មណ៍ថា សប្បាយស្រួលខ្លួន។
  • កែសម្រួលសភាពក្នុងបន្ទប់គេងឱ្យស័ក្តិសមសម្រាប់អ្នកមានគភ៌ ដូចជា ជ្រើសរើសពូក ខ្នើយកល់ ខ្នើយឱបឱ្យ​អំណោយ​ផលនឹងស្ថានភាពនៃការគេងរបស់អ្នកម្តាយជាដើម។
  • គួរចៀសវាងការទទួលទានទឹកច្រើន ជាពិសេស3ម៉ោងមុនចូលគេង ព្រោះនឹងធ្វើឱ្យអ្នកម្តាយ​មានអារម្មណ៍​ឈឺ​បត់​ជើង​តូច និងបើ​ភ្ញាក់ពេលកណ្តាលយប់ហើយ ធ្វើឱ្យមិនងាយគេងលក់វិញនោះទេ។
  • ព្យាយាមចូលគេង និងភ្ញាក់ឱ្យទៀងពេល ព្រោះបើមានការផ្លាស់ប្តូរកន្លែង ឬខុសពេលវេលា អាចធ្វើឱ្យអ្នក​មាន​អារម្មណ៍មិនងងុយ ឬមិនចង់គេង។
  • មុនចូលគេង​ ចូរអ្នកម្តាយទទួលទានទឹកដោះគោក្តៅឧណ្ហៗ នឹងជួយឱ្យគេងឆាប់លក់។
  • ហាត់ប្រាណស្រាលៗជាប់ជានិច្ច ជួយឱ្យឈាមហូរវិលបានកាន់តែល្អឡើង ធ្វើឱ្យអ្នកម្តាយគេង​លក់កាន់​តែ​ស្រួល​​ឡើង​។
  • បើកបទចម្រៀងស្តាប់តិចៗមុនចូលគេង ឬធ្វើចិត្តឱ្យស្ងប់ ព្រោះភាគច្រើនអ្នកម្តាយច្រើនតែបារម្ភថា បើគេង​មិន​លក់ កូន​នឹងមានបញ្ហា ដូច្នេះកាត់បន្ថយភាពជ្រួលច្រាលនេះចេញ ធ្វើចិត្តឱ្យសប្បាយ តែប៉ុណ្ណឹងមិនបាច់តានតឹង​ក្នុង​អារម្មណ៍រហូត​គេង​លែងលក់ទៅហើយ។

សាកល្បងនាំយកវិធីទាំងនេះទៅប្រើលលមើល៍ តែបើអ្នកម្តាយណានៅតែគេងមិនលក់ដូចមុនដដែលនោះ សូម​ប្រញាប់​ទៅប្រឹក្សាជាមួយលោកគ្រូពេទ្យភ្លាម ព្រោះបើបណ្តោយទុកយូរនឹងខូចសុខភាព ហើយមានគ្រោះថ្នាក់ថែមទៀត ហើយ​ដែលសំខាន់គឺកុំទិញថ្នាំគេងលក់មកញ៉ាំដោយខ្លួនឯងឱ្យសោះ ព្រោះវានឹងបង្កឱ្យមាន​គ្រោះថ្នាក់ខ្លាំងណាស់​ចំពោះ​ទារក​៕

អត្ថបទអ្នកចង់អាន

រូបសាក់ ប្រាប់ពីសុខភាព

ដោយ: ដួងច័ន្ទ 10 PM, Monday, 14 Aug, 2017

អ្នកស្រឡាញ់រូបសាក់ និងការថែរក្សាសុខភាព នាពេលនេះត្រូវបានរួមបញ្ចូលគ្នា លើបច្ចេកវិទ្យាថ្មី មួយ ទទួលបានពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ នៃអ្នកស្រាវជ្រាវនៅសា...

តិចនិចសក់ស្អាត ដោយការសិតសក់ ត្រឹមត្រូវ

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

នារីយើងគ្រប់រូប តែងចង់មានសក់ស្អាត ​ពេលនេះមានវិធី ដែលងាយៗ ជួយធ្វើឲ្យអ្នកមានសក់កាន់តែស្អាតបានតាមបំណង ដោយគ្រាន់តែសិតសក់ ឲ្យត្រឹមត្រូវតាមវិធីប៉ុណ្ណោះ! ...

តើនឹងមានអ្វីកើតឡើង ចំពោះរាងកាយរបស់អ្នក នៅពេលអ្នកញុំាម្រេចខ្មៅ ជារៀងរាល់ថ្ងៃ?

ដោយ: ភារុន 9 AM, Tuesday, 02 Apr, 2019

ការបរិភោគអាហារប្រចាំថ្ងៃ គឺជារឿងសំខាន់មួយសម្រាប់សុខភាព ពីព្រោះបើកាលណាអ្នកញុំាអាហារបានត្រឹមត្រូវ វានឹងអាចជួយពង្រឹងដល់ការអភិវឌ្ឍន៍រាងកាយបានល្អប្រសើរឡ...

តើគួរយកកុមារតូចៗ ទៅជួបគ្រូពេទ្រធ្មេញ នៅពេលណាល្អ?

ដោយ: ភារុន 5 PM, Wednesday, 10 Apr, 2019

តើកុមារតូចៗ គួរតែជួបជាមួយគ្រូពេទ្រធ្មេញជាលើកដំបូង នៅពេលណាល្អ? សំណួរនេះតែងកើតមាននៅក្នុងចិត្តរបស់ឪពុកម្តាយគ្រប់រូបជានិច្ច។ ជាធម្មតា ឪពុកម្តាយគ្រប់រូប...

Tomnerb.Com - YouTube Channel