ចូលចិត្តទំនើប

ជំងឺ ដ៏មានគ្រោះថ្នាក់ 3យ៉ាង ដែលបណ្តាលមកពីមូស

ដោយ: ដាលីស 9 PM, Monday, 13 Jul, 2015

នៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ រហូតដល់មានទឹកដក់សឹងគ្រប់ទីកន្លែងនោះ គឺជាប្រភព​កំណើត​យ៉ាងល្អ ដល់ពួកសត្រូវកំណាចដូចជា សត្វមូស។

ជាប្រក្រតីសត្វមូស មានវដ្តជីវិតក្នុងអំឡុងពេលនៅជាស៊ុត រហូតដល់ធំពេញវ័យក្នុង​រយៈពេល​ពី 9-14ថ្ងៃ ហើយ​មាន​តែ​មូសញីប៉ុណ្ណោះ ដែលបឺតឈាមជាអាហារ ចំណែកមូសឈ្មោលវិញ បឺតទឹកដមពីកេសរផ្កាជាអាហារ ហើយ​ក្រៅ​ពី​នេះ​​សត្វមូសញី​ ដែល​ធំពេញវ័យហើយមានអាយុវែង បានដល់ទៅ 1-3ខែ ឯមូសឈ្មោលមានអាយុត្រឹមតែ 6-7ថ្ងៃប៉ុណ្ណោះ តែ​អ្វីដែលគួរឱ្យខ្លាចនោះ​​​គឺ ស៊ុតរបស់មូស ដោយមូសញីនឹងទម្លាក់ស៊ុត នៅក្នុងទឹកនឹង(អត់ហូរ) ស៊ុតនឹងអណ្តែត​ខ្លួន​នៅ​លើ​ផ្ទៃទឹក។ មូសប្រភេទខ្លះ ប្រើពេល​វេលា​ចាប់តាំងពីទម្លាក់ស៊ុត រហូតដល់ញាស់ត្រឹមតែ 24ម៉ោងប៉ុណ្ណោះ។ ការទម្លាក់​ស៊ុត​របស់សត្វមូសម្តងៗ មានចំនួនស៊ុតចាប់ពី50 រហូតដល់ 300ស៊ុតឯណោះ ហើយមូសញីមួយក្បាល ក្នុងមួយជីវិត​របស់​​វាអាចទម្លាក់ស៊ុត បានចាប់ពី 1-7ដង ហើយអ្វី​ដែលសំខាន់នោះគឺ ស៊ុតរបស់មូស​ ធន់​នឹងសភាវស្ងួត​ក្រៀម​ក្រោះ ​បាន​ជា​ច្រើនខែ បើសិនជាបានទទួលសំណើម ឬមានទឹកលិច​ស៊ុត​ម្តងទៀតនោះ ស៊ុតនឹងអាចញាស់ចេញ​ជាសត្វមូស​ បាន​ក្នុង​រយៈពេលតែ 20-60នាទីប៉ុណ្ណោះ។ ដូច្នេះយើងសូមនាំយកព័ត៌មានរបស់ជំងឺឆ្លង ​ដែលបណ្តាលមក​ពីសត្វមូស​ ចម្លង​រោគមកជម្រាបជូនមិត្តអ្នកអាន ដើម្បីធ្វើជាចំណេះដឹង ក្នុងការសង្កេត​មើលអាការ និងការពារជំងឺ​ទាំងនោះ​ដូច​ខាង​ក្រោម​។

MosquitoBiting-03

  1. ជំងឺគ្រុន ឈាម
  • មូលហេតុ ៈ បណ្តាលមកពីមេរោគវីរុស ដោយមានមូសខ្លា ជាភ្នាក់ងារចម្លងរោគ។
  • អាការ ៈ បន្ទាប់ពីត្រូវមូសខ្លា ដែលមានមេរោគខាំបានប្រមាណជា 5-8ថ្ងៃ នឹងកើតមានអាការគ្រុនក្តៅខ្លួនខ្លាំង (38.5 -40អង្សាសេ) ជាប់ៗគ្នា 2-7ថ្ងៃ មុខក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺក្នុងឆ្អឹង ឈឺរង្វង់ភ្នែក អ្នកខ្លះមានអាការឈឺពោះ ក្អួតចង្អោ មិនឃ្លានអាហារ មានកើតស្នាមអុចក្រហមៗ នៅលើដៃជើង ខ្លួន ក្លៀក អាចមានចេញឈាមតាមច្រមុះ និងតាមជើងធ្មេញ អាការ​ទូទៅ​ ស្រដៀងនឹងជំងឺគ្រុនផ្តាសាយ តែគ្មានក្អក និងគ្មានហៀរសំបោរទេ។
  • សញ្ញាគ្រោះថ្នាក់ នៅពេលកម្តៅថយចុះ ៈ បើមានអាការស្ងៀមស្ងាត់ ល្វើយខ្លាំង រសាប់រសល់ ត្រជាក់ដៃជើង ជីពចរ​លោតលឿនតែស្រាលៗ ចុកពោះទាន់ហន់ ស្រេកទឹក នោមតិច មានហូរឈាមតាមច្រមុះ ក្អួតចេញឈាម លាមក​ឡើងពណ៌​ខ្មៅ បើឃើញ​មានអាការទាំងនេះ ចូរប្រញាប់នាំទៅមន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់អ្នកបំផុត បើអ្នកជំងឺឆាប់​បានស្ថិត​នៅ​ក្រោម​ការ​មើលថែទាំរបស់គ្រូពេទ្យ បានទាន់​ពេល​វេលា​​នោះ ឱកាសក្នុងការបាត់បង់ជីវិតមានតិចណាស់។
  • ការការពារ ៈ ដោយសារតែជំងឺនេះ នៅមិនទាន់មានវ៉ាក់សាំងការពារនោះ ទើបវិធីការពារគឺ កុំឱ្យមូសខាំ កម្ចាត់​ដង្កូវ​ទឹក និងកម្ទេច ឬបំបាត់ប្រភពកំណើតរបស់មូសខ្លាទាំងអស់។

MosquitoBiting-01

  1. ជំងឺគ្រុន រលាកខួរក្បាល
  • មូលហេតុ ៈ បណ្តាលមកពីការឆ្លងមេរោគវីរុស ដែលមាន​សត្វមូសរំខានជា​ភ្នាក់ងារ​ចម្លងរោគ ដែលច្រើន​តែបន្ត​ពូជ​នៅក្នុងប្រភពទឹកតាមវាលស្រែ។ មូសប្រភេទនេះ បានទទួលមេរោគគ្រុនរលាកខួរក្បាល ជេ អុី ខណៈពេលជញ្ជក់ឈាមពីសត្វ ជាពិសេសសត្វជ្រូក ដែលជាប្រភពមេរោគសំខាន់ បន្ទាប់ពីនោះ នៅពេលមូសមកខាំមនុស្ស វានឹងបញ្ជូនមេរោគនេះ ​ចូលក្នុង​រាង​កាយ​មនុស្ស។
  • អាការ ៈ ភាគច្រើនអ្នកឆ្លងមេរោគ ច្រើនតែគ្មានកើតអាការអ្វីឡើយ តែអ្នកជំងឺនឹងកើតមានអាការ កម្តៅខ្លួនឡើងខ្ពស់ ឈឺក្បាលខ្លាំង អស់កម្លាំងល្វើយ បើអាការធ្ងន់ធ្ងរ អ្នកជំងឺអាចលែងដឹងខ្លួន និងបាត់បង់ជីវិត ឬអ្នកខ្លះពេលជាសះស្បើយ​ហើយ​អាច​មានអាការពិការខាងខួរក្បាល សតិបញ្ញាចុះខ្សោយ ឬពិការខាងរាងកាយក៏មាន។
  • ការការពារ ៈ ជំងឺនេះអាចការពារបាន ដោយការការពារកុំឱ្យមូសខាំ និងការចាក់វ៉ាក់សាំងការពារ ដូច្នេះអ្នក​ដែល​ស្ថិត​​​ក្នុងវ័យ ត្រូវទទួលការចាក់វ៉ាក់សាំងការពារ ដូចជា កុមារតូចៗនោះ អាណាព្យាបាលត្រូវនាំទៅចាក់វ៉ាក់សាំង ការពារនៅតាម​មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានគ្រប់គ្នា។

MosquitoBiting-04

  1. ជំងឺគ្រុនចាញ់
  • មូលហេតុ ៈ បណ្តាលមកពីមេរោគ ប្រូតូឈួ ដោយមូសដែកគោលញីដែលរស់នៅក្នុងព្រៃជាភ្នាក់ងារចម្លងរោគ។ នៅ​ពេល​ត្រូវមូសដែកគោលខាំប្រមាណជា15-30ថ្ងៃក្រោយ នឹងកើតមានអាការជំងឺ។
  • អាការ ៈ ជាប្រក្រតី អ្នកជំងឺច្រើនតែចាប់ផ្តើមមានអាការក្រោយពីបានទទួលមេរោគហើយប្រមាណជា1សប្តាហ៍​រហូត​ដល់2ខែ ដោយអ្នកជំងឺនឹងកើតមានអាការក្តៅខ្លួនខ្លាំង រងាញាក់ មិនឃ្លានអាហារ ឈឺចុករួយតាមរាងកាយ អ្នកខ្លះមាន​អាការ​ចុក​ពោះរាក ចំពោះអ្នកជំងឺដែលធ្ងន់ធ្ងរនឹងមានអាការស្លេកស្លាំង ស្បែកឡើងលឿងខ្លាំង ស្ងាត់ស្ងៀម មានសភាវ​ក្រលៀន​លែង​ធ្វើការ និងអាចដល់ថ្នាក់ស្លាប់បាន។
  • ការការពារ ៈ បច្ចុប្បន្ននេះនៅមិនទាន់មានវ៉ាក់សាំងដែលប្រើក្នុងការការពារជំងឺនេះនៅឡើយទេ ហើយក៏មិន​ទាន់​មាន​ថ្នាំលេប​ការពារ​ជាមុនណាដែលមានប្រសិទ្ធភាពខ្ពស់នៅឡើយដែរ ការការពារខ្លួនកុំឱ្យត្រូវមូសខាំ ជា​វិធីដែលល្អ​បំផុត​ក្នុង​ ពេលនច្ចុប្បន្ននេះ។

ឥឡូវនេះអ្នកបានដឹងពីគ្រោះថ្នាក់ដែលបណ្តាលមកពីសត្វកំណាចខ្លួនតូចល្អិតនេះហើយមែនទេ? ដូច្នេះយើងត្រូវ​ការ​​ពារ​​ខ្លួនកុំឱ្យមូសខាំ និងជួយគ្នាកម្ចាត់ប្រភពកំណើតរបស់សត្វចម្លងរោគដ៏ចង្រៃនេះឱ្យបានទាំងអស់គ្នា៕

MosquitoBiting-05

MosquitoBiting-06

អត្ថបទអ្នកចង់អាន

ព្រោះតែ ៣ ចំណុចនេះ ទើបត្រូវបោកខោអាវថ្មី

ដោយ: ស. លីង 9 PM, Tuesday, 14 Feb, 2017

សម្លៀកបំពាក់ ដែលទើបទិញមកពីផ្សារ មិនថាសម្រាប់កូនតូច មនុស្សធំ ឬមនុស្សចាស់ស្លៀកពាក់ក៏ដោយ ក៏ត្រូវតែបោកសម្អាតមុនពេលប្រើប្រាស់ដែរ។ មនុស្សភាគច្រើនយល់ថា បើ...

គន្លឹះងាយៗទាំង 10 ក្នុងការសម្លឹងមើល ដើម្បីជួយដល់កែវភ្នែក ឱ្យកាន់តែល្អប្រសើរ

ដោយ: ភារុន 8 AM, Monday, 22 Apr, 2019

ជាគោលការណ៍ ប្រសិនបើអ្នកមិនប្រើប្រាស់សាច់ដុំណាមួយ នៃរាងកាយរបស់អ្នកនោះទេ កម្លាំងសាច់ដុំរបស់អ្នកគឺកាន់តែចុះខ្សោយ។ ដូចគ្នាផងដែរ សាច់ដុំភ្នែកក៏ដូចជាសាច់...

ការពារអាការឈឺក្បាល ដោយសារការខឹង

ដោយ: វិរីយា៉ 11 PM, Friday, 08 Apr, 2016

ការក្រោធខឹង នៅក្នុងជីវិតប្រចាំថ្ងៃ គឺជារឿងប្រក្រតីធម្មតាខ្លាំងណាស់ និងគ្មានគ្រោះថ្នាក់អ្វីទេ បើសិនការក្រោធ​ខឹងនោះវា​រលាយបាត់ទៅវិញ ជាមួយនឹងខ្យល់ដង្ហ...

ការសិក្សា៖ ទទួលទានដំណេកលក់ស្រួល ដោយធ្វើការគ្រប់គ្រងខ្លួនឯង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

យោងតាមការស្រាវជ្រាវថ្មីមួយ ការកំណត់ម៉ោង ដើម្បីបិទទូរទស្សន៍ មុនពេលចូលគេង អាចជួយអ្នកចូលគេងបានលឿន ដែលជួយ ពង្រឹងគុណភាពនៃការទទួលទានដំណេក។ ទោះបីជាមានការស...

Tomnerb.Com - YouTube Channel