គន្លឹះថែរក្សាសម្រស់ ពេលចូលវ័យ ៣០ឆ្នាំ
អាយុចូលដល់ខ្ទង់សាម តិច ឬច្រើនក្តី នារីយើងតែងមាន ភាពព្រួយបារម្ភខ្វាយខ្វល់ នឹងសម្រស់របស់ខ្លួន។ ឆ្លុះកញ្ចក់ម្តងៗ ផ្អៀងផ្អងមើលទៅចុងកន្ទុយភ្នែក ស្ទាបអង្អែលស្បែកមុខ ស្បែកក បើចៃដន្យប្រទះឃើញស្នាមជ្រួញ ឬអុជខ្មៅអ្វីមួយនោះ ក៏ធ្វើឲ្យអារម្មណ៍ស្រងាកចិត្តកើតឡើងមួយរំពេច។ នាងខ្ញុំយល់ពីអារម្មណ៍មួយនេះ បានច្បាស់ណាស់ ពីព្រោះថាបានឆ្លងកាត់ដោយផ្ទាល់នោះអី! ប៉ុន្តែណ្ហើយចុះអាយុខ្ទង់សាម ក៏សាមទៅចុះ បញ្ហាសំខាន់ គឺត្រូវធ្វើឲ្យអាយុសាមនេះ នៅស្រស់ស្អាតបានយូរប៉ុណ្ណា។
១. ចាប់ផ្តើមថែរក្សាស្បែកក ជាពិសេស
ចូលដល់វ័យ ៣០ឆ្នាំ ស្បែកករបស់អ្នកនឹងចាប់ផ្តើមប្រែប្រួលជាខ្លាំង ដោយកាន់តែក្រាស់ជាងមុន ហើយបន្តិចទៀតវាក៏នឹងជ្រួញ។ នៅពេលដែលស្បែកកជ្រួញ គឺពិបាកនឹងកែខ្លាំងណាស់ ហេតុនេះត្រូវចាប់ផ្តើមលាបក្រែមការពារកម្តៅថ្ងៃពេលចេញក្រៅ លាបឡេថែស្បែកនៅរៀងរាល់យប់ និងធ្វើលំហាត់ប្រាណថែរក្សាក ដោយបង្វិលកទៅស្តាំឲ្យបាន ១០ដង និងបង្វិលកទៅឆ្វេងឲ្យបាន ១០ ដង ជារៀងរាល់ព្រឹក។
២. ប្រើប្រាស់ផលិតផល មានគុណភាព
ចូលដល់វ័យនេះ នាងខ្ញុំជឿថាប្រាក់ចំណូលរបស់មិត្តនារីយើង ក៏ល្អប្រសើរជាងវ័យ ២០ឆ្នាំដែរ ហេតុនេះកុំទម្លាប់ប្រើផលិតផលថែរក្សាស្បែក ឬផាត់មុខដូចនៅកាលវ័យនោះទៀត។ អ្នកគួរជ្រើសរើសប្រើផលិតផល ដែលមានគុណភាព បើទោះជាតម្លៃរបស់វាថ្លៃបន្តិចក៏ដោយ ព្រោះថាផលិតផលមានគុណភាព បើទោះជាមិនត្រូវនឹងស្បែករបស់អ្នក ក៏វាមិនបំផ្លាញកោសិកាស្បែក របស់អ្នកឲ្យខូចធ្ងន់ធ្ងរដែរ។
៣. ជួបពិគ្រោះជាមួយនឹង គ្រូពេទ្យជំនាញខាងថែរក្សាស្បែក
សូមធ្វើការប្រឹក្សាយោបល់ជាមួយនឹង គ្រូពេទ្យជំនាញខាងស្បែកឲ្យបានច្បាស់លាស់ មុននឹងជ្រើសរើសផលិតផលថែរក្សាស្បែក មកប្រើប្រាស់ ពីព្រោះចូលដល់វ័យនេះ ស្បែករបស់អ្នកមិនល្អដូចមុនទេ ហើយក៏មិនងាយនឹងកែខៃដែរ។ ការប្រថុយប្រថានផ្តេសផ្តាស គឺជាទង្វើ ដែលត្រូវហាមឃាត់ចំពោះវ័យនេះ៕