Liu Yifei នាំ Song Seung Heon ទៅជួបឪពុកម្តាយ
រឿងរ៉ាវស្នេហា ឆ្លងសាសន៍រវាង “លីវ អីុ ហ្វ៊ើយ” តារាឯកស្រីល្បីឈ្មោះ របស់ប្រទេសចិន ជាមួយតារាឯកជនជាតិកូរ៉េ “សុង សឹង ហន” នៅតែត្រូវបានតាមសង្កេតយ៉ាងដិតដល់ ថ្មីៗបំផុតសារព័ត៌មានរបស់ដែនដីចិន បានចេញព័ត៌មានរបស់គូស្នេហ៍មួយគូនេះ មកឱ្យអ្នកគាំទ្ររបស់តារាឯកទាំង 2បានដឹងថ្មីៗរហូត។ ដោយក្នុងរបាយការណ៍បានបញ្ជាក់ថា ស្នេហារបស់អ្នកទាំងពីរ មើលទៅច្បាស់លាស់ជាងមនុស្សជាច្រើន នឹកស្មានទៅទៀត ដោយសារតែក្រោយពីចប់ការងារ ថ្លែងព័ត៌មានខ្សែភាពយន្តរឿង The Third Way of Love ដែលអ្នកទាំងពីរជាតួឯករួចហើយ “លីវ អីុ ហ្វើយ” ក៏បានបបួលគូសង្សាទៅលេងក្រុមគ្រួសាររបស់នាង នៅឯស្រុកកំណើត ហើយឮសូរល្ហៀងៗមកថា អ្នកម្តាយរបស់តារាឯករូបស្អាត ចូលគ្នាបានល្អណាស់ជាមួយ “សុង សឹង ហន” មើលទៅមិនដូចមនុស្ស ដែលទើបតេជួបគ្នាលើកដំបូងសោះឡើយ។
សម្រាប់ “លីវ អីុ ហ្វើយ” ជាមួយ “សុង សឹង ហន” បានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក បន្ទាប់ពីបានជួបគ្នានៅក្នុងក្រុមថតខ្សែភាពយន្តរឿង The Third Way of Love ដែលទាំងពីរនាក់សម្តែងជាតួឯកជាមួយគ្នា មុននឹងណាត់គ្នាដើរកម្សាន្តនៅពេលនេះ ព្រមទាំងមានរូបភាពបង្ហាញថា ទាំងពីរនាក់ផ្អែមល្ហែមជាមួយគ្នាទៀតផង។ គូស្នេហ៍ទាំងពីរនាក់បានជិះរថយន្តជាមួយគ្នា ដើម្បីទៅលេងផ្ទះរបស់ “លីវ អីុ ហ្វើយ” ថ្ងៃស្អែកឡើង “សុង សឹង ហន” ក៏បានជួបជាមួយឪពុកម្តាយរបស់ “លីវ អីុ ហ្វើយ។ ពួកគេជិតដិតស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ ហាក់ដូចជាធ្លាប់ជួបគ្នាមកជាច្រើនដងហើយអីុចឹង៕