ចូលចិត្តទំនើប

វិធីងាយៗ ក្នុងការលុបបំបាត់ស្នាមទឹក លើសង្ហារឹមឈើ

ដោយ: ដួងច័ន្ទ 8 PM, Saturday, 12 Aug, 2017

គ្មានស្នាមប្រឡាក់អ្វី ដែលនៅខាំជាប់លើគ្រឿងសង្ហារឹមធ្វើពីឈើ ជាជាងស្នាមទឹកនោះទេ។ ស្នាមទឹក ទាំងនោះអាចកើតមានឡើងបណ្តាលមកពី កែវទឹកត្រជាក់ ទឹកកំពប់ ឬចាន កែវក្តៅ ដាក់ផ្ទាល់លើឈើ។

ថ្ងៃនេះ ទំនើប សូមណែនាំពីវិធីសាស្រ្តសម្អាតស្នាមទឹកដក់ នៅលើសម្ភារៈ និងគ្រឿងសង្ហារឹមធ្វើពីឈើ សម្រាប់អ្នកយកទៅអនុវត្ត។ អ្នកត្រូវចងចាំថា ទោះបីជាការប៉ះជាមួយស្នាមទឹក ក្នុងពេលខ្លី អាចធ្វើឱ្យ សម្ភារៈឈើរបស់អ្នកខូចខាតដូចគ្នា។ ដូច្នេះ សូមសាកល្បងអនុវត្តតាមការណែនាំខាងក្រោមនេះដោយប្រុងប្រយ័ត្ន និងធ្វើវាដោយសន្សឹមៗ។ សម្រាប់ការប្រុងប្រយ័ត្នបន្ថែម អ្នកអាចសាកល្បងវិធីសាស្ត្រនៅលើសាច់ឈើផ្សេងជាមុនសិន។

  1. កំណត់ប្រភេទ ស្នាមប្រឡាក់

ស្នាមទឹកដែលប្រឡាក់លើគ្រឿងសង្ហារឹម អាចមានពណ៌ស ត្នោតចាស់ ឬពណ៌ខ្មៅព្រាលៗ។ ពណ៌ស្នាមទឹកនឹងកំណត់ពីវិធីសាស្រ្ត ដែលអ្នកត្រូវអនុវត្ត និងស្ថានភាពនៃស្នាមប្រឡាក់។

ស្នាមប្រឡាក់ពណ៌ស៖ ស្នាមប្រឡាក់ដក់ជាប់លើគ្រឿងសង្ហារឹម ដែលមានពណ៌ស្រាល ភាគច្រើនមានរាងកងរង្វង់ ភាគច្រើនបណ្តាលមកពីបាត់កែវត្រជាក់ ឬចានក្តៅ ដាក់លើផ្ទៃឈើ។ ករណីទាំងពីរ នេះបន្សល់ទុកស្នាម ដែលកើតឡើងពីសំណើមនៃធាតុត្រជាក់ ឬចំហាយក្តៅ។ សារធាតុរាវជ្រាបចូល ទៅក្នុងសាច់ឈើ បង្កឱ្យសាច់ឈើស្រទាប់ខាងលើប្រែជាពណ៌ស ឬពណ៌ទឹកដោះគោ។ វាអាចស្តាប់ ទៅពិបាក ប៉ុន្តែវាមិនធ្ងន់ធ្ងរដូចអ្នកគិតទេ ព្រោះសំណើមមិនបានជ្រាបចូលជ្រៅ ក្នុងសាច់ឈើ ដែលបណ្តាលឱ្យខូចសាច់ឈើឡើយ។

ស្នាមប្រឡាក់ពណ៌ក្រម៉ៅ៖ ពណ៌ត្នោតចាស់ ឬខ្មៅ បង្ហាញថាជាតិទឹកបានជ្រាបចូលជ្រៅទៅក្នុងឈើ ដែលធ្វើឱ្យពិបាកក្នុងលុបបំបាត់វិញ។

  1. បំបាត់ស្នាមប្រឡាក់ស្រាលៗ

វិធីសាស្រ្តងាយស្រួល ក្នុងការលុបបំបាត់ស្នាមប្រឡាក់ស្រាលៗ គឺប្រើប្រាស់កម្តៅ និងកម្លាំងសង្កត់។ ក្នុងករណីនេះអ្នកត្រូវការឆ្នាំងអ៊ុតអគ្គិសនី និងក្រណាត់លាត គ្មានសំណឹក។

  • កំណត់កម្រិតកម្តៅឆ្នាំងអ៊ុតទាបបំផុត បន្ទាប់មកក្រាលក្រណាត់លើកន្លែងមានស្នាមប្រឡាក់។ អ្នកត្រូវពិនិត្យមើលថា មុខងារបញ្ចេញចំហាយរបស់ឆ្នាំងអ៊ុតត្រូវបានបិទ បើមិនដូច្នោះ ទេ អ្នកនឹងធ្វើឱ្យស្នាមប្រឡាក់កើតពីសំណើម និងកម្តៅកាន់តែច្រើន។
  • បន្ទាប់មក យកឆ្នាំងអ៊ុតក្តៅឧណ្ហ មកអូសកាត់លើផ្ទៃក្រណាត់។ អ្នកត្រូវប្រាកដថាអ្នកធ្វើចលនាឆ្នាំងអ៊ុតក្នុងទិសដៅតែមួយ។
  • បើកក្រណាត់មើលថាតើ វាមានផលយ៉ាងណាហើយ បន្ទាប់ពីអ្នកអូសឆ្នាំងអ៊ុតកាត់បាន 5 ដង ឬលើសពីនេះ។ សង្ហារឹមធ្វើពីឈើ នឹងរលាយស្នាមទឹកប្រឡាក់បន្តិចម្តងៗ។
  1. ស្នាមប្រឡាក់ខ្លាំង

ពេលខ្លះ ទឹកដក់នៅលើឈើយូរពេក ធ្វើឱ្យវាជ្រាបផុតស្រទាប់ការពាររបស់ឈើ និងជ្រាបចូលជ្រៅក្នុង សាច់ឈើ។ ករណីនេះអាចបណ្តាលមកពីថូ ឬផើងផ្កា លិចទឹកដែលបានធ្លាយ ឬជ្រាបទឹកចេញមក ក្រៅអស់ពេលជាយូរ ដែលអ្នកមិនបានចាប់ភ្លឹក។ ការប្រើប្រាស់ឆ្នាំងអ៊ុតអគ្គិសនីមិនអាចបំបាត់ស្នាម ប្រឡាក់ខ្លាំងទាំងនេះទេ។ តែវិធីដែលអ្នកអាចអនុវត្តបានគឺប្រើប្រាស់ច្រាស់ដុសធ្មេញ និងថ្នាំដុសធ្មេញពណ៌ស។ អ្នកត្រូវច្របាច់ថ្នាំដុសធ្មេញបន្តិច ហើយប្រើច្រាស់ដុសថ្នមៗ លើស្នាមប្រឡាក់។ សូម កុំសង្កត់ខ្លាំងពេក ឬដុសយូរពេក ព្រោះវាអាចបណ្តាលឱ្យស្លកពណ៌ឈើ។

  1. ថែរក្សាគ្រឿងសង្ហារឹមឈើ ឱ្យបានទៀងទាត់

ទោះបីជាអ្នកបានបំបាត់ស្នាមទឹកប្រឡាក់ ដោយជោគជ័យក្តី គ្រឿងសង្ហារឹមធ្វើពីឈើត្រូវការការថែរក្សា ជាប្រចាំ និងទៀងទាត់ ដើម្បីឱ្យវានៅគង់វង្សបានយូរ។ អ្វីដែលអ្នកត្រូវអនុវត្ត ឱ្យបានញឹកញាប់នោះគឺ អ្នកត្រូវសម្អាតគ្រឿងសង្ហារឹម ជាមួយក្រណាត់ទន់ និងស្ងួត។ អ្នកត្រូវសម្អាតគ្រឿងសង្ហារឹមឈើមួយខែ ម្តង។ វិធីមួយផ្សេងទៀត សម្រាប់សម្អាតគ្រឿងសង្ហារឹម គឺប្រើប្រាស់ប្រេងជាជំនួយ។ ប្រេងទាំងនោះអាចជាប្រេងចម្រាញ់ចេញពីផ្លែក្រូច ឬក្រូចឆ្មារ ដែលផលិតឡើង សម្រាប់ការពារភាពចាស់នៃឈើ និង បន្ថែមពន្លឺដល់សាច់ឈើ។ អ្នកអាចប្រើប្រេងជូតសម្អាតយូរៗម្តង ព្រោះការប្រើប្រាស់ប្រេងច្រើនពេក នឹងធ្វើឱ្យធូលី ខ្លាញ់ និងស្នាមកង្វក់តោងជាប់នឹងគ្រឿងសង្ហារឹម។

  1. ក្នុងករណីមិនជោគជ័យ សូមពិចារណាលើកត្តាផ្សេងៗទៀត

មានកត្តាបន្ថែមជាច្រើន ដែលប៉ះពាល់ដល់គុណភាព នៃការលុបបំបាត់ស្នាមទឹកដក់។ ឧទាហរណ៍ គ្រឿងសង្ហារឹមរបស់អ្នកផលិត ពីសាច់ឈើប្រភេទទន់ ដូចជាឈើស្រល់ ឬប្រភេទរឹង ដូចជាឈើប្រណិតជាដើម។ វាក៏អាស្រ័យលើកម្រាស់សាច់ឈើ និងសមាសភាពផ្សំផ្សេងៗក្នុងការតំឡើងជាគ្រឿងសង្ហារឹមផងដែរ ដូចជាការបន្ថែមសារធាតុ Shellac, Polyurethane និង Lacquers ជាដើម។ នៅក្នុងករណីទាំងនេះ អ្នកត្រូវយកគ្រឿងសង្ហារឹមរបស់អ្នក ទៅជួបអ្នកជំនាញ ដើម្បីជួសជុល ឬផ្លាស់ប្តូរ។

Remove-Water-Stains-From-Wood-Furniture-Tomnerb-02

Remove-Water-Stains-From-Wood-Furniture-Tomnerb-03

ប្រភព: cnet ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018

មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក...

ស្បែកជើងប៉ាតានារី ទាំង5 ធ្វើឲ្យអ្នកដកចិត្តមិនរួច

ដោយ: Belle 6 PM, Thursday, 25 Jan, 2018

ក្នុងឆ្នាំថ្មីនេះ មិត្តនារីៗភាគច្រើនប្រាកដជា មានគម្រោងចង់ទិញកាបូប ខោអាវ ឬ ស្បែកជើងថ្មីៗ ដើម្បីupdate style ខ្លួនឯងឲ្យកាន់តែឡូយមួយកម្រិតទៀត មែនដែរអត...

ចង់ដឹងអត់! ការជូនអាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន មានន័យដូចម្តេច?

ដោយ: ភារុន 9 AM, Friday, 01 Feb, 2019

តាមប្រពៃណីរបស់ជនជាតិចិន ក្នុងអំឡុងពេលចូលឆ្នាំថ្មី គេតែងជូនអាំងប៉ាវ ឱ្យគ្នាទៅវិញទៅមក ដើម្បីជូនពរជ័យ ឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ។ ការជូនអាំងប៉ាវរួមមា...

ចិញ្ចៀន ត្បូងបី

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

មនុស្សកើតមកតែងមានគូរ មិនថាយូរ ឬឆាប់ទេ ប៉ុន្តែការស្វែងរកដៃគូរួមជីវិត មិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលអ្នក ស្វែងរកឃើញមិត្តមួយរយឆ្នាំហើយ អ្នកនឹងចង់រ...

Tomnerb.Com - YouTube Channel