ចូលចិត្តទំនើប

តិចនិចរៀបចំបន្ទប់តូច ឱ្យមើលទៅធំទូលាយ និងមានផាសុកភាព

ដោយ: ភារុន 4 PM, Wednesday, 03 Apr, 2019

នាពេលបច្ចុប្បន្ននេះ ខណៈពេលដែលតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើង ដែលជាហេតុផលធ្វើឱ្យ ការសាងសង់លំនៅដ្ឋាន ត្រូវបានរចនាឡើងទៅជាផ្ទះ មានទំហំតូច ដូចជា ផ្ទះល្វែង អាផាតមិន ឬ បន្ទប់មួយផ្ទាល់ខ្លួនក្នុងផ្ទះដាច់ដោយឡែកជាដើម។ ជាពិសេសអ្នករស់នៅ ដែលមានរបស់របរប្រើប្រាស់ច្រើនផងនោះ ក៏កាន់តែធ្វើឱ្យបន្ទប់រស់នៅ កាន់តែតូចជាងមុនថែមទៀតផងដែរ។ ប៉ុន្តែអ្នកកុំបារម្ភ ថ្ងៃនេះ ទំនើប មានតិចនិចមួយចំនួនសំរាប់តុបតែងផ្ទះ ឬបន្ទប់តូចចង្អៀត ឱ្យមើលទៅធំទូលាយ និងមានផាសុកភាព មកណែនាំជូនប្រិយមិត្តអ្នកអាន តោះ! មកអានជាមួយយើង៖
1. ចេះជ្រើសរើសគ្រឿងសង្ហារឹម
ការជ្រើសរើស និងចេះរៀបចំគ្រឿងសង្ហារឹមឱ្យសក្តិសមនឹងផ្ទះ ឬ បន្ទប់រស់នៅរបស់អ្នក គឺវាដើរតួនាទីដ៏សំខាន់ ពីព្រោះប្រសិនបើបន្ទប់តូច រាល់គ្រឿងសង្ហារឹមទាំងអស់ដូចជា គ្រែ តុ ឬកៅអី គឺមិនត្រូវឱ្យមានទំហំធំពេកនោះទេ។ លើសពីនេះគ្រឿងសង្ហារឹមទាំងនេះ គួរតែជ្រើសរើស ឱ្យវាមានលក្ខណៈអាចបត់បែនបាន ដើម្បីផ្តល់ភាពងាយស្រួលដល់ការរៀបចំតុបតែងនៅក្នុងផ្ទះ ឬបន្ទប់តូចរបស់អ្នកផងដែរ។

2. គ្រឿងសង្ហារឹម មានកម្ពស់ទាប

ការរៀបចំបន្ទប់តូច ដោយប្រើគ្រឿងសង្ហារឹមមានកម្ពស់ទាប គឺអាចធ្វើជួយឱ្យភ្នែករបស់អ្នក សំឡឹកមើលកម្ពស់ទាបជាងមុន ដូច្នេះពិដាននៅក្នុងផ្ទះ ឬបន្ទប់តូចរបស់អ្នក ប្រាកដជាមើលទៅមានកម្ពស់ខ្ពស់ជាងមុន។

3. តុបតែងកំរាលព្រំ ដើម្បីបែងចែកទីតាំងនៃគ្រឿងសង្ហារឹម

ការដាក់កំរាលព្រំទំហំផ្សេងៗគ្នា តម្រូវទៅតាមទីតាំងដាក់គ្រឿងសង្ហារឹម ក៏អាចបំភាន់ភ្នែករបស់អ្នក ឱ្យមើលទៅឃើញថាបន្ទប់មានភាពធំទូលាយជាងមុន។ ម្យ៉ាងទៀតអ្វីដែលសំខាន់ជាងនេះទៅទៀត គឺបន្ទប់របស់អ្នកនឹងមើលទៅមានសណ្ដាប់ធ្នាប់ល្អ មានផាសុកភាព និងមានអនាម័យល្អ គួរឱ្យចង់រស់នៅផងដែរ។

4. កញ្ចក់

ការតំឡើងកញ្ចក់នៅក្នុងបន្ទប់ គឺវាចំណាយពេលវេលាតិច និងងាយស្រួលក្នុងការផ្លាស់ប្តូរចេញ លើសពីនេះកញ្ចក់ក៏ជួយបំភាន់ភ្នែក អ្នកឱ្យមើលទៅផ្ទៃបន្ទប់មានទំហំធំទូលាយជាងមុន។ ដូច្នេះសាកល្បងតំឡើងផ្ទាំងកញ្ចក់នៅនឹង ជញ្ជាំងទូខោអាវ ឬ ប្រើស៊ុមកញ្ចក់សម្រាប់ដាក់ស៊ុមរូបថតព្យួរនៅជញ្ជាំង…ជាដើម។ ម្យ៉ាងទៀតប្រសិនបើអ្នកតំឡើងអំពូលភ្លើងបន្ថែម គឺកាន់តែធ្វើឱ្យបន្ទប់តូចមើលទៅធំជាងមុនថែមមួយកម្រិត ដោយសារតែអំពូលភ្លើងបានឆ្លុះបញ្ចាំង មកលើផ្ទៃកញ្ចក់ទាំងនេះ។

5. បង្អួចកញ្ចក់

នៅពេលពន្លឺធម្មជាតិ ឆ្លុះបញ្ចាំងមកតាមបង្អួចកញ្ចក់ នោះវានឹងជួយធ្វើឱ្យបរិយាកាស នៅក្នុងបន្ទប់តូចមើលទៅធំទូលាយ លើសពីនេះ ទេសភាពនៅខាងក្រៅ ក៏អាចជួយបន្ធូរបន្ថយភាពតានតឹងរបស់អ្នកបានផងដែរ។

6. ព្យូរវាំងនន ឱ្យខ្ពស់

ការព្យូរវាំងននឱ្យខ្ពស់ គឺជាមធ្យោបាយដ៏ល្អបំផុត ដែលជួយឱ្យបន្ទប់តូចមើលទៅធំទូលាយ ដូច្នេះជាជាងការព្យួរវាំងនន ដែលត្រឹមតែបាំងផ្ទាល់នៅលើបង្អួច អ្នកគួរតែតំឡើងវាំងននឱ្យខ្ពស់រហូតដល់ពិដាន ដើម្បីឱ្យបន្ទប់តូចរបស់អ្នកមើលទៅធំទូលាយជាងមុន។ ម្យ៉ាងទៀតពិដាននៅក្នុងបន្ទប់ ក៏មើលទៅកាន់តែមានកម្ពស់ខ្ពស់ជាងមុនផងដែរ ប៉ុន្តែអ្នកត្រូវប្រាកដថាពណ៌វាំងនន ដែលអ្នកជ្រើសរើសនោះ មិនប៉ះពាល់ដល់ពន្លឺ ដែលចាំងមកក្នុងបន្ទប់របស់អ្នកផងដែរ។

7. ធ្នើរកញ្ចក់

ការតំឡើងធ្នើរកញ្ចក់ ដើម្បីរៀបចំទុកដាក់សៀវភៅ វត្ថុតាំងលម្អ ឬរបស់របរផ្សេងៗទៀត គឺជាតិចនិចមួយដែលជួយសន្សំសំចៃទីកន្លែងនៅក្នុងបន្ទប់តូចរបស់អ្នក លើសពីនេះវាក៏ធ្វើឱ្យបន្ទប់នោះមានសណ្តាប់ធ្នាប់ល្អ មិនរញ៉េរញ៉ៃផងដែរ។

8. ការរៀបចំគ្រឿងសង្ហារឹម នៅទីតាំងកាច់ជ្រុងនៃបន្ទប់

តិចនិចនេះ អ្នកអាចមើលឃើញនៅក្នុងរូបភាពហើយ ពិតណាស់ប្រសិនបើអ្នករៀបចំគ្រឿងសង្ហារឹម នៅត្រង់ទីតាំងកាច់ជ្រុង នោះនឹងធ្វើឱ្យបន្ទប់តូចរបស់អ្នក មើលទៅធំទូលាយ និងមានសណ្តាប់ធ្នាប់ជាងមុន។

9. បន្ថែមអំពូលភ្លើង

ភាពងងឹតគឺជាកត្ដាមួយ ដែលធ្វើអោយបន្ទប់មើលទៅកាន់តែតូចចង្អៀត ដូច្នេះអ្នកគួរបន្ថែមអំពូលភ្លើង នៅក្នុងផ្ទះ ឬបន្ទប់តូចរបស់អ្នកគឺវាចាំបាច់បំផុត។ ដូច្នេះអ្នកគួរតែជ្រើសរើសអំពូលភ្លើង LED មកតំឡើង នៅចំកណ្ដាលផ្ទះ ឬបន្ទប់ ឬក៏តំឡើងវាបង្កប់នៅជ្រុងនៃពិដាន ឬក៏ផ្នែកខាងលើ នៃធ្នើររបស់ផ្ទះ ឬបន្ទប់តូចរបស់អ្នក។ ម្យ៉ាងទៀត បើអ្នកតំឡើងអំពូលភ្លើង ចាំងឆ្លុះមកចំជញ្ជាំងផ្ទះ ឬបន្ទប់ នោះវានឹងធ្វើឱ្យផ្ទះ ឬបន្ទប់តូចរបស់អ្នក មើលទៅកាន់តែធំទូលាយជាងមុន។

10. ត្រូវស្វែងយល់បន្ថែម អំពីតិចនិចផ្សេងៗទៀត ក្នុងការរៀបចំបន្ទប់តូចៗ

តិចនិចចុងក្រោយនេះ គឺសាមញ្ញបំផុត ដោយអ្នកគ្រាន់តែស្វែងរកវិធីសាស្រ្តផ្សេងៗ នៅតាមអ៊ីនធឺណិត ដែលទំនងជាអ្នក អាចទទួលបានការណែនាំជាច្រើន ឧទាហរណ៍ដូចជា៖ តុ គឺត្រូវជ្រើសរើសជើងតូចៗ និងមានកង់ ឬអាចបត់បាន ដើម្បីងាយផ្លាស់ទី និងបត់ទុកនៅក្បែរជញ្ជាំងផ្ទះ ឬបន្ទប់តូច។ ហើយសម្រាប់ធ្នើរ គួរតែជ្រើសរើសប្រភេទធ្នើរ បែបច្នៃប្រឌិតឱ្យមានច្រើនថ្នាក់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀបចំរបស់របរបានច្រើន ដើម្បីសន្សំសំចៃទីកន្លែង និងអាចប្រើប្រាស់បានច្រើនសណ្ឋានផងដែរ។ ចំពោះគ្រែ គឺមិនត្រូវជ្រើសរើសយកគ្រែណា ដែលមានទំហំធំហួសហេតុពេកដែរ ពីព្រោះបន្ទប់នឹងមើលទៅចង្អៀត និងខ្ជះខ្ជាយទីតាំង ដូច្នេះគួរជ្រើសរើសគ្រែ ដែលមានថតសម្រាប់រៀបចំទុកដាក់ឥវ៉ាន់នៅផ្នែកខាងក្រោមគ្រែ ឬក៏ជាប្រភេទគ្រែសាឡុង…ជាដើម។ សម្រាប់ទូសម្លៀកបំពាក់ គួរតែជ្រើសរើសជាប្រភេទទូ ច្នៃប្រឌិត ដែលអាចងាយស្រួលក្នុងការរៀបចំ សម្លៀកបំពាក់ ឱ្យមានសណ្ដាប់ធ្នាប់ និងមើលទៅស្រឡះភ្នែកល្អ។ ម្យ៉ាងទៀត គួរជៀសវាងរៀបចំគ្រឿងសង្ហារឹមនៅជិតផ្លូវដើរ ព្រោះវានឹងអាចធ្វើឱ្យផ្ទះ ឬបន្ទប់តូច មើលទៅកាន់តែតូចចង្អៀតថែមទៀត។

ប្រភព: thespruce ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

គំនិតរៀបចំ កន្លែងទុកដាក់សម្ភារៈ ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

បន្ទប់ទឹកជាបន្ទប់ មានទំហំតូចជាងគេនៅក្នុងគេហដ្ឋាន តែវាក៏ទាមទារឱ្យមានការតុបតែង និងគំនិតច្នៃប្រឌិត ដើម្បីឱ្យបន្ទប់ដ៏តូចនេះ មានសណ្តាប់ធ្នាប់ និងភាពស្រស...

ជម្រើស 4 ពណ៌សម្រាប់បន្ទប់គេងដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្រ្តធ្វើឱ្យបន្ទប់គេងរបស់អ្នកបង្កប់ដោយបរិយាកាសស្ងប់សុខ ថ្ងៃនេះ ទំនើប សូមណែនាំជម្រើសនៃការលាបពណ៌ក្នុងបន្ទប់គេង ដែលអាចធ្...

គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្...

ស្ថាបត្យកម្មដ៏ល្អបំផុតទាំង 10 នៅក្នុងរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

អគារជាច្រើនដែលត្រូវបានសាងសង់ឡើងដោយមានស្ថាបត្យកម្មដ៏ល្អប្រណីតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបំផ្លិចបំផ្លាញនៅក្រោមរបបខ្មែរក្រហម ប៉ុន្តែក៏នៅមានអគារមួយច...

Tomnerb.Com - YouTube Channel